សហរដ្ឋអាមេរិក អះអាងថាបាញ់ទម្លាក់ដ្រូន ៤គ្រឿង និងមីស៊ីលមួយគ្រាប់ របស់ក្រុមហ៊ូទី

Posted By: RoogRog Robot | 25-Apr-2024 11:59:49

2024-04-25 10:52am

(វ៉ាស៊ីនតោន)៖ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានបាញ់ទម្លាក់ដ្រូន ៤គ្រឿង និងមីស៊ីលប្រឆាំងនាវាមួយគ្រាប់បាញ់ចេញដោយក្រុមហ៊ូទី កាលពីថ្ងៃពុធ ទី២៤ ខែមេសា (ម៉ោងក្នុងតំបន់) ខណៈក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះនៅតែបន្តបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញនៅក្នុងតំបន់សមុទ្រក្រហម។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីបញ្ជាការកណ្ដាលយោធាអាមេរិក CENTCOM បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X (Twitter) ថាកាលពីរសៀលថ្ងៃពុធ (ម៉ោងក្នុង ទីក្រុងសាណា ប្រទេសយេម៉ែន) នាវាមួយគ្រឿងរបស់ក្រុមចម្រុះបានបាញ់ទម្លាក់មីស៊ីលបាលិស្ទីគប្រឆាំងនាវាមួយគ្រាប់ដោយជោគជ័យ ដែលត្រូវបានបាញ់ចេញពីមូលដ្ឋាន គ្រប់គ្រងដោយក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន។ តាម CENTCOM មីស៊ីលនេះទំនងជាមានគោលដៅវាយប្រហារលើកប៉ាល់ឈ្មោះ MV Yorktown ដោតទង់ជាតិអាមេរិក តែមិនមានអ្នករងរបួស ឬការខូចខាតអ្វីទេ ហើយព្រមពេលជាមួយគ្នាក្រោយការវាយប្រហារដោយមីស៊ីល ដ្រូន៤គ្រឿងរបស់ក្រុមហ៊ូទីក៏ត្រូវបានបាញ់ទម្លាក់ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ូទីដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក និងកំពុងគ្រប់គ្រងទឹកដីយេម៉ែនមួយផ្នែកធំ បានបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម កាលពីខែវិច្ឆិកា ឆ្នាំមុនមកម្ល៉េះ ជាមួយការអះអាងថាសកម្មភាពរបស់ខ្លួនគឺជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...