សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ១០ចំណុចដល់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា

Posted By: RoogRog Robot | 02-May-2024 16:53:10

2024-05-02 03:45pm

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ព្រឹត្តទៅក្រោម ប្រធានបទ <<សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន>> បានផ្តល់អនុសាសន៍ចំនួន ១០ចំណុចដល់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌ និងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន គួបផ្សំនឹងតម្រូវការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឆ្លើយតបនឹងការវិវត្តនៃសង្គមជាតិ។

អនុសាសន៍ទាំង៥ចំណុចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ក្រសួងព័ត៌មាន រួមមាន៖ * ទី១៖ លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សានូវក្រមសីលធម៌ និងគុណភាពការងារ

* ទី២៖ បន្តពិនិត្យលិខិតបទដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយ ដែលនៅជាធរមាន ដើម្បីធ្វើវិសោធនកម្ម ឬរៀបចំថ្មីក្នុងគោលបំណងឆ្លើយតបនឹងការវិវត្តនៃសង្គម និងត្រូវលើកកម្ពស់ការអនុវត្តច្បាប់ ក្នុងវិស័យសារព័ត៌មាន ដើម្បីរក្សាសណ្តាប់ធ្នាប់នៃវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ

* ទី៣៖ រៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីកំណត់នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីក្រមសីលធម៌ អ្នកសារព័ត៌មាន ដែលជាការលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈ

* ទី៤៖ រៀបចំកំណត់គោលការណ៍ណែនាំ ស្តីពីការផលិតមាតិកា និងការផ្សព្វផ្សាយរបស់អ្នកកាសែត ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យ លើបណ្តាញសង្គម

* ទី៥៖ រៀបចំមូលនិធិគាំទ្រដំណើរការកសាង និងអភិវឌ្ឍសមត្ថភាពរបស់សមាជិក សមាគមអ្នកសារព័ត៌មាន និងលើការគាំពារ និងលើកកម្ពស់វិជ្ជាជីវៈ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍មួយចំនួន ជូនដល់បងប្អូនអ្នកសារព័ត៌មាន ដូចខាងក្រោម៖* ទី១៖ បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន

* ទី២៖ ផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយរាល់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល

* ទី៣៖ ផ្សព្វផ្សាយអប់រំដល់សាធារណជន អំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម

*ទី៤៖ បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាពគ្រប់ជ្រុងជ្រោយ

* ទី៥៖ បណ្តុះបណ្តាលសមត្ថភាពជំនាញទាំងបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...