រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ រំពឹងថា ការពង្រីកប្រតិបត្តិការហោះហើររបស់ Air Asia នឹងបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ជាពិសេសទីផ្សារចិន

Posted By: RoogRog Robot | 01-May-2024 11:18:18

2024-05-01 10:14am

(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រំពឹងថា ការពង្រីកប្រតិបត្តិការហោះហើរ ជាបន្តបន្ទាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់ នឹងបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ជាពិសេសទីផ្សារចិនមកកម្ពុជា។

ការថ្លែងរបស់ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា បានដាក់ផែនការក្នុងការពង្រីក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ទៅ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ដែលមានតម្លៃសមរម្យ។

ថ្លែងក្នុង <<ពិធីបើកសម្ពោធជាផ្លូវការ របស់ក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា និងបើកដំណើរការហោះហើរ ក្នុងស្រុករបស់ក្រុមហ៊ុនលើកដំបូង>> នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា ការបើកសម្ពោធជាផ្លូវការ របស់ក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា និងការបើកដំណើរការហោះហើរក្នុងស្រុក របស់ក្រុមហ៊ុនលើកដំបូង>> ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ ជាមួយនឹងការផ្តល់នូវលក្ខណៈងាយស្រួលដល់ភ្ញៀវ ជាអ្នកដំណើរជាតិ និងអន្តរជាតិ តាមរយៈការតភ្ជាប់ការហោះហើរក្នុងតំបន់ ហើយនឹងធ្វើឱ្យមានការហោះហើរត្រង់បន្ថែមទៀត ទៅកាន់ទីផ្សារចិន និងគ្រប់តំបន់នៅលើសាកលលោក មកកាន់ប្រទេសកម្ពុជា។

លោកបានថ្លែងអបអរសារទរ ចំពោះការបើកដំណើរការហោះហើរក្នុងស្រុក របស់ក្រុមហ៊ុនលើកដំបូង ដែលជាបំណងប្រាថ្នារបស់ខ្លួនលើចក្ខុវិស័យ និងទស្សនទាន ក្នុងការពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ជាមួយនឹងការផ្តល់នូវលក្ខណៈងាយស្រួលដល់ភ្ញៀវ ជាអ្នកដំណើរជាតិ និងអន្តរជាតិ តាមរយៈការព្យាយាមធ្វើឱ្យមានការតភ្ជាប់ ការហោះហើរក្នុងតំបន់ និងធ្វើឱ្យមានការហោះហើរត្រង់បន្ថែមទៀត ទៅកាន់ទីផ្សារចិន និងគ្រប់តំបន់នៅលើសាកលលោក មកកាន់ប្រទេសកម្ពុជា។

លោកមានប្រសាសន៍ថា <<យោងតាមរបាយការណ៍បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ AirAsia ទាំង០៧ក្រុមហ៊ុន នៅក្នុងបណ្តាប្រទេសទាំង០៥ មានប្រទេសម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងកម្ពុជា មានយន្តហោះចំនួន ២២០គ្រឿង ដែលកំពុងដំណើរការជើងហោះហើររបស់ខ្លួន ទៅកាន់១៣០គោលដៅ។ ដោយឡែកក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា បានប្តេជ្ញា ក្នុងការពង្រីក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ទៅ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ដែលមានតម្លៃសមរម្យ តាមរយៈយុទ្ធសាស្ត្ររួមគ្នា ដោយហោះត្រង់ពីពកម្ពុជា ទៅប្រទេសកូរ៉េ និងឥណ្ឌា ព្រមទាំងពង្រីកជើងហោះហើរ ទៅបណ្តាប្រទេសនានា ដូចជា អូស្រ្តាលី ឥណ្ឌូនេស៊ី និងជប៉ុន តាមរយៈការហោះហើរឆ្លងកាត់ ដែលស្ថិតនៅក្នុងបណ្តាញក្រុមហ៊ុន អ៊ែរអេស៊ា អេវីអេសិន គ្រុប (Air Asia Aviation Group) ហើយក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា បានធ្វើការយ៉ាងសកម្ម ជាមួយភ្នាក់ងារលក់សំបុត្រយន្តហោះ ដើម្បីពង្រីកការហោះហើរជាលក្ខណៈឯកជន (Charter) និងស្វែងរកឱកាសបន្ថែម សម្រាប់ពង្រីកការដឹកជញ្ជូនទំនិញ (Cargo) តាមផ្លូវអាកាសពីបណ្តាប្រទេសអាទិភាព មកកម្ពុជា ព្រមទំាងការនំាចេញពីប្រទេសកម្ពុជាត្រឡប់ទៅវិញផងដែរ>>។

លោក ណម វិស្សុតនាយកប្រតិបត្តិនៃក្រុមហ៊ុនអ៊ែរអេស៊ា ខេមបូឌា បានថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដេ្ឋមន្រ្តីនៃកម្ពុជា ចំពោះការគាំទ្រដល់ AirAsia Cambodia ក្នុងការបើកប្រតិបត្តិការហោះហើរក្នុងស្រុក ដែលការគាំទ្រនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា របស់ AirAsia Cambodia ក្នុងការធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល សម្រាប់ប្រជាជនកម្ពុជា។

លោកបន្តថា ទេសចរណ៍ គឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស ដែលជាសមាជិកអាស៊ានទាំងអស់ និងសម្រាប់ប្រទេសកម្ពុជា ដោយវិស័យទេសចរណ៍គឺជាចំណុចស្នូលនៃកំណើនសេដ្ឋកិច្ច និងការងាររបស់ប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ សក្ដានុពលនេះត្រូវបានរារាំង ដោយការចំណាយខ្ពស់នៃការធ្វើដំណើរ។

លោកបន្តថា <<បេសកកម្មរបស់យើង ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាប នឹងលើកទឹកចិត្ត និងរួមចំណែកដល់ឧស្សាហកម្មទេសចរណ៍ ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាជននៅក្នុងតំបន់ និងលើសពីនេះ>>។

លោកបន្ថែមថា ជាមួយនឹងការចាប់ផ្តើមរបស់ក្រុមហ៊ុន AirAsia Cambodia នឹងគាំទ្រដល់ការរីកចម្រើនក្នុងវិស័យអាកាសចរ ដែលជាវិស័យសំខាន់មួយ និងផ្តល់នូវផ្តល់ថ្លៃសំបុត្រយន្តហោះ ដែលមានតម្លៃល្អបំផុត ជាមួយនឹងសេវាកម្មល្អបំផុតរបស់ពិភពលោក។

សូមជម្រាបថា ក្រុមហ៊ុន AirAsia Cambodia នឹងចាប់ផ្តើមប្រតិបត្តិការដឹកអ្នកដំណើរជាផ្លូវការ ចាប់ពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា នឹងធ្វើការហោះហើរទៅមករវាងភ្នំពេញ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...