តួកគី ចោទប្រកាន់សហរដ្ឋអាមេរិកថាប្រើប្រាស់ស្តង់ដារពីរ នៅក្នុងរបាយការណ៍សិទ្ធិមនុស្សរបស់ខ្លួនទាក់ទងនឹងតំបន់ហ្គាហ្សា

Posted By: RoogRog Robot | 24-Apr-2024 23:57:12

2024-04-24 10:54pm

(អង់ការា)៖ ប្រទេសតួកគី កាលពីថ្ងៃពុធសប្តាហ៍នេះបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ស្តង់ដារពីរទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅហ្គាហ្សា ដោយអះអាងថា របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់ទីក្រុងវ៉ាស៊ីនតោន បានបរាជ័យក្នុងការឆ្លុះបញ្ចាំងពីការពិត នៃការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ក្រសួងការបរទេសរបស់ប្រទេសតួកគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលរបាយការណ៍របស់សហរដ្ឋអាមេរិកមិនបាន <<ឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវនូវការវាយប្រហារដ៏អមនុស្សធម៌ ដែលបាននិងកំពុងកើតឡើងនៅក្នុងតំបន់ហ្គាហ្សា>>។

សេចក្តី​ថ្លែងការណ៍​បាន​រិះគន់​របាយការណ៍​នេះ ដោយ​អះអាង​ថា​វា​រង​ឥទ្ធិពល​ដោយ​ហេតុផល​នយោបាយ និង​មានភាព​លម្អៀង ហើយបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ចប់ <<គោលនយោបាយស្តង់ដារពីរលើបញ្ហាសិទ្ធិមនុស្ស>>របស់ខ្លួន។

សេចក្តីរាយការណ៍ដដែលនេះ ក៏បានលើកឡើងពីទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយកងជីវពល YPG ជនជាតិឃឺដ ដែលទីក្រុងអង់ការ៉ាចាត់ទុកថា ជាអង្គការភេរវករផងដែរ។

គួរជម្រាបថា សកម្មភាពសងសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនស្លាប់ជាង ៣៤,០០០ នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា ដោយមនុស្សជាច្រើនជាជនស៊ីវិល និងកុមារ។ តួកគីបានថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែល និងបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងក៏រិះគន់បណ្តាប្រទេសលោកខាងលិច ចំពោះការគាំទ្រមិនងាករេសម្រាប់អ៊ីស្រាអែលផងដែរ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...