អភិបាលរងខេត្តស្ទឹងត្រែង៖ ការចូលរួមរបស់យុវជនក្នុងវិស័យសិល្បៈ វប្បធម៌ ជាកត្តាមិនអាចខ្វះបានដើម្បីសេដ្ឋកិច្ចសង្គម និងការទប់ស្កាត់ការរាលដាលវប្បធម៌ដទៃ

Posted By: RoogRog Robot | 25-Apr-2024 14:00:48

2024-04-25 12:52pm

(ស្ទឹងត្រែង)៖ លោក ថោង ស្រាន់ អភិបាលរងខេត្តស្ទឹងត្រែង និងលោកស្រី កង សាវ៉ន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ <<យុវជនដើម្បីវប្បធម៌ជាតិ>> ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្ត សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីដែលជាប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត យុវជន ស.ស.យ.ក លោកគ្រូ -អ្នកគ្រូ សិស្ស/និស្សិត ក្រុមសិល្បៈមន្ទីរវប្បធម៌ខេត្ត និងអ្នកពាក់ព័ន្ធផងដែរ។

លោកស្រី ញោច សារឿន ប្រធានមន្ទីរវប្បធម៌ខេត្ត បានបញ្ជាក់ថា ឆ្នាំ២០២៤ ជាលើកទី២៦ នៃការប្រារព្ធទិវាវប្បធម៌ ហើយរយៈពេល៩ឆ្នាំកន្លងមកនេះ ទិវាវប្បធម៌ជាតិ ត្រូវបានប្រារព្ធក្រោមប្រធានបទតែមួយ គឺយុវជន ដើម្បីវប្បធម៌ជាតិ ដើម្បីជំរុញដល់ការយល់ដឹងពីគ្រប់មជ្ឃដ្ឋានទាំងអស់អំពីភារកិច្ចគ្មានទីបញ្ចប់ នៃកិច្ចការអភិរក្ស ថែរក្សាសិល្បៈវប្បធម៌ជាតិ អំពីកាតព្វកិច្ចដែលជាការចាំបាច់នៃយុវជនបន្តវេន។

លោកស្រីបានបន្ថែមថា គោលបំណងអង្គពិធីនេះ គឺជាការរួមចំណែកថែរក្សាការពារ លើកកម្ពស់តម្លៃ សិល្បៈវប្បធម៌ និងទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង សំដៅបង្កើនសេចក្តីស្រឡាញ់ចំពោះកេរដំណែល វប្បធម៌បង្កើនការយល់ដឹងអំពីតម្លៃ និងភាពសម្បូរបែបនៃ សិល្បៈវប្បធម៌ជាតិ ដល់គ្រប់មហាជនតាមរយៈការផ្សព្វផ្សាយបណ្តុះបណ្តាល និងព្រឹត្តិការណ៍សិល្បៈវប្បធម៌នានា ដែលផ្តោតជាអាទិភាពទៅលើការចូលរួមរបស់យុវជនឱ្យកាន់តែមានភាពល្អប្រសើរឡើងស្របតាមគោលដៅកម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌។

លោក ថោង ស្រាន់ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ ប្រារព្ធទិវាវប្បធម៌ជាតិនេះឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ ដ៏សម្បូរបែបដល់កូនចៅជំនាន់ក្រោយ។

លោកអភិបាលរងខេត្ត បានបន្តថា ការប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនានេះ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណីធ្វើ ជំនាញ បច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំឭក បំផុសស្មារតី និងមនសិការ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី មានកាតព្វកិច្ចក្នុងការថែរក្សាការពារ ឱ្យបានស្ថិតស្ថេរគង់វង្សនូវវប្បធម៌ជាតិ និងវប្បធម៌ចម្រុះ របស់សហគមន៍ជនជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ <<យុវជនដើម្បីវប្បធម៌>>។

អភិបាលរងខេត្តស្ទឹងត្រែង បានបន្ថែមថា៖ <<ការចូលរួមរបស់យុវជនក្នុងវិស័យសិល្បៈវប្បធម៌ ជាកត្តាមិនអាចខ្វះបាន ដើម្បីសេដ្ឋ កិច្ចសង្គម និងការទប់ស្កាត់ការឆ្លងរាលដាលពីវប្បធម៌ដទៃ ដែលអាចប៉ះពាល់ដល់លក្ខណៈ ដើមនៃវប្បធម៌យើង។ ពាក្យថាគោរពស្រឡាញ់វប្បធម៌ជាតិ ជាពាក្យងាយស្រួលនិយាយ ប៉ុន្តែ ដើម្បីឱ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូងយើងត្រូវការយល់ដឹងឱ្យបានល្អអំពី សិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងការលើកស្ទួយវប្បធម៌ជាតិយើង>>។

លោកបានបន្តថា ក្នុងន័យនេះការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងបញ្ញាបការយល់ដឹង បង្កើនឱកាសនៃការចូលរួម បង្កើតឱ្យមានភាពទាក់ទាញកាន់តែខ្លាំងដល់មហាជនទូទៅ ជាពិសេសយុវជន និងពង្រឹងសេចក្តីគោរពស្រឡាញ់នូវវប្បធម៌ ទាំងរូបី និងអរូបី របស់ប្រជាជាតិ៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...