ចិនថា ក្រុមប៉ាឡេស្ទីន Hamas និង Fatah ដែលជាគូប្រជែង បានជួបពិភាក្សាគ្នា នៅទីក្រុងប៉េកាំង

Posted By: RoogRog Robot | 30-Apr-2024 16:24:09

2024-04-30 03:19pm

(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ប្រទេសចិនបានឱ្យដឹងថា ក្រុមប៉ាឡេស្ទីនដែលជាគូប្រជែងនឹងគ្នា គឺក្រុម Hamas និងក្រុម Fatah ទើបតែ​បានជួបមុខគ្នានៅទីក្រុងប៉េកាំង នាពេលថ្មីៗនេះ ដើម្បីបើកកិច្ចពិភាក្សាស៉ីជម្រៅទៀងត្រង់ ស្តីពីកិច្ចប្រឹងប្រែងផ្សះផ្សាជាតិប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយដូច្នេះថា <<អ្នកតំណាងមកពីចលនារំដោះជាតិប៉ាឡេស្ទីន (Fatah) និង​ចលនាតស៊ូអ៉ីស្លាម (Hamas) នាពេលថ្មីៗកន្លងទៅនេះ បានធ្វើដំណើរមកកាន់ទីក្រុងប៉េកាំង។ ភាគីទាំងពីរបានបង្ហាញចេញយ៉ាងពេញលេញ នូវឆន្ទៈនយោបាយរបស់ពួកគេ ដើម្បីឆ្ពោះទៅសម្រេចឱ្យបាន ការផ្សះផ្សាជាតិ តាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់ ហើយបានជជែកអំពី​បញ្ហាជាក់លាក់ជាច្រើន ព្រមទាំងទទួលបានវឌ្ឍនភាពវិជ្ជមានមួយចំនួន>>។

ក្រុម Hamas បានដណ្តើមការគ្រប់គ្រងនៅតំបន់ Gaza Strip កាលពីឆ្នាំ២០០៧ ក្រោយផ្ទុះសង្រ្គាមស៉ីវិលជាមួយក្រុម Fatah ដែល​សព្វថ្ងៃនេះ មានសិទ្ធិគ្រប់គ្រងផ្នែករដ្ឋបាលក្នុងកម្រិតមួយ ពោលគឺពុំពេញលេញនោះឡើយ នៅឯតំបន់ West Bank ដែលស្ថិតក្រោម​ការត្រួតត្រារបស់អ៉ីស្រាអែល តាមរយៈអាជ្ញាធរប៉ាឡេស្ទីន។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានបទឈប់បាញ់ជាបន្ទាន់ ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមបច្ចុប្បន្ន រវាង​ប្រទេសអ៉ីស្រាអែល និងក្រុម Hamas កាលពីខែតុលា ឆ្នាំ២០២៣ នៅពេលក្រុមអ្នកប្រយុទ្ធរបស់ Hamas បានឆ្មក់ចូលវាយលុកលើ​អ៉ីស្រាអែល ជាហេតុបណ្តាលឱ្យមនុស្សខ្ទង់១,២០០នាក់ស្លាប់ ភាគច្រើនជាជនស៉ីវិល។ រីឯប្រតិបត្តិការយោធាសងសឹករបស់អ៉ីស្រាអែល មកទល់ពេលនេះ បានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច ៣៤,៥៣៥នាក់ហើយ នៅតំបន់ Gaza។ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានអំពាវនាវឱ្យមានសន្និសីទសន្តិភាពអន្តរជាតិមួយ ដើម្បីដោះស្រាយវិបត្តិសង្រ្គាមនេះ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...