បង្ក្រាបក្រុមក្មេងទំនើង និងជាមុខសញ្ញាប្លន់ទ្រព្យសម្បត្តិ រហ័សនាម «ចិត្តតាន់ JT» ដែលធ្វើសកម្មភាពនៅខណ្ឌពោធិ៍សែនជ័យ

Posted By: RoogRog Robot | 25-Apr-2024 14:00:48

2024-04-25 12:55pm

(ភ្នំពេញ)៖ ក្មេងទំនើងមួយក្រុមដែលបង្កហិង្សា និងជាមុខសញ្ញាប្លន់ទ្រព្យសម្បត្តិ រហ័សនាម <<ចិត្តតាន់ JT>> ធ្វើសកម្មភាពកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យជនរងគ្រោះ៣នាក់រងរបួស ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន។

របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យនេះមានគ្នាសរុបប្រមាណ៤០នាក់ បានធ្វើសកម្មភាពព្រួតវាយលើជនរងគ្រោះបណ្ដាលឲ្យរងរបួស និងខូចខាតម៉ូតូ១គ្រឿង ព្រមទាំងប្លន់យកកាបូបលុយ និងទូរស័ព្ទ១គ្រឿងផងដែរ។ ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ឆន ប៊ុនធឿន អាយុ២៣ឆ្នាំ, ឈ្មោះ នួន លីន ភេទស្រី អាយុ២១ឆ្នាំ និងឈ្មោះ ស៊ាង សាត អាយុ១៦ឆ្នាំ។

ចម្លើយសារភាពប្រាប់សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងរហ័សនាម <<ចិត្តតាន់ (JT)>> រស់នៅម្តុំតារាងបាល់ DP ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃកើតហេតុ បាននាំគ្នាជិះម៉ូតូចេញពីមុខវត្តបទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មករកវាយសងសឹកទៅលើក្រុមក្មេងទំនើងឈ្មោះ <<ផ្សារហ្គ្រេនឈូកស្លុយ>> ដែលរស់នៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដែលធ្លាប់ឈ្លោះគ្នាជាមួយក្រុមជនសង្ស័យកន្លងមក។

ពេលជនសង្ស័យនាំគ្នាជិះម៉ូតូមកតាមផ្លូវបានឃើញដងឆ័ត្ររបស់ប្រជាពលរដ្ឋទុកនៅមុខផ្ទះ ក៏បានឈប់ម៉ូតូលួចយកដំបងដែកមូល (ដងឆ័ត្រ) ប្រវែងប្រហែល២ម៉ែត្រ ជាបន្តបន្ទាប់បានចំនួនប្រហែល១០ដើម មកកាន់នៅដៃទុកធ្វើជាអាវុធសម្រាប់វាយទៅលើក្រុមឈ្មោះ <<ផ្សារហ្គ្រេនឈូកស្លុយ>> ដោយជនសង្ស័យឈ្មោះ ស្រស់ ចាន់រ៉ាយុទ្ធ កាន់ដងឆ័ត្រចំនួន១ដើមដែរ។

លុះដល់វេលាម៉ោងកើតហេតុ ជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏បានឃើញជនរងគ្រោះទាំងបីនាក់មានឈ្មោះ ឆន ប៊ុនធឿន, ឈ្មោះ នួន លីន និងឈ្មោះ ស៊ាង សាត កំពុងជិះ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០១៩ ឌុបគ្នា ជនសង្ស័យគិតថា ជាក្រុមក្មេងទំនើងឈ្មោះ <<ផ្សារហ្គ្រេនឈូកស្លុយ>> ដែលធ្លាប់ឈ្លោះគ្នា ជាមួយក្រុមជនសង្ស័យកន្លងមក ក៏នាំគ្នាជិះម៉ូតូចូលទៅដេញបុកម៉ូតូជនរងគ្រោះឲ្យដួល។

ពេលនោះជនរងគ្រោះជាប្អូនឈ្មោះ ស៊ាង សាត បានរត់គេចខ្លួនចូលផ្ទះប្រជាពលរដ្ឋបាត់ នៅសល់តែជនរងគ្រោះឈ្មោះ ឆន ប៊ុនធឿន ហើយឈ្មោះ នួន លីន បានរត់ទៅពួននៅជិតតូបក្បែរនោះ ក៏ត្រូវក្រុមជនសង្ស័យបានព្រួតគ្នាយកដំបងដែកមូល (ដងឆ័ត្រ) ព្រួតគ្នាវាយលើជនរងគ្រោះ និងប្លន់យកកាបូបប្រាក់ ទាំងពីរនាក់អស់ប្រាក់សរុបចំនួន ៤៥០,០០០រៀល និងទូរស័ព្ទដៃចំនួន១គ្រឿង ហើយឈ្មោះ ស្រស់ ចាន់រ៉ាយុទ្ធ និងបក្ខពួកបានយកដំបងដែកមូល (ដងឆ័ត្រ) នាំគ្នាវាយម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យរងការខូចខាតទាំងស្រុង ហើយជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

បច្ចុប្បន្នជនសង្ស័យ និងសម្ភារចាប់យកខាងលើការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...