រដ្ឋមន្រ្តីក្រសួងវប្បធម៌ អញ្ជើញផ្ទេរតំណែងប្រធានសមាគមសិល្បករខ្មែរ ជូនលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន

Posted By: RoogRog Robot | 02-May-2024 16:53:10

2024-05-02 03:51pm

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសចូលរួមជាអធិបតីក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួងស្ថាប័ន ព្រមទាំងសិល្បករ សិល្បការិនីសរុបជាង ៦០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានថ្លែងថា ក្នុងនាមជាអាណាព្យាបាលសម្រាប់អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ លោកស្រីពិតជាមានសេចក្តីរីករាយ ដោយឃើញអំពីការរួបរួមជាធ្លុងមួយរបស់អ្នកសិល្បៈទាំងអស់ដើម្បីបម្រើអាជីពខ្លួនផង ដើម្បីបម្រើសង្គមផង និងដើម្បីបម្រើសិល្បៈដ៏ថ្លៃថ្លារបស់ជាតិផង។

លោកស្រី បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏ល្អរបស់លោកស្រី ចន ច័ន្ទលក្ខិណា ដែលបានធ្វើឲ្យសមាគមសិល្បករខ្មែរក្លាយជាតំណាងនៃការរួបរួមសិល្បៈជាតិ ហើយសង្ឈឹមថា លោកស្រីនឹងបន្តរួមចំណែកផ្តល់ការជួយជ្រោមជ្រែងសមាគមនេះ និងជារៀមច្បងគំរូដល់យុវជនជំនាន់ក្រោយ។ ជាមួយនេះ លោកស្រីរដ្ឋមន្ត្រី បានអបអរសារ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបាននូវតួនាទីថ្មីបន្ថែមទៀត និងសូមជូនពរឲ្យទទួលបានជោគជ័យក្នុងការដឹកនាំសមាគមសិល្បករខ្មែរឆ្ពោះទៅរកទំព័រថ្មី នៃភាពសកម្មរបស់សមាគម។

សូមបញ្ជាក់ជូនថា ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ បានរៀបចំធ្វើនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតជាសិល្បករសិល្បការិនីជាង៦០០នាក់ តំណាងសិល្បករទូទាំងប្រទេស បានបោះឆ្នោតគាំទ្រ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន លើសំឡេង ៩៣ភាគរយ នៃសំឡេងឆ្នោតសរុប៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...