ពលរដ្ឋខេត្តកំពង់ឆ្នាំង សាទរដែលខេត្តរបស់ខ្លួនទទួលបានចំណាត់ថ្នាក់លេខ៥ គ្មានគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃចូលឆ្នាំ

Posted By: RoogRog Robot | 26-Apr-2024 19:14:56

2024-04-26 06:12pm

(កំពង់ឆ្នាំង)៖ បន្ទាប់ពីមានការលើកទឹកចិត្ត និងប្រកាសផ្ដល់រង្វាន់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដល់ខេត្តដែលមិនមានករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ ហើយខេត្តកំពង់ឆ្នាំង ទទួលបានចំណាត់ថ្នាក់ល្អក្នុងចំណោមខេត្តទាំងអស់នៅទូទាំងប្រទេស។

តាមរយៈនេះបានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្តកំពង់ឆ្នាំង ឲ្យរឹតតែមានការប្រុងប្រយ័ត្ន និងខិតខំអនុវត្តដោយមានស្មារតីទទួលខុស ត្រូវខ្ពស់ចំពោះការបន្តគោរពច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសនូវការគ្រោះថ្នាក់ចរាចរណ៍ទាំងក្នុងពិធីបុណ្យជាតិផ្សេងៗ និងការធ្វើដំណើរបំពេញការងារ និងរកទទួលទានផ្សេងៗ ប្រចាំថ្ងៃឲ្យទទួលបានលទ្ធផលល្អជាបន្តទៀត។

លោកវរសេនីយ៍ឯក លី ណា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ឲ្យដឹងថា រយៈពេល៤ថ្ងៃ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅទូទាំងខេត្តកំពង់ឆ្នាំង គឺពុំកើតមាននូវករណីគ្រោះថ្នាក់ចរាចរណ៍នោះឡើយ ដែលធ្វើឲ្យខេត្តកំពង់ឆ្នាំង ទទួលបានចំណាត់ថ្នាក់លេខ៥ នៅទូទាំងប្រទេស។

លោកបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅក្នុងខេត្តកំពង់ឆ្នាំង បើប្រៀបធៀបទៅនឹងឆ្នាំមុន គឺថយចុះមួយករណីទៀត ដោយសារតែកាលពីឆ្នាំមុនកើតមានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណី ដោយឡែកឆ្នាំនេះ គឺពុំមានសោះឡើយ(សេរ៉ូ)។

លោកបានអះអាងថា ទាំងអស់នេះក៏ដោយសារតែមានការចូលរួមគោរពច្បាប់ចរាចរណ៍ពីប្រជាពលរដ្ឋ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្ត ទើបធ្វើឲ្យខេត្តកំពង់ឆ្នាំង ជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមខេត្តនៅទូទាំងប្រទេស។ ដូច្នេះខេត្តកំពង់ឆ្នាំង ក៏មានមោទនភាព និងមានសំណាងបានទទួលរង្វាន់លើកទឹកចិត្តពីសម្ដេចធិបតី ក្នុងចំណោម៦ខេត្ត ដែលជាប់លេខនៅទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនេះ លោកវរសេនីយ៍ឯក លី ណា បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាបន្តគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជាបន្តទៀត គឺរួមគ្នាបញ្ជៀសនូវគ្រោះថ្នាក់ចរាចរ ណ៍ឲ្យបានដើម្បីដណ្ដើមយកចំណាត់ថ្នាក់ល្អជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅទូទាំងប្រទេសរយៈពេល៤ថ្ងៃ ខេត្តដែលទទួលបានចំណាត់ថ្នាក់ល្អ ដែលមិនមានករណីគ្រោះថ្នាក់ចរាចរណ៍សោះ គឺមាន៦ខេត្ត រួមមានខេត្តកំពង់ឆ្នាំង, ព្រៃវែង, រតនគីរី, កោះកុង, ប៉ៃលិន និងខេត្តត្បូងឃ្មុំ។ ខេត្តទាំង៦នេះ ទទួលបានការលើកទឹកចិត្តពីសម្ដេចធិបតី ដោយបានប្រគល់រង្វាន់ជូនមានថវិកាចំនួន២០០លានរៀល ភេសជ្ជៈចំនួន១,០០០កេស និងមានការផ្ដល់ប័ណ្ណសរសើរពីរាជរដ្ឋាភិបាល ដែលតម្រូវឲ្យលោកអភិបាលខេត្តទាំង៦ ទទួលដោយផ្ទាល់ពីសម្ដេចធិបតីទៀតផង៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...