អភិបាលខេត្តពោធិ៍សាត់ ប្រកាសតែងតាំងនាយកបណ្តោះអាសន្នវិទ្យាល័យពោធិ៍សាត់, លោក ជា ឡេងឃួន ជំនួសលោក ជិន ផល្លា ដែលត្រូវចូលនិវត្តន៍

Posted By: RoogRog Robot | 25-Apr-2024 18:46:08

2024-04-25 05:38pm

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងប្រកាសតែងតាំងនាយកបណ្តោះអាសន្ននៃវិទ្យាល័យពោធិ៍សាត់, លោក ជា ឡេងឃួន ឋានន្តរស័ក្តិជាគ្រូបង្រៀនកម្រិតឧត្តម ដើមខ្សែពិសេស ថ្នាក់លេខ៤ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម បច្ចុប្បន្នជានាយករងវិទ្យាល័យឱ្យកាន់តួនាទី ជានាយកបណ្តោះអាសន្ន នៃវិទ្យាល័យពោធិ៍សាត់ ជំនួសលោក ជិន ផល្លា ដែលត្រូវចូលនិវត្តន៍។

ពិធីនេះក៏មានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុង ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងបុគ្គលិកអប់រំយុវជន និងកីឡា យ៉ាងច្រើនកុះករ នៅសាលប្រជុំបណ្តាល័យសាមគ្គី វិទ្យាល័យពោធិ៍សាត់។

បន្ទាប់ពីលោក ម៉ែន សំអាត ប្រធានការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល បានអានលិខិតបង្កាប់ការនាយកបណ្តោះអាសន្ន នៃវិទ្យាល័យពោធិ៍សាត់នោះរួចមក, លោក ជា ឡេងឃួន ដែលទើបទទួលបានតួនាទីថ្មី បានធ្វើការប្តេជ្ញាចិត្តដូចតទៅ៖ ប្តេជ្ញាពង្រឹងវិន័យ បទបញ្ជាផ្ទៃក្នុងសាលា ដូចជាពេលវេលាបង្រៀន និងរៀន ឯកសណ្ឋាន គ្រូសិស្ស។ ប្តេជ្ញាដឹកនាំវិទ្យាល័យពោធិ៍សាត់ ឱ្យឈានទៅរកស្តង់ដាសាលារៀនគំរូ។ ប្តេជ្ញាអនុវត្តតាមសេចក្តីណែនាំ របស់ក្រសួងអប់រំ ថ្នាក់ដឹកនាំខេត្ត ក្រុង និងមន្ទីរ ឱ្យបានល្អប្រសើរ។ ប្តេជ្ញាអនុវត្តតាមប្រកាសសារាចរណ៍ណែនាំ និងលិខិតបទដ្ឋាននានា របស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានជាប្រចាំ។ ប្តេជ្ញាសហការអនុវត្តការងាររួមគ្នា ជាមួយសហគមន៍ មាតាបិតាសិស្ស ដើម្បីកសាងវិទ្យាល័យពោធិ៍សាត់ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ប្តេជ្ញាពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងក្រៅអង្គភាព ដោយយកចិត្តទុកដាក់ លើសុខទុក្ខរបស់បុគ្គលិកក្រោមឱវាទ។ ប្តេជ្ញាអនុវត្តស្តង់ដាសាលាគំរូ ឱ្យមានតម្លាភាព និងគណនេយ្យភាព បានល្អប្រសើរ។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានលើកឡើងថា ការប្រកាសតែងតាំងនាយកបណ្តោះអាសន្ន នៃវិទ្យាល័យពោធិ៍សាត់នាពេលនេះ គឺវាមិនមានអ្វីប្លែកនោះទេ ព្រោះកន្លងមករដ្ឋបាលខេត្ត បានអនុវត្តរួចមកហើយ ក្នុងការតែងតាំងគឺមានតាំងពីថ្នាក់ដឹកនាំមន្ទីរ អភិបាលស្រុក ក្រុង និងការិយាល័យ ដើម្បីឲ្យយន្តការគ្រប់គ្រងដឹកនាំមានតម្លាភាព និងគុណភាព។ លោកបានចាត់ទុកថា ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ គឺជាគ្រឹះជាថ្នាល និងជាពុម្ពដ៏ល្អ និងមានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្ស ឈានទៅអភិវឌ្ឍន៍សង្គមជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោកសូមឱ្យនាយបណ្តោះអាសន្ន ដែលត្រូវបានប្រកាសតែងតាំងនាពេលនេះគប្បីខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការបំពេញតួនាទីភារកិច្ច ក្នុងនាមខ្លួនយើងជាថ្នាក់ដឹកនាំគេ ត្រូវមានព្រហ្មវិហាធម៌ទាំង៤ មានវប្បធម៌ចែករំលែក បង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ មានមនសិកាស្នោះត្រង់ យោគយល់ឱ្យគ្នា ទៅវិញទៅមក។ ទាំងអស់នេះគឺជាកិត្តិយស និងភាពថ្លៃថ្នូរ របស់លោកគ្រូ អ្នកគ្រូទាំងមូល ដែលទទួលបានការសាទរ ពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋ ជាក់ជាមិនខាន។

លោកអភិបាលខេត្ត បានថ្លែងទៀតថា សម្រាប់រយៈពេល ៥ឆ្នាំដំបូង ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះរាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះ ចំនួន៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ ដោយឡែកសម្រាប់បញ្ចកោណទី១ ដែលជាការ អភិវឌ្ឍមូលធនមនុស្ស រាជរដ្ឋាភិបាលនឹងបន្តផ្តោត លើ កិច្ចការ អាទិភាព៖ ការពង្រឹងគុណភាព វិស័យ អប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។

ឆ្លៀតក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានប្រគល់ប័ណ្ណសរសើរ ដល់គណៈគ្រប់គ្រងវិទ្យាល័យ និងប្រកាសផ្តល់ដំណើរទស្សនកិច្ចសិក្សា សម្រាប់បុគ្គលិកអប់រំ ក្នុងក្រុងពោធិ៍សាត់ ទៅខេត្តព្រះសីហនុ ឬខេត្តសៀមរាប នៅដើមខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ដោយចាប់ផ្តើមដំបូង គឺវិទ្យាល័យពោធិ៍សាត់ផងដែរ៕







































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...