មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល គូសបញ្ជាក់ពីផលប៉ះពាល់ដល់សុខភាពដែលបង្កឡើងដោយការប្រើប្រាស់ថង់ប្លាស្ទិក និងដបជ័រ

Posted By: RoogRog Robot | 26-Apr-2024 12:19:17

2024-04-26 11:14am

(ភ្នំពេញ)៖ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក អ៉ឺង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ពី គ្រោះថ្នាក់ធ្ងន់ធ្ងរទៅលើសុខភាពប្រជាពលរដ្ឋពីការប្រើប្រាស់ដបប្លាស្ទិក, ថង់ប្លាស្ទិក, ស៊ីលីកូន, ចានស្នោ ដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់សព្វថ្ងៃ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថាជាតិប្លាស្ទិក (ស៊ីលីកូន) ត្រូវបានបងប្អូនស្រីយកទៅប្រើកែសម្ផស្សឱ្យស្រស់ស្អាត ដូចជាការដើមទ្រូងឱ្យធំ, ចាក់ច្រមុះ, ចាក់ថ្ពាល់ ជាដើម គឺវាមានផលប៉ះពាល់ខ្លាំងណាស់ ដល់សុខភាព ព្រោះតែជាតិពុលក្នុងសារធាតុទាំងអស់នេះ ដូចជាទឹកនោមផ្អែម, លើសឈាម, ជំងឺថ្លើមជាដើម។

លោកបានបន្តថា៖ ចានស្នោ, ថង់ប្លាស្ទិក, ដបជ័រ ដាក់ទឹក វានឹងមានប្រតិកម្មបញ្ចេញជាតិពុល ពេលវាត្រូវកំដៅ គឺពិតជាប៉ះពាល់ខ្លាំងណាស់ ដល់សុខភាព។ ដូច្នេះបងប្អូនអ្នកប្រើប្រាស់ផលិតផលប្លាស្ទិក ត្រូវតែពិចារណា និងលះបង់ទំលាប់ប្រើថង់,ស្បោងប្លាស្ទីក ដើម្បីដាក់ម្ហូបអាហារ។

លោក អ៉ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា តាមរយៈរបាយការណ៍របស់លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបង្ហាញឱ្យឃើញពីភាពរីកចំរើន លើវិស័យសុខាភិបាល នៅរាជធានីភ្នំពេញ គួរអោយកត់សំគាល់ ទាំងការផ្តល់សេវា ក៏ដូចជាផ្នែកហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័ផងដែរ។ ជាក់ស្តែងយើងឃើញថា ការសំរាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈ ការផ្តល់សេវាពន្យាកំណើត ការពិនិត្យផ្ទៃពោះមុនសំរាលដោយបុគ្គលិកសុខាភិបាល កុមារអាយុក្រោម១ឆ្នាំ ទទួលថ្នាំបង្ការជំងឺរបេង និងវ៉ាក់សាំងការពារជំងឺកញ្ជ្រិលបានកើនឡើងជាលំដាប់ ។

បើតាមប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងរយៈពេលពេញ១ថ្ងៃនេះ អង្គសន្និបាតទាំងមូល សម្រេចបានអំពីសមិទ្ធផល និងស្នាដៃការងារសំខាន់ៗ ដែលមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និងបានលើកឡើងផងដែរ អំពីបញ្ហាប្រឈមថ្មីៗមួយចំនួន ដែលយើងត្រូវយកចិត្តទុកដាក់រួមគ្នាពុះពារដោះស្រាយបន្តទៀត។ ជាមួយគ្នានេះ ដើម្បីទទួលបាន ធាតុចូលកាន់តែមានភាពសុក្រឹត និងច្បាស់លាស់ អង្គសន្និបាតបានប្រើ ប្រាស់វិធីសាស្ត្រ <<វេទិកាពិភាក្សាជា ២វគ្គ>> អមដោយបទបង្ហាញចំនួន០៤ ដែលដឹកនាំសម្របសម្រួលដោយលោកអនុប្រធានមន្ទីរ លោកប្រធាន ការិយាល័យជំនាញ និងប្រធានកម្មវិធី ក្នុងន័យអនុញ្ញាតឱ្យអង្គសន្និបាតបានចូលរួមពិនិត្យ និងស្វែងរកឱ្យឃើញនូវបញ្ហាប្រឈមនានា ចំពោះមុខ និងរួមគ្នា ដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើងនៅក្នុងសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ដោយឈរលើមូលដ្ឋានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងរក្សាបាននូវភាពទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចដែលប្រគល់ជូន។

លោកបានបន្តថា ការគ្រប់គ្រងសេវាសុខាភិបាលឯកជន និងឧិសថស្ថានឯកជនត្រូវបានពង្រឹង ឱសថស្ថាន ឱសថស្ថានរង មន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាល និងបន្ទប់ពិគ្រោះព្យាបាលជំងឺ បានត្រួតពិនិត្យជាទៀងទាត់៕




























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...