កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធរដ្ឋបាលខេត្តសៀមរាប

Posted By: RoogRog Robot | 26-Apr-2024 11:49:55

2024-04-26 10:48am

(សៀមរាប)៖ នាសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ (ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ) ដោយមានវត្តមានចូលរួមពី លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងដោយមានការអញ្ជេីញចូលរួមពីក្រុង ស្រុក ស្នងការនគរបាលខេត្ត ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត លោកអធិការនគរបាលក្រុង/ស្រុក លោកនាយប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ លោក លោកស្រីមេឃុំ ចៅសង្កាត់ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ។

បន្ទាប់ពីលោកស្រី អភិបាលរងខេត្តបានធ្វេីរបាយការណ៍ស្វាគមន៍រួចមក លោកអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងពិធីប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធនាពេលនេះ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការជំរុញ និងបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ចតាមរយៈការកែទម្រង់ស៊ីជម្រៅលើផ្នែករដ្ឋបាលសាធារណៈ ការកែទម្រង់កងកម្លាំងនគរបាលជាតិ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ របស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមគណៈប្រតិភូសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ ចុះបំពេញបេសកកម្មធ្វើការងារសវនកម្មនៅតាមបណ្តារាជធានី ខេត្ត សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយផ្តោតការត្រួតពិនិត្យលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក។

ឆ្លៀតក្នុងឱកាសនោះ លោកអគ្គនាយក បានលើកឡើងអំពីតួនាទីភារកិច្ចរបស់សវនកម្មផ្ទៃក្នុង មានគោលបំណងក្នុងការត្រួតពិនិត្យលើប្រតិបតិ្តការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ។ ឯកឧត្តម បានបន្តថា ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺដើម្បីជួយជំរុញដល់ថ្នាក់ដឹកនាំសវនដ្ឋាន លើការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់របស់ខ្លួន ជាពិសេស អនុសាសន៍កែលម្អទាំងអស់ដែលផ្តល់ដោយសវនករ បានក្លាយជាមូលដ្ឋានក្នុងការវិភាគ វាយតម្លៃហានិភ័យ និងកែលម្អចំណុះខ្វះខាតនានារបស់សវនដ្ឋានឱ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...