UPDATE:​ អ្នកស្លាប់ក្នុងហេតុការណ៍បាក់ស្រុតផ្លូវ នៅភាគខាងត្បូងប្រទេសចិន កើនដល់៣៦នាក់

Posted By: RoogRog Robot | 02-May-2024 09:48:14

2024-05-02 08:45am

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា បានរាយការណ៍ថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ស្រុតកំណាត់ផ្លូវហាយវេមួយខ្សែ នៅខេត្ត Guangdong ភាគខាងត្បូងនៃប្រទេសចិន កាលពីថ្ងៃពុធម្សិលមិញបានកើនដល់៣៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានឱ្យដឹងថា ផ្នែកមួយនៃផ្លូវហាយវេខាងលើ ស្ថិតនៅរវាងទីក្រុង Meizhou និងស្រុក Dabu ក្នុងខេត្ត Guangdong បានបាក់ស្រុត កាលពីវេលា ម៉ោងប្រមាណ ២៖១០នាទីរំលងអធ្រាត្រថ្ងៃពុធនេះ។ ឧបទ្ទវហេតុនោះ បានបង្កឱ្យយានយន្ត២០គ្រឿងត្រូវជាប់គាំង ហើយប៉ះពាល់ដល់មនុស្សសរុប៥៤នាក់។ Xinhua បានគូសបញ្ជាក់ដូច្នេះថា <<គិតត្រឹម ម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី២ ខែឧសភា មានមនុស្ស៣៦នាក់ បានស្លាប់ ខណៈ៣០នាក់រងរបួស>>។

គួរបញ្ជាក់ថា មូលហេតុនៅពីក្រោយការបាក់ស្រុតកំណាត់ផ្លូវហាយវេ S12 ត្រូវបានបញ្ជាក់ថាបង្កឡើងដោយគ្រោះធម្មជាតិបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង។ ប៉ុន្មានសប្តាហ៍មក​នេះ ខេត្ត Guangdong ត្រូវគេសង្កេតឃើញថា បានទទួលរងបាតុភូតអាកាសធាតុអាក្រក់ៗជាបន្តបន្ទាប់ រាប់ចាប់តាំងពីគ្រោះទឹកជំនន់ រហូតដល់ខ្យល់​ព្យុះថូណេដូ៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...