លោកបណ្ឌិត ឈាង វណ្ណារិទ្ធ៖ ពិភពលោកកំពុងឈានទៅរកស្ថានភាពគ្រោះថ្នាក់បំផុត តាំងពីសង្គ្រាមលោកលើកទី២ ខណៈដុំភ្លើង២ ក្នុងចំណោម៥ កំពុងឆាបឆេះ (Video inside)

Posted By: RoogRog Robot | 30-Apr-2024 16:29:24

2024-04-30 03:27pm

(ភ្នំពេញ)៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិ បានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកកំពុងឈានទៅរកស្ថានភាពគ្រោះថ្នាក់បំផុត តាំងពីសង្គ្រាមលោកលើកទី២ ខណៈដុំភ្លើងចំនួន២ ក្នុងចំណោម៥ កំពុងឆាបឆេះ។

លោកបណ្ឌិតថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសរាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូល ស្តីពី៖ <<ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា>> ដើម្បីឆ្លើយតបនឹងភាពតានតឹងដែលកំពុងតែឡើងកម្ដៅខ្លាំង នៅតំបន់មជ្ឈិមបូព៌ា។

បើតាមលោកអ្នកវិភាគរូបនេះ ជម្លោះអ៉ីស្រាអែល និងអ៉ីរ៉ង់ ជាដុំភ្លើងទី១ ហើយជម្លោះរុស្ស៉ី និងអ៊ុយក្រែន ជាដុំភ្លើងទី២ តែដុំភ្លើងដែលលោកមើលឃើញខ្លាំង គឺនៅអាស៉ីប៉ាស៉ីហ្វិក ដែលជាជម្លោះសមុទ្រចិនខាងត្បូង។ ដុំភ្លើងផ្សេងទៀត គឺបញ្ហាឧបទ្វីបកូរ៉េ ជាដុំភ្លើងទី៤ និងបញ្ហាឥណ្ឌា និងប៉ាគីស្ថាន ជាដុំភ្លើងទី៥។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បន្ថែមថា ដុំភ្លើង ចំនួន ២បានឆេះហើយ បើដុំភ្លើង ៣ទៀតឆេះ ពិភពលោកនឹងឆេះទាំងអស់។ លោកថ្លែងដែរថា ដុំភ្លើងនៅមជ្ឈិមបូព៌ា ជាដុំភ្លើងមួយនាំឱ្យពិភពលោក​ស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា <<ពិភពលោកយើង កំពុងតែស្ថិតនៅក្នុងបរិបទ ឈានទៅដល់ហៅថា ទសវត្សរ៍មួយគ្រោះថ្នាក់បំផុត តាំងពីសង្គ្រាមលោកលើកទី២ មក។ បើអ្នកសិក្សាពីសង្គ្រាមត្រជាក់មកដល់នេះ កាលៈទេសៈនេះគ្រោះថ្នាក់បំផុត ក្រោយពីសង្គ្រាមលោកលើកទី២ ហើយស្មុគស្មាញជាងសង្គ្រាមត្រជាក់ចាស់ ដោយសារតែភាពពាក់ព័ន្ធនៃតួអង្គ និងបញ្ហាវាចាក់ស្រេះខ្លាំងជាងសម័យត្រជាក់>>។

លោកបានបន្តថា សម័យត្រជាក់មានប៉ូល ២ច្បាស់លាស់ គឺប៉ូលកុម្មុយនីស្ត និងប៉ូលសេរី ហើយគេធ្វើពាណិជ្ជកម្ម ក្នុងប្លុករៀងៗខ្លួន។ ឥលូវសមាហរណកម្មពិភពលោក វាពិបាកបែងចែក សូម្បីតែសម្ព័ន្ធមិត្តអាមេរិក សុទ្ធតែជាភាគីសំខាន់របស់ចិនទាំងអស់ អីចឹងវាស្មុគស្មាញមែនទែន នៅក្នុងបរិបទនេះ៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...