រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី ចេញបញ្ជាឱ្យទិញអាវុធបន្ថែម សម្រាប់ការធ្វើសង្រ្គាមនៅអ៊ុយក្រែន

Posted By: RoogRog Robot | 01-May-2024 15:44:44

2024-05-01 02:38pm

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសនៅថ្ងៃពុធនេះថា លោករដ្ឋមន្រ្តី Sergei Shoigu បានបញ្ជាឱ្យទិញអាវុធបន្ថែមទៀត និងឱ្យបានឆាប់ សម្រាប់បម្រើដល់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ ២០២៤។

ក្នុងកិច្ចប្រជុំជាមួយមេបញ្ជាការយោធាកំពូលៗ ដែលទទួលបន្ទុកសង្រ្គាមនៅអ៊ុយក្រែន ប្រមុខកងកម្លាំងប្រដាប់អាវុធរុស្ស៉ី លោក Valery Gerasimov បានធ្វើសេចក្តីរាយការណ៍ជូន លោក Shoigu។ ស្របពេលដែល ទីក្រុងកៀវ កំពុងបន្ទោសលើការខ្វះខាតអាវុធ កងកម្លាំងរុស្ស៉ីសម្រេចបាននូវការជឿនលឿនស្ទើរតែរាល់ថ្ងៃ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅតាមបណ្តោយជួរមុខ ភាគអាគ្នេយ៍អ៊ុយក្រែន។ លោក Shoigu ត្រូវបានដកស្រង់សម្តីថា <<ដើម្បីរក្សាល្បឿននៃតម្រូវការវាយលុក ... ចាំបាច់ត្រូវបង្កើនបរិមាណ និងគុណភាពនៃអាវុធ ក៏ដូចជាសម្ភារៈយោធាសម្រាប់កងទ័ព ហើយជាចម្បងនោះគឺអាវុធ>>។

គួរបញ្ជាក់ថា រុស្ស៉ី ដែលហៅសង្រ្គាមរបស់ខ្លួនថាជាប្រតិបត្តិការយោធាពិសេស ពេលនេះគ្រប់គ្រងប្រហែលមួយភាគប្រាំ នៃទឹកដីរបស់អ៊ុយក្រែន ហើយភាគច្រើនដណ្តើមបានកាលពីដើមដំបូងនៃសង្រ្គាម កាលពីខែកុម្ភៈ ឆ្នាំ២០២២៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...