វិភាគអន្តរជាតិ៖ ហេតុអ្វីនិស្សិតសាកលវិទ្យាល័យ ធ្វើបាតុកម្មតវ៉ា នៅក្នុងសហរដ្ឋអាមេរិក?

Posted By: RoogRog Robot | 02-May-2024 23:01:27

2024-05-02 09:56pm

(វ៉ាស៊ីនតោន)៖ ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស ផ្ទុះឡើងកាលពីឆ្នាំមុនមក និស្សិតនៅតាមសាកលវិទ្យាល័យនៅទូទាំងសហរដ្ឋអាមេរិក បានចេញដើរធ្វើបាតុកម្ម បង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន។ ខណៈសង្រ្គាមនៅតែបន្តលេបត្របាក់តំបន់ហ្កាហ្សា និងបង្កវិនាសកម្មដល់ជនស៊ីវិល ថ្នាក់ដឹកនាំសាកលវិទ្យាល័យទាំងនោះ បាន និងកំពុងទទួលរង សម្ពាធពីក្រុមសមាជិកតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ ដែលបានស្នើសុំឱ្យពួកគេប្រឹងប្រែងទប់ស្កាត់រាល់សុន្ទរកថា ឬពាក្យសម្ដីទាំងឡាយណា ដែលមានលក្ខណៈ លើកទឹកចិត្ត ឬញុះញង់ឱ្យមានការប្រព្រឹត្តអំពើហិង្សាប្រឆាំងជនជាតិជ្វីហ្វ។

ប៉ុន្តែ ក្រុមអ្នកតវ៉ាបាននិយាយថាការដាក់សម្ពាធបែបនេះគឺមានចេតនាគាបសង្កត់សិទ្ធិសេរីភាពនយោបាយ និងការគំាទ្ររបស់ពួកគេចំពោះបុព្វហេតុប៉ាឡេស្ទីន ប្រឈមមុខនឹង ការចាប់ផ្ដើមបើកការបង្រ្កាបលើក្រុមបាតុករគាំទ្រប៉ាឡេស្ទីន និងរុះរើតង់ដែលត្រូវបានដំឡើងនៅតាមបរិវេណសាកលវិទ្យាល័យដើម្បីធ្វើបាតុកម្មតវ៉ាទាមទារការចង់បានរបស់ពួកគេ។ តួយ៉ាង កាលពីថ្ងៃទី១៨ ខែមេសា នាយិកាសាកលវិទ្យាល័យ Columbia University ក្នុងទីក្រុងញូវយ៉ក បានអំពាវនាវឱ្យប៉ូលិសចុះបង្ក្រាប និងរុះរើតង់របស់ក្រុមបាតុករ ក្នុងបរិវេណ សាកលវិទ្យាល័យ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកស្រីបានសន្យាជាមួយតំណាងរាស្ត្រអាមេរិកថាសាកលវិទ្យាល័យនឹងដាក់ពិន័យលើក្រុមនិស្សិតជាបាតុករ រហូតឈានដល់ ការចាប់ខ្លួនបាតុករ១០០នាក់ នៅយប់ថ្ងៃដដែលនោះ។

ចំណាត់ការក្ដៅនេះមិនអាចបញ្ឈប់បាតុកម្មតវ៉ាបានឡើយ ដោយក្រុមនិស្សិតនៅតាមបណ្ដារដ្ឋផ្សេងទៀតទូទាំងសហរដ្ឋអាមេរិក នាំគ្នាធ្វើបាតុកម្ម និងបោះតង់ នៅតាម សាកលវិទ្យល័យរបស់ពួកគេ ជាការបង្ហាញសាមគ្គីភាពជាមួយក្រុមនិស្សិតដែលត្រូវបានចាប់ខ្លួន។ សូម្បីតែនៅសាកលវិទ្យាល័យ Columbia ក្រុមនិស្សិតជាបាតុករបាននំាគ្នា ដំឡើងតង់សាជាថ្មីច្រើនជាងមុនទៅទៀតផង។ គិតមកទល់នឹងពេលនេះ ប៉ូលិសបានចុះបង្រ្កាប និងរុះរើតង់នៅតាមសាកលវិទ្យាល័យជាង ២០ និងឃាត់ខ្លួនមនុស្សច្រើនជាង ៨០០នាក់ ហើយក្នុងនោះមាននិស្សិតជាច្រើននាក់ត្រូវបានបញ្ឈរជើង ឬក៏រងការព្រមានពីការដាក់ពិន័យ។ តែយ៉ាងណាក៏ដោយ បាតុករជាច្រើននៅតែបន្តធ្វើបាតុកម្មតវ៉ា នៅឡើយ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីបាតុកម្មតវ៉ាដែលកំពុងរាលដាលតាមសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក៖

* ហេតុអ្វីក្រុមនិស្សិតធ្វើបាតុកម្មតវ៉ា?ក្រុមបាតុករបានទាមទារឱ្យបិទបញ្ចប់សង្រ្គាមរបស់អ៉ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ដែលបានសម្លាប់ជីវិតជនជាតិប៉ាឡេស្ទីនជាង ៣៤ ០០០នាក់ហើយ។ ក្រុមបាតុករជានិស្សិត ក៏បានអំពាវនាវផងដែរឱ្យមហាវិទ្យាល័យ និងសាកលវិទ្យាល័យរបស់ពួកគេបញ្ឈប់ការវិនិយោគ ឬកាត់ផ្ដាច់ទំនាក់ទំនងហិរញ្ញវត្ថុជាមួយអ៉ីស្រាអែល ឬក្រុមហ៊ុនណាមួយដែលកំពុង ទទួលផលចំណេញពីការឈ្លានពានរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា។ ការទាមទារ និងវិសាលភាពគឺមានលក្ខណៈខុសៗគ្នា។ ជាឧទាហរណ៍៖ និស្សិតមួយចំនួនមកពី សាកលវិទ្យាល័យ Yale និង Cornell បានទាមទារឱ្យសាលារបស់ពួកគេបញ្ឈប់ការវិនិយោគ នៅតាមបណ្ដាក្រុមហ៊ុនផលិតអាវុធ។ ចំណែក និស្សិតមកពីសាកលវិទ្យាល័យ Columbia ចង់ឱ្យសាលារបស់ពួកគេលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Google ដែលបានចុះកិច្ចសន្យាយ៉ាងសម្បើមជាមួយរដ្ឋាភិបាលអ៉ីស្រាអែល និងក្រុមហ៊ុន Airbnb ដែលចុះបញ្ជី ក្នុងទឹកដីដែលអ៉ីស្រាអែលត្រួតត្រាដោយខុសច្បាប់ ក្នុងតំបន់ West Bank ដែនដីប៉ាឡេស្ទីន។

សកម្មភាពរបស់ក្រុមនិស្សិតទាំងនេះត្រូវបានគេយកទៅប្រដូចនឹងស្ថានការណ៍ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលក្រុមបាតុករតវ៉ាប្រឆាំងនឹងក្រុមហ៊ុនអាមេរិក រកស៊ី ជាមួយអាហ្វ្រិកខាងត្បូងដែលនៅពេលនោះស្ថិតក្រោមការគ្រប់គ្រងដោយរបប apartheid។ នៅពេលនោះ សាកលវិទ្យាល័យ Columbia បានបង្ខំចិត្តលក់ភាគហ៊ុនរបស់ខ្លួន ក្នុងក្រុមហ៊ុនមួយចំនួន ដូចជា Coca-Cola, Ford Motor និងក្រុមហ៊ុន Mobil Oil បន្ទាប់ពីក្រុមបាតុករជានិស្សិតធ្វើបាតុកម្មតវ៉ាអស់ជាច្រើនសប្ដាហ៍។

* ​តើបាតុកម្មតវ៉ាកំពុងធ្វើឡើងនៅទីណាខ្លះ?បាតុកម្មតវ៉ាក្នុងពេលបច្ចុប្បន្ន បានរាលដាលពីសាកលវិទ្យាល័យមួយ ទៅមួយ ក្នុងរួមមានសាកលវិទ្យាល័យ Yale, University of Southern California, Emory University, University of Texas និង University of Minnesota។ មិនតែប៉ុណ្ណោះ នៅតាមបរិវេណសាកលវិទ្យាល័យជាច្រើនក្នុងនោះរួមមានសាកលវិទ្យាល័យ Brown, University of Pennsylvania, Rice University, Virginia Tech និង Emerson College ក្រុមបាតុករជានិស្សិតបានដំឡើងតង់ ឬបោះជំរំមានសណ្ឋានដូចគ្នាទៅនឹងការបោះតង់នៅឯ សាកលវិទ្យាល័យ Columbia ដោយពួកគេបានហៅការបោះតង់នេះថាជា <<ជំរំសាមគ្គីភាពហ្កាហ្សា ឬតំបន់រំដោះ>>។

* តើខាងសាកលវិទ្យាល័យឆ្លើយតបបែបណាចំពោះក្រុមបាតុករ?បាតុករភាគច្រើនបានធ្វើបាតុកម្មដោយសន្តិវិធី ហើយថ្នាក់ដឹកនាំសាកលវិទ្យាល័យភាគច្រើនក៏បានអនុញ្ញាតឱ្យនិស្សិតធ្វើបាតុកម្មផងដែរ។ ប៉ុន្តែ ក្រុមនិស្សិតគាំទ្រអ៉ីស្រាអែល បាននិយាយថាការបោះជំរំរបស់ក្រុមនិស្សិតគាំទ្រប៉ាឡេស្ទីន បាន និងកំពុងដុតបញ្ឆេះគំនិតស្អប់ប្រឆាំងជនជាតិជ្វីហ្វ ហើយថាសាកលវិទ្យាល័យមិនបានប្រឹងប្រែងគ្រប់គ្រាន់ ដើម្បី ការពារសុវត្ថិភាពរបស់ពួកគេ ក្នុងបរិវេណសាកលវិទ្យាល័យនោះឡើយ។ ចាប់តាំងពីមានការបង្ក្រាបលើក្រុមបាតុករនៅឯសាកលវិទ្យាល័យ Columbia មក ប៉ូលិសអាមេរិកបានចុះ ចាប់ខ្លួនមនុស្សជាច្រើននាក់នៅតាមសាកលវិទ្យាល័យដូចជា Washington University , Northeastern University និង Arizona State University ជាដើម។ បាតុករភាគច្រើន ដែលត្រូវបានឃាត់ខ្លួនមិនបានតដៃជាមួយប៉ូលិសទេ ប៉ុន្តែការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករមួយចំនួនកាន់តែឡើងកម្ដៅ រហូតដល់មានសេចក្ដីរាយការណ៍ពីអ្នករងរបួស។ ជាក់ស្ដែង នៅសាកលវិទ្យាល័យ Emory University ប៉ូលិសបានប្រើប្រាស់ <<សារធាតុគីមីបង្កការរលាក>> ដើម្បីបំបែកក្រុមបាតុករ និងចាប់ខ្លួនមនុស្ស ២៨នាក់។

សាកលវិទ្យាល័យផ្សេងទៀត ដូចជាសាកលវិទ្យាល័យ Harvard និង Cornell បានព្យាយាមរកវិធីសាស្ត្រផ្សេងដើម្បីបំបែកហ្វូងបាតុករ។ ជាឧទាហរណ៍ សាកលវិទ្យាល័យ Harvard បានដាក់ចេញការរឹតត្បិតមួយចំនួន ដូចជាការអនុញ្ញាតឱ្យអ្នកមានកាតនិស្សិតប៉ុណ្ណោះចូលក្នុងបរិវេណសាកលវិទ្យាល័យរបស់ខ្លួន ហើយថែមទាំងបានបញ្ឈរជើងក្រុមនិស្សិតគាំទ្រ ប៉ាឡេស្ទីនផងដែរ ដោយអះអាងថាពួកគេបានរៀបចំបាតុកម្មតវ៉ាដោយមិនមានការអនុញ្ញាត។ ចំណែក សាកលវិទ្យាល័យ Cornell បានឱ្យដឹងថាក៏បានបញ្ឈរជើងនិស្សិតគាំទ្រ ប៉ាឡេស្ទីនដែរ តែមិនបានបញ្ជាក់ពីចំនួននោះទេ។ លើសពីនេះទៅទៀត កាលពីសប្ដាហ៍មុន សាកវិទ្យាល័យ University of Southern California បានលុបចោលពិធីប្រគល់ សញ្ញាប័ត្រ ដោយបញ្ជាក់ពីបញ្ហាសន្តិសុខ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ទី៣០ ខែមេសា ថ្នាក់ដឹកនាំសាកលវិទ្យាល័យ Brown University និងក្រុមបាតុករ បានឈានដល់ការឯភាពគ្នារុះរើតង់ដែលពួកគេបានដំឡើង ចាប់តាំងពីថ្ងៃទី២៤ ខែមេសាមក ដោយភ្ជាប់ជាមួយលក្ខខណ្ឌថាគណៈប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Brown នឹងធ្វើការបោះឆ្នោតមួយស្ដីពីការដកការវិនិយោគចេញពីក្រុមហ៊ុន ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល អំឡុងកិច្ចប្រជុំមួយដែលនឹងត្រូវធ្វើឡើងនៅខែតុលាឯណោះ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...