ពលរដ្ឋរស់នៅមូលដ្ឋានឃុំកែវផុស ស្រុកស្ទឹងហាវ នឹងទទួលបានសមិទ្ធផលផ្លូវបេតុងអាម៉េ១ខ្សែ ប្រវែង២០០ម៉ែត្រ ក្រោយបញ្ចប់គម្រោងដេញថ្លៃដោយរលូន

Posted By: RoogRog Robot | 25-Apr-2024 13:54:30

2024-04-25 12:49pm

(ព្រះសីហនុ)៖ ប្រជាពលរដ្ឋរស់នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹងទទួលបានសមិទ្ធផលផ្លូវបេតុងអាម៉េ ១ខ្សែប្រវែង ២០០ម៉ែត្រ ជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៤ ដែលបានបើកកម្មពិធីដេញថ្លៃរួចរាល់ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាឃុំកែវផុស។

ក្នុងកិច្ចប្រជុំបើកសំណើដេញថ្លៃមានការដឹកនាំសម្របសម្រួលដោយលោក អេង ចំរើន នាយករងទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ តំណាង លោក ឃៀង ភារម្យ, លោក ផេង ម៉ីង មេឃុំកែវផុស និងមានការចូលរួមពីក្រុមការងារ បច្ចេកទេសខេត្ត គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនទទួលការសាងសង់ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត កិច្ចប្រជុំបើកសំណើដេញថ្លៃបានដំណើរការដោយរលូនស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព។

បន្ទាប់ពីមានការបើកសំណើរដេញថ្លៃប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានផ្លូវបេតុងអាម៉េ ១ខ្សែមានប្រវែង២០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រោស់ ០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ១២០,៩៩៩,៩០០រៀល ក្រោយដាក់សំណើរដេញថ្លៃ គម្រោងបានទៅលើក្រុមហ៊ុន ឡេង ម្លិះ ក្នុងនោះមានក្រុមហ៊ុនចំនួន០៤ បានចូលរួមដេញថ្លៃ។

ក្រោយបញ្ចប់កម្មពិធីបើកសំណើរ នាយករងទីចាត់ការ ផែនការវិនិយោគខេត្ត បានលើកឡើងថា ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២៤ បានដាក់ឱ្យដំណើរការដេញថ្លៃជាបន្តបន្ទាប់តាមបណ្តាឃុំ សង្កាត់នៅទូទាំងខេត្តព្រះសីហនុ ហើយក៏បានបញ្ចប់គម្រោង និងទទួលបានសមទ្ធផលផ្លូវបេតុងជាច្រើនខ្សែរផងដែរនាពេលកន្លងមក។

លោក អេង ចំរើន បានគូសបញ្ជាក់ថា ក្រោយពីទទួលបានការដេញថ្លៃ ដោយទទួលបានជោគជ័យ លោកផ្ដាំផ្ញើឱ្យក្រុមហ៊ុនទាំងអស់ ត្រូវស្ថាបនាផ្លូវទៅតាមស្តង់ដារប្លង់ដែលបានកំណត់ ដើម្បីឱ្យជាប់ល្អ និងប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង និងសូមឱ្យអាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ ត្រូវដោះស្រាយផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឱ្យដំណើរការនៃការស្ថាបនាផ្លូវបានរលូនលឿន និងឆាប់បានដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់បានទាន់ពេលវេលាផដែរ។

លោក ផេង ម៉ីង បានលើកឡើងថា ពេលគម្រោងចាប់ផ្តើមប្រាកដជាប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋដោយគេចមិនផុត ប៉ុន្តែក្នុងនាមលោកជាប្រធានក្រុមលទ្ធកម្មឃុំ លោកនឹងចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋពីផលប៉ះពាល់មិនឱ្យមានការអាក់អន់ចិត្ត ដើម្បីទទួលបានផ្លូវស្អាត ងាយស្រួលក្នុងធ្វើដំណើរ កាពិតណាស់យើងត្រូវលះបង់នូវផលដំណាំបន្តិចបន្តួច បង្គោលថ្មរបង និងការប៉ះពាល់នានាទាំងអស់គ្នាដែលមានការប៉ះពាល់។

ដើម្បីជាការឆ្លើយតប និងផ្តល់សេចក្តីទុកចិត្តក្នុងកម្មពិធីដាក់សំណើរ ម្ចាស់ក្រុមហ៊ុន ឡេង ម្លិះ ដែលទទួលបានគម្រោងបានឡើងប្ដេជ្ញាចិត្ត និងអនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវទៅតាមប្លង់ដែលបានកំណត់ និងស្តង់ដារ។ ដោយឡែកក្រុមហ៊ុន ដែលមិនទទួលបានការដេញថ្លៃនេះ ក៏មានការលើកឡើងថា ការដេញថ្លៃ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងអាចទទួលយកបាន៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...