(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន ដឺ ហ្គ្រេន ធឺរេស (The Grand Terrace) អគារA និងB លោកមេធាវី ចេង ប៉េងហាប់ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវី ស៊ីភីអេច បានរៀបចំពិធីពិសាអាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំ និងគ្រប់គ្រងក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ហើយមានការអញ្ជើញចូលរួមពីឯកឧត្តមអតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមេធាវីជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្ដិយសជាអ្នកច្បាប់មកពីគ្រប់វិស័យ ប្រមាណជាង៨០០នាក់។
ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនេះ លោកមេធាវី ចេង ប៉េងហាប់ បានបញ្ជាក់ពីគោលបំណងនៃពិធីពិសាអាហារសាមគ្គីនេះ គឺដើម្បីបង្កើតឱកាសក្នុងការជួបជុំ រឹតចំណងមិត្តភាព សាមគ្គីភាព ភាតរភាព ផ្លាស់ប្តូរទស្សនៈវិស័យ គំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងផ្សាភ្ជាប់ទំនាក់ទំនងរវាងបងប្អូនសហភាតា ព្រមទាំងអ្នកច្បាប់មកពីគ្រប់វិស័យ ឲ្យកាន់តែមានភាពស្និទ្ធស្នាល។
លើសពីនេះ លោកមេធាវី ចេង ប៉េងហាប់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិចឯកឧត្តមអតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បងប្អូនសហភាតា និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការអញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីក្នុងថ្ងៃនេះ។បន្ថែមពីលើនេះ លោកមេធាវី ចេង ប៉េងហាប់ បានបញ្ជាក់ថា៖ <<ការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អ្នកច្បាប់មកពីគ្រប់វិស័យ និងជាពិសេសបងប្អូនសហភាតាយ៉ាងច្រើនលើសលប់នេះ គឺជាការផ្តល់កិត្តិយស និងបានបង្ហាញពីសេចក្តីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់ចំពោះរូបខ្ញុំបាទ និងក្រុមការងារ>>។
គួររំលឹកផងដែរថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ លោកមេធាវី ចេង ប៉េងហាប់ បានរៀបចំកម្មវិធីពិសាភោជនាហារ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤ ក្រោមវត្តមានចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច និង ឯកឧត្តម លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន FRESH NEWS ព្រមទាំងមេធាវីប្រមាណ ២៥០នាក់ ផ្សេងទៀតផងដែរ។