BREAKING: សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ជូនក្របខ័ណ្ឌជាយោធិន ដល់សាច់ញាតិបង្កើត របស់យោធិនទាំង២០នាក់ ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់

Posted By: RoogRog Robot | 06-May-2024 15:05:10

2024-05-06 02:02pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រកាសផ្តល់ជូន ក្របខ័ណ្ឌជាយោធិន ដល់សាច់ញាតិបង្កើត របស់យោធិនទាំង២០នាក់ ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។

ការប្រកាសរបស់សម្តេចធិបតី បន្ទាប់ពីសម្តេចបានឃើញសាររបស់យុវជនម្នាក់ ឈ្មោះ ជាសំណាង រស្មីសត្យា ដែលជាកូនប្រុសបង្កើតរបស់រសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ ដែលចង់ចូលបម្រើការងារក្នុងកងទ័ព បន្តវេនពីឪពុករបស់គេ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារដូច្នេះថា <<ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។

មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់>>។

សូមជម្រាបថា ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ បានបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...