អាសូរខ្លាំងណាស់! បងប្អូន៣នាក់ ចុះលេងទឹកទន្លេមេគង្គលង់ស្លាប់២នាក់ និងម្នាក់ទៀត ត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ នៅស្រុកសំបូរ ខេត្តក្រចេះ

Posted By: RoogRog Robot | 26-Apr-2024 18:22:24

2024-04-26 05:17pm

(ក្រចេះ)៖ ខណៈដែលឱពុកម្តាយជាប់រវល់ទៅស៊ីឈ្នួលរើសស្វាយចន្ទីឱ្យគេ ក្មេងប្រុសស្រី៣នាក់ជាបងប្អូនបង្កើត បាននាំគ្នាចុះលេងទឹកទន្លេមេគង្គ ហើយបានលង់ទឹកស្លាប់២នាក់ និងម្នាក់ទៀតជាបងស្រី ត្រូវបានអ្នកនេសាទក្បែរនោះឃើញ ជួយសង្គ្រោះទាន់ពេល។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ គេបានប្រទះឃើញសពក្មេងទាំង២នាក់នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។

អ្នកភូមិបានឲ្យដឹងថា កាលពីវេលាម៉ោង ៤៖៣០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្មេងប្រុសស្រីទាំង៣នាក់បងប្អូន បានចុះទៅងូតទឹកទន្លេមេគង្គជាមួយក្មេងដ៏ទៃទៀតនៅជិតខាង។ ខណៈដែលងូតទឹកនោះក្មេងប្រុស សូត្រ មុត អាយុ៩ឆ្នាំ ជាប្អូន បានលង់ទឹកមុនគេ ឃើញដូចនោះបងប្រុសឈ្មោះ សូត្រ ម៉ៃ អាយុ១០ឆ្នាំ ក៏បានស្ទុះលោតទឹកទៅជួយឱបប្អូនប្រុស តែមិនអាចជួយបាន ហើយមិនរួច ក៏លង់ទឹកទាំងពីរនាក់តែម្តង។

ឃើញដូច្នោះបងស្រីឈ្មោះ សូត្រ ស្រីមុំ អាយុ១៤ឆ្នាំ ក៏បានចុះទៅជួយ នៅតែមិនអាចជួយបាន គឺលង់ទាំង៣នាក់បងប្អូនតែម្ដង ភ្លាមៗមានទូកនេសាទនៅក្បែរនោះឃើញទាន់ ក៏ជួយសង្គ្រោះបានបងស្រី ខណៈពីរនាក់ទៀត បាត់ខ្លួន។

នៅថ្ងៃកើតហេតុនោះ ឪពុកម្ដាយរបស់ក្មេងប្រុសស្រី គឺជាប់រវល់ទៅស៊ីឈ្នួលរើសស្វាយចន្ទីឱ្យគេ ដោយទុកឲ្យពួកគេនៅជាមួយជីដូន។ ម្ដាយក្មេងរងគ្រោះឈ្មោះ កាន់ វី អាយុ៣១ឆ្នាំ ឪពុកឈ្មោះ ឡុង វណ្ណៈ អាយុ ៥៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

នៅក្នុងហេតុការណ៍នោះ ក៏ត្រូវបានអ្នកភូមិ និងសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍ស្វែងរកសាកសពរយៈពេល២ថ្ងៃ ទើបប្រទះឃើញសាកសពក្មេង ប្រុសទាំងពីរនាក់នៅរសៀលថ្ងៃទី២៦ ខែមេសា នៅចំណុចភូមិអន្លង់ព្រះគោរ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ។

សពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ហើយនៅរសៀលថ្ងៃនេះលោក ឈិត ណន មេឃុំកំពង់ចាម រួមនិងក្រុមការងារភូមិឃុំ បាននាំយកថវិកាទៅជូនក្រុមគ្រួសារសពចំនួន ៦៨៥ ០០០រៀល និងអង្ករ២ បេ ទឹកសុទ្ធ១៥យួរផងដែរ៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...