គណៈប្រតិភូអគ្គនាយកដ្ឋានពន្ធដារ ចេញទៅឈ្វេងយល់ពីដំណើរការប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ពកូដនៅបាតកំប៉ុង និងលើគម្របដបស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ដែលជាប់អាករពិសេស នៅប្រទេសថៃ

Posted By: RoogRog Robot | 30-Apr-2024 16:34:39

2024-04-30 03:32pm

(ភ្នំពេញ)៖ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំដោយលោក លីម ហ៊ុយជីវ និងលោក លីម ដឺលុច

អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងរបស់លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អមដំណើរដោយលោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ចាប់ពីថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០២៤ បានបំពេញទស្សនកិច្ចនៅប្រេថៃ ដើម្បីសិក្សាឈ្វេងយល់អំពីដំណើរការ នៃការប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ពកូដ (Direct Coding System) នៅបាតកំប៉ុង និងលើគម្របដបស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាផលិតក្នុងស្រុក ដែលជាប់អាករពិសេស។

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានធ្វើឡើងតាមការអញ្ជើញរួមគ្នារបស់ក្រុមហ៊ុន SICPA TH និងក្រុមហ៊ុន SAMART ដែលជាសហភ្នាក់ងាររបស់នាយកដ្ឋានអាករពិសេសប្រទេសថៃ ក្នុងការផ្គត់ផ្គង់ ដំឡើង ត្រួតពិនិត្យ និងថែទាំបច្ចេកវិទ្យាបោះពុម្ពកូដ (Direct Coding System) នៅបាតកំប៉ុង និងលើគម្របដបស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា នៅតាមបណ្តារោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុក។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ពីតំណាងក្រុមហ៊ុន SICPA TH ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SICPA Product Security Sdn Bhd និងតំណាងក្រុមហ៊ុន SAMART ដែលជាក្រុមហ៊ុនបច្ចេកទេសក្នុងការដំឡើង និងត្រួតពិនិត្យបច្ចេកវិទ្យាបោះពុម្ពកូដនៅបាតកំប៉ុង និងលើគម្របដបស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា រួមជាមួយតំណាងនាយកដ្ឋានអាករពិសេសរបស់ថៃផងដែរ។

គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ បានជួបប្រជុំជាមួយលោក Prayoot Settaphirom អគ្គនាយករងនៃនាយកដ្ឋានអាករពិសេសរបស់ថៃ និងបានឈ្វេងយល់ពីវឌ្ឍនភាព និងបច្ចុប្បន្នភាពនៃកម្មវិធីកំណែទម្រង់របស់នាយកដ្ឋានអាករពិសេសរបស់ថៃ លើប្រព័ន្ធគ្រប់គ្រង និងមធ្យោបាយនៃការគ្រប់គ្រងការប្រមូលចំណូលអាករពិសេស ស្របទៅតាមការប្រែប្រួលឥតឈប់ឈរ និងកាលៈទេសៈ ក៏ដូចជាលទ្ធផលជោគជ័យគួរជាទីពេញចិត្ត នៃការសម្រេចរបស់រាជរដ្ឋាភិបាលថៃ និងនាយកដ្ឋានអាករពិសេស ក្នុងការទទួលយកនូវការប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ពកូដ (Direct Coding System) នៅបាតកំប៉ុង និងលើគម្របដបស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាផលិតក្នុងស្រុក ដែលជាជម្រើស និងដំណោះស្រាយដ៏ល្អប្រសើរទាន់សម័យ និងស្របតាមនិន្នាការពិភពលោក។

លោកអគ្គនាយករង Prayoot Settaphirom បានលើកឡើងថា ចាប់ពីឆ្នាំ១៩៦៤ វិធីសាស្រ្តនៃការគ្រប់គ្រងការប្រមូលចំណូលអាករពិសេស ពីផលិតផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុក គឺប្រើប្រាស់តែមប្រិ៍អាករ និងចាប់ពីឆ្នាំ១៩៨៣ ត្រូវបានប្តូរពីការប្រើប្រាស់តែមប្រិ៍អាករទៅប្រព័ន្ធ Flowmeter។

លោកអគ្គនាយករង Prayoot Settaphirom ក៏បានបញ្ជាក់អះអាងបន្ថែមទៀតថា តាមរយៈនៃការប្តូរពីការប្រើប្រាស់ប្រព័ន្ធ Flowmeter មកប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ពកូដនៅបាតកំប៉ុង និងលើគម្របដបស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាផលិតក្នុងស្រុកពីឆ្នាំ២០២២មក។

នាយកដ្ឋានអាករពិសេសថៃ មិនត្រឹមតែសម្រេចបាននូវកំណើនចំណូលអាករពិសេស គួរជាទីកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំប៉ុណ្ណោះទេ គឺថែមទាំងបានជួយបង្កើតបរិយាកាសប្រកួតប្រជែងស្មើភាព (Creation of a Level Playing Field) រវាងផលិតករផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាផលិតក្នុងស្រុក ក៏ដូចជាបានរួមចំណែកជួយទប់ស្កាត់ និងកាត់បន្ថយផលិតផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្លែងក្លាយ និងរត់ពន្ធនៅក្នុងទីផ្សារផងដែរ។

ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានចោទសួរនូវសំណួរពាក់ព័ន្ធទៅនឹងការរៀបចំ កែសម្រួលគោលនយោបាយ និងគោលការណ៍ច្បាប់ ក៏ដូចជាសំណួរពាក់ព័ន្ធជាមួយនឹងបញ្ហាបច្ចេកទេស និងនីតិវិធីប្រតិបត្តិនានាជុំវិញការប្តូរពីការប្រើប្រាស់ប្រព័ន្ធ Flowmeter មកការប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ពកូដ (Direct Coding System) នៅបាតកំប៉ុង និងលើគម្របដបស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាផលិតក្នុងស្រុក ដែលជាប់អាករពិសេស។

ជារួម ទាំងតំណាងនាយកដ្ឋានអាករពិសេស តំណាងក្រុមហ៊ុន SICPA TH និងក្រុមហ៊ុន SAMART បានលើកឡើងជាសង្ខេបថា ពាក់ព័ន្ធទៅនឹងការរៀបចំ កែសម្រួលគោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការប្តូរពីប្រព័ន្ធ Flowmeter មកការប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ពកូដ (Direct Coding System) នៅបាតកំប៉ុង និងលើគម្របដបស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាផលិតក្នុងស្រុក គឺពុំមានបញ្ហាប្រឈមអ្វីជាធំនោះទេ ដោយហេតុថា រាជរដ្ឋាភិបាលថៃ យល់ច្បាស់អំពីនិន្នាការប្រែប្រួលល្អប្រសើរនៃវិស័យបច្ចេកវិទ្យា ព្រមទាំងមានជំនឿជឿជាក់លើប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃមុខងាររបស់បច្ចេកវិទ្យាទំនើប។

ពាក់ព័ន្ធទៅនឹងបញ្ហាបច្ចេកទេស និងនីតិវីធីប្រតិបត្តិការផ្ទាល់ ក៏ពុំមានកត្តាប្រឈមអ្វីជាដុំកំភួនដែរ ដោយហេតុថា បច្ចេកវិទ្យាបោះពុម្ពកូដ (Direct Coding System) នៅបាតកំប៉ុង និងលើគម្របដបស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាផលិតក្នុងស្រុក ជាដំណោះស្រាយទំនើបទាន់សម័យ គឺមិនត្រឹមតែជួយកាត់បន្ថយនូវភាពស្មុគស្មាញ និងដំណើរអូសបន្លាយជាច្រើនដំណាក់កាល ពីចំណុចផលិតផលិតផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាផលិតក្នុងស្រុក រហូតដល់ចំណុចបង់អាករពិសេសប៉ុណ្ណោះទេ គឺថែមទាំងមានតម្លាភាព និងអាចព្យាករចំណូលអាករពិសេសបានល្អប្រសើរទៀតផង។

ក្រៅពីការជួបពិភាក្សាជាមួយតំណាងនាយកដ្ឋានអាករពិសេសថៃ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ក៏ត្រូវបានអញ្ជើញឱ្យចុះពិនិត្យ និងសិក្សាឈ្វេងយល់អំពីការគ្រប់គ្រង និងដំណើរប្រតិបត្តិការ នៃបច្ចេកវិទ្យាបោះពុម្ពកូដនៅបាតកំប៉ុង និងលើគម្របដបស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា តាមបណ្តាខ្សែច្រវាក់ផលិតកម្មនៅទីតាំងរោងចក្រផលិតស្រាបៀរ Thai Asia Pacific (Heineken) និងទីតាំងរោងចក្រ Singha Brewery ដោយផ្ទាល់ផងដែរ។

តាមរយៈដំណើរទស្សនកិច្ចរោងចក្រផ្ទាល់នេះ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ បានពិនិត្យឃើញ និងឈ្វេងយល់ថា បច្ចេកវិទ្យាបោះពុម្ពកូដនៅបាតកំប៉ុង និងលើគម្របដបស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា គឺពិតជាបច្ចេកវិទ្យាមួយដែលប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀត នៅលើពិភពលោកបាន និងកំពុងប្រើប្រាស់ប្រកបដោយជោគជ័យ ក្នុងការគ្រប់គ្រងផលិតផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាផលិតក្នុងស្រុក ក៏ដូចជាការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការគ្រប់គ្រងការប្រមូលចំណូលអាករពិសេស ពីផលិតផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ដែលបច្ចេកវិទ្យានេះគួរតែក្លាយជាជម្រើសដ៏ល្អ សម្រាប់កម្ពុជានៅថ្ងៃអនាគត។

ដំណើរទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃនេះ បានបញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសស្និទ្ធស្នាល ប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីពេញចិត្ត៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...