ប៉ូឡូញ ថាត្រៀមរួចរាល់ដើម្បីជួយឱ្យប្រុសៗគ្រប់អាយុចូលបម្រើកងទ័ព ត្រលប់ទៅអ៊ុយក្រែនវិញ

Posted By: RoogRog Robot | 25-Apr-2024 12:56:50

2024-04-25 11:54am

(វ៉ាសូវី)៖ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បាននិយាយនៅថ្ងៃពុធនេះថា ប៉ូឡូញត្រៀមរួចរាល់ហើយ​ ក្នុងការជួយដល់អ៊ុយក្រែនឱ្យទទួលបានបុរស គ្រប់អាយុចូលបម្រើកងទ័ព ត្រលប់ទៅកាន់ប្រទេសវិញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។

កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសដាក់ចេញការហាមឃាត់ជាបណ្ដោះអាសន្ន លើបុរសដែលគ្រប់អាយុចូលបម្រើកងទ័ព ស្នើសុំ ឬធ្វើលិខិតឆ្លងដែនទៅក្រៅប្រទេស ដើម្បីដោះស្រាយការថយចុះចំនួនកងទ័ព នៅឯសមរភូមិប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៉ី។ បើតាមការប្រកាសនោះ បុរសអាយុចាប់ពី ១៨ឆ្នាំទៅ ៥៩ឆ្នាំដែលរស់នៅបរទេស នឹងមិនអាចបន្ត លិខិតឆ្លងដែនដែលផុតកំណត់ ឬទទួលបានលិខិតឆ្លងដែនថ្មីឡើយ។

លោក Kosiniak-Kamysz បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា <<ខ្ញុំគិតថាប្រជាជនប៉ូឡូញជាច្រើនមិនសប្បាយចិត្តទេ នៅពេលដែលពួកគេឃើញបុរសវ័យក្មេងៗអ៊ុយក្រែន នៅតាមសណ្ឋាគារ និងហាងកាហ្វេនានា ហើយពួកគេក៏បានដឹងលឺថា ពួកយើងត្រូវប្រឹងប្រែងប៉ុណ្ណាដើម្បីជួយអ៊ុយក្រែន>>។ និយាយដល់របៀបជួយអ៊ុយក្រែន លោក Kosiniak-Kamysz បានបន្ថែមថា <<ប្រសិនបើទីក្រុងកៀវ សុំជំនួយលើការនាំយកពលរដ្ឋរបស់ខ្លួនទៅស្រុកវិញ នោះពួកគេអាចបាត់បង់សិទ្ធិក្នុងការស្នាក់នៅប៉ូឡូញ នៅពេលដែលលិខិតឆ្លងដែនរបស់ពួកគេអស់សុពលភាព>>។

គួរបញ្ជាក់ថា បើតាមទិន្នន័យពី Eurostat ប្រជាជនអ៊ុយក្រែនប្រហែល ៤.៣លាននាក់កំពុងរស់នៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុប គិតត្រឹមខែមករាឆ្នាំ២០២៤ ដោយក្នុងនោះប្រហែល ៨៦០,០០០នាក់ជាបុរសពេញវ័យ។ កន្លងមក ប៉ូឡូញ បានផ្តល់ការពារបណ្តោះអាសន្ន ដល់ជនជាតិអ៊ុយក្រែនចំនួន ៩៥០,០០០នាក់ ដែលជាចំនួនធំបំផុតទីពីរបន្ទាប់ពីអាល្លឺម៉ង់៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...