អតីតឯកអគ្គរដ្ឋទូតអាមេរិក អះអាងថា តៃវ៉ាន់នឹងទទួលបានការគាំទ្រពីលោក ត្រាំ ប្រសិនបើលោកជាប់ឆ្នោតជាថ្មី

Posted By: RoogRog Robot | 05-May-2024 17:37:35

2024-05-05 04:32pm

(តៃប៉ិ)៖ អតីតអគ្គរដ្ឋទូតអាមេរិកមួយរូប ដែលធ្លាប់ត្រូវបានតែងតាំងដោយលោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា បើតាមការយល់ឃើញរបស់លោក គឺលោកអតីតប្រធានាធិបតីអាមេរិក នឹងផ្តល់ការគាំទ្រយ៉ាងរឹងមាំជាថ្មីម្តងទៀតចំពោះតៃវ៉ាន់ ប្រសិនបើលោកបាន​ត្រឡប់មកកាន់អំណាចនៅសេតវិមានវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤។

តៃវ៉ាន់ដែលត្រូវប្រទេសចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន ទទួលបានការគាំទ្រយ៉ាងរឹងមាំពីសំណាក់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កាលពីចន្លោះឆ្នាំ២០១៧-២០២១ ក្នុងនោះរួមមានទាំងការលក់សព្វាវុធ ដែលបានបន្តរហូតមកដល់ រដ្ឋបាលប្រធានាធីបតី លោក ចូ បៃដិន នាពេលបច្ចុប្បន្ន។ លោក ត្រាំ បាននិយាយទូរស័ព្ទជាមួយ មេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen កាលពីឆ្នាំ២០១៦ ពោលគឺភ្លាមៗ ក្រោយលោកឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក នាពេលនោះ ជាហេតុបង្កឱ្យមានការខឹងសម្បារពីទីក្រុងប៉េកាំង ដ្បិតសហរដ្ឋអាមេរិកជាផ្លូវការ មិនទទួលស្គាល់រដ្ឋាភិបាលតៃវ៉ាន់ឡើយ។

លោក James Gilmore ដែលធ្លាប់ជាឯកអគ្គរដ្ឋទូតរបស់លោក ត្រាំ ប្រចាំអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅតំបន់អឺរ៉ុប បាននិយាយប្រាប់ ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិដូច្នេះថា <<បើតាមការជឿជាក់របស់ខ្ញុំផ្ទាល់ គឺលោក ដូណាល់ ត្រាំ នឹងផ្តល់ការគាំទ្រខ្ពស់ចំពោះតៃវ៉ាន់ ប្រសិនបើលោកក្លាយជាប្រធានាធិបតីម្តងទៀត ដ្បិតរូបលោកបានធ្វើបែបនោះ កាលពីអំឡុងអាណត្តិដំបូងរបស់លោក>>។ លោក Gilmore ស្ថិតក្នុងដំណើរទស្សនកិច្ចនៅឯទីក្រុងតៃប៉ិ ដើម្បីចូលរួមព្រឹត្តិការណ៍របស់វិទ្យាស្ថានស្រាវជ្រាវតៃវ៉ាន់ Center for Asia-Pacific Resilience and Innovation។ អំឡុងទស្សនកិច្ចនេះ លោក Gilmore ក៏នឹងត្រូវជួបលោកស្រី Tsai ផងដែរ ប៉ុន្តែលោកនឹងមិនបានជួបលោក Lai Ching-te ជាមេដឹកនាំជាប់ឆ្នោតតៃវ៉ាន់ ដែលនឹងឡើងកាន់តំណែងបន្តពីលោកស្រី Tsai នៅថ្ងៃទី២០ ខែឧសភា ឡើយ ព្រោះតែបញ្ហាកាលវិភាគ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលគេសន្និដ្ឋានជាបេក្ខជនតំណាងបក្សសាធារណរដ្ឋ នឹងត្រូវជួបតទល់សាជាថ្មីជាមួយលោក បៃដិន ដែលជាតំណាងរបស់បក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធីបតីអាមេរិកអាណត្តិថ្មី ដែលគ្រោងធ្វើឡើងនាខែវិច្ឆិកា ឆ្នាំនេះ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...