រដ្ឋមន្រ្តីមហាផ្ទៃនៃរបបសឹកមីយ៉ាន់ម៉ា ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីជជែកអំពីបញ្ហាសន្តិសុខ

Posted By: RoogRog Robot | 25-Apr-2024 13:35:25

2024-04-25 01:27pm

(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្រ្តីមហាផ្ទៃនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Yar Pyae បានចេញទៅបំពេញទស្សនកិច្ចនៅឯប្រទេសចិន ដើម្បីបើកកិច្ចពិភាក្សាអំពីបញ្ហាសន្តិសុខ ជាមួយរដ្ឋមន្រ្តីសន្តិសុខសាធារណៈ​របស់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា Global New Light of Myanmar បានរាយការណ៍ថា លោក Yar Pyae បានឆ្ពោះទៅកាន់ប្រទេសចិន កាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចការងារមួយ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់និងសន្តិសុខ ចាប់ពីថ្ងៃទី២៤ ដល់ទី២៩ ខែមេសា តបតាមការអញ្ជើញ របស់រដ្ឋមន្រ្តីសន្តិសុខសាធារណៈចិន លោក Wang Xiaohong។ យ៉ាងណាក្តី មិនមានការផ្តល់ខ្លឹមសារលម្អិតជាងនេះទៀតឡើយ ប៉ុន្តែទំនាក់ទំនងរវាងយោធាមីយ៉ាន់ម៉ា ហើយនិងទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តនិងជា​អ្នកផ្គត់ផ្គង់អាវុធធំមួយរបស់ទីក្រុងណៃពិដោ ត្រូវគេសង្កេតឃើញថា មិនសូវជាល្អប៉ុន្មាននោះទេ ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែការរីកស្គុសស្គាយ​នៃទីតាំងឆកបោកតាមអនឡាញ នៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា កន្លែងទាំងអស់នោះមានបុគ្គលិកជាពលរដ្ឋចិន ក៏ដូចជាជនជាតិមកពីប្រទេសដទៃៗទៀត ដែលជារឿយៗត្រូវបានគេជួញដូរ ហើយបង្ខំឱ្យធ្វើការ ដើម្បីបោកបញ្ឆោតជនរួមជាតិរបស់ពួកគេ។ ខាងចិនធ្លាប់បានទទូចម្តងហើយម្តងទៀត ឱ្យរបបសឹកមីយ៉ាន់ម៉ាព្យាយាម​បន្ថែម ក្នុងការបង្រ្កាបឧស្សាហកម្មឆបោកតាមអនឡាញនេះ ដែលប្រមូលផ្តុំនៅរដ្ឋ Shan ភាគខាងជើង ហើយត្រូវក្រុមអ្នកវិភាគជឿថា ជាឧស្សាហកម្មដែលមានតម្លៃរហូតដល់ ខ្ទង់រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ ប្រតិបត្តិការបង្រ្កាបរួមគ្នា កន្លងមក ដោយចិននិងមីយ៉ាន់ម៉ាបានមើលឃើញ មនុស្សរាប់ម៉ឺននាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ប្រទេសចិន ក្នុងនោះរួមមានទាំងមេឧក្រិដ្ឋជនធំៗមួយចំនួន ផងដែរ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...