ក្រុមការងារក្រសួងធនធានទឹក និងអាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពករណីចាក់ថ្មទប់ច្រាំងទន្លេក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ

Posted By: RoogRog Robot | 01-May-2024 16:13:03

2024-05-01 03:11pm

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារ នៃក្រសួងធនធានទឹក និងឧតុនិយមដឹកនាំដោយលោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និងក្រុមការងាររដ្ឋបាលខេត្តកំពង់ចាមដឹកនាំដោយលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត បានចុះពិនិត្យអំពីស្ថានភាពករណីចាក់ថ្មច្រាំងទន្លេ នៅចំណុចភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ករណីចាក់ថ្មច្រាំងទន្លេនៅទីតាំងខាងលើ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោក ស្រី សុភ័ក្រ្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យឃើញថា ការចាក់ថ្មច្រាំងទន្លេនេះមានប្រវែងបណ្តោយច្រាំង ១៦៥ម៉ែត្រ ជម្រាលច្រាំង១០ម៉ែត្រ និង១៦ម៉ែត្រ ដែលផ្នែកខាងក្រោមចាក់ថ្មទប់ជម្រាលលយចូលក្នុងទឹក។

សំណង់នេះធ្វើឡើងពុំបានសុំច្បាប់ជាលាយលក្ខណ៍អក្សរទេ តែបានសុំផ្ទាល់មាត់ត្រឹមលោកមេឃុំមានជ័យ សំណង់ត្រូវបានចាប់ផ្តើមម្តងបន្តិចៗ រហូតដល់ចប់សកម្មភាពទាំងស្រុងនៅក្នុងខែមករា ឆ្នាំ២០២៤ កន្លងទៅ។ រីឯម្ចាស់ទីតាំង បានបញ្ជាក់ពីគោលបំណង នៃការចាក់ថ្មនេះ គឺដើម្បីការពារទប់ច្រាំងទន្លេកុំឲ្យបាក់បន្តទៀត។

យ៉ាងនោះក្តីជាវិធានការរដ្ឋបាល ក្រុមការងារបានតម្រូវឲ្យម្ចាស់ទីតាំងបញ្ឈប់សកម្មភាពចាក់ថ្មបន្តទៀត និងរង់ចាំលទ្ធផល នៃការចុះសិក្សា វាយតម្លៃរបស់ក្រសួងធនធានទឹកនិងឧតុនិយម អំពីលក្ខណៈបច្ចេកទេស និងផលប៉ះពាល់។

លោក ឈុន ពុទ្ធារិទ្ធ អគ្គនាយកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ករណីចាក់ថ្មទប់ច្រាំងទន្លេនេះ ក្រុមការងាររបស់លោកបានចុះពិនិត្យផ្ទាល់ ដើម្បីធ្វើរបាយការណ៍លម្អិតដាក់ជូន លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ដើម្បីជូនជ្រាប អំពីស្ថានភាពពិតប្រាកដនៅតំបន់នេះ។

លោក ឈុន ពុទ្ធារិទ្ធ បានបន្តថា <<ក្រុមការងារបច្ចេកទេស និងធ្វើការប្រៀបធៀប ពីស្ថានភាពបច្ចុប្បន្ន និងឆ្នាំមុនៗ អំពីការបាក់ច្រាំងទន្លេនៅតំបន់នេះផងដែរ ដើម្បីចូលរួមផ្នែកបច្ចេកទេស ធ្វើឱ្យទន្លេមានរបបទឹក ចរន្តទឹក ជលសាស្ត្រ ហើយនិងជលវិទ្យា សិក្សាឲ្យបានត្រឹមត្រូវ ឱ្យមានលំហូរតាមបែបធម្មជាតិរបស់វា ចៀសវាងការចាក់ថ្មទប់ច្រាំងទន្លេ ដោយខ្វះបច្ចេកទេស ធ្វើឱ្យមានការបាក់ច្រាំងទន្លេបន្តទៅទៀត ដែលប៉ះពាល់ដល់ផលសេដ្ឋកិច្ច និងធ្វើឲ្យបាត់បង់លំនៅឋានរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ>>៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...