លោក Abbas និយាយថា មានតែសហរដ្ឋអាមេរិកទេដែលអាចរារាំងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Rafah ដែលត្រូវបានរំពឹងទុកក្នុងប៉ុន្មានថ្ងៃទៀតនេះ

Posted By: RoogRog Robot | 28-Apr-2024 22:34:12

2024-04-28 09:29pm

(ហ្គាហ្សា)៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយនៅថ្ងៃអាទិត្យនេះថា មានតែសហរដ្ឋអាមេរិកទេដែលមានអំណាចក្នុងការរារាំងអ៊ីស្រាអែល ពីការវាយប្រហារលើទីក្រុង Rafah ខណៈលោក​​រំពឹង​ទុក​ថា ​នឹង​មាន​ការ​វាយ​ប្រហារ​ដែល​កើត​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀតនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៤។

លោក Abbas បានប្រាប់កិច្ចប្រជុំពិសេស នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត យ៉ាងដូច្នេះថា <<យើងអំពាវនាវឱ្យសហរដ្ឋអាមេរិក ទាមទារឱ្យអ៊ីស្រាអែលកុំបន្តការវាយប្រហារទីក្រុង Rafah តទៅទៀត។ អាមេរិកគឺជាប្រទេសតែមួយគត់ ដែលមានសមត្ថភាពរារាំងអ៊ីស្រាអែលពីការប្រព្រឹត្តឧក្រិដ្ឋកម្មនេះ>>។

អ៊ីស្រាអែល ដែល​បាន​និង​កំពុង​គំរាម​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​ពេញ​លេញ​លើ​តំបន់ហ្គាហ្សា ​ក្នុង​គោល​បំណង​កម្ចាត់​កង​កម្លាំង​ដែល​នៅ​សេសសល់​របស់​ក្រុម​ហាម៉ាស​នៅ​ទីនោះ បាន​បង្កើន​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ក្រុង Rafah កាល​ពី​សប្តាហ៍​មុន។ ប្រទេសលោកខាងលិច រួមទាំងសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានជំរុញឱ្យមានការអត់ធ្មត់ ដោយអង្វរអ៊ីស្រាអែលកុំឱ្យវាយប្រហារទីក្រុងភាគខាងត្បូងមួយនេះ។

លោក Abbas បានសង្កត់ធ្ងន់ថា ក្តីបារម្ភដែលជិតមកដល់គឺជាការវាយប្រហារដែលអាចកើតឡើងរបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah ខណៈដែលបច្ចុប្បន្នវាដើរតួជាចំណុចប្រមូលផ្តុំ សម្រាប់ប្រជាជនប៉ាឡេស្ទីនទាំងអស់មកពីតំបន់ហ្គាហ្សា។ ទន្ទឹមគ្នានេះ លោកក៏បានព្រមានដែរថា សូម្បីតែការវាយប្រហារតិចតួចលើទីក្រុងនេះ ក៏អាចបង្ខំប្រជាជនប៉ាឡេស្ទីនឱ្យភៀសខ្លួនចេញពីតំបន់ហ្គាហ្សាស្ទ្រីបផងដែរ ដែលលោកបានហៅថាជា <<មហន្តរាយដ៏ធំបំផុត>> នៅក្នុងប្រវត្តិសាស្ត្រប៉ាឡេស្ទីន។

លើសពីនេះ លោក Abbas បានបញ្ជាក់ជាថ្មីពីការប្រឆាំងរបស់លោក ចំពោះការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនចូលទៅក្នុងហ្ស៊កដានី និងអេហ្ស៊ីប។ លោក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា បន្ទាប់​ពី​បញ្ចប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​តំបន់​ហ្កាហ្សា អ៊ីស្រាអែល​អាច​នឹង​ព្យាយាម​បណ្តេញ​ប្រជាជន​ប៉ាឡេស្ទីន​ចេញ​ពី​តំបន់ West Bank ចូល​ក្នុង​ប្រទេស​ហ្ស៊កដានីទៀតផង។

គួរជម្រាបថា អ៊ីស្រាអែលបានបើកការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាសបានដឹកនាំការវាយប្រហារលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលអ៊ីស្រាអែលបាននិយាយថា បានសម្លាប់មនុស្ស ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំង ២៥៣ នាក់។

យោងតាមក្រសួងសុខាភិបាល Gaza ប្រជាជនប៉ាឡេស្ទីនជាង ៣៤,០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីពេលនោះមក ហើយប្រជាជនភាគច្រើនត្រូវបានផ្លាស់ទីលំនៅ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...