អ្នកជំនាញកម្ពុជា-ចិន រួមគ្នាពិភាក្សាជុំវិញករណីបញ្ហាអាកាសធាតុ ការគ្រប់គ្រងសំរាម និងការកែច្នៃកាកសំណល់សម្រាប់ប្រើប្រាស់ឡើងវិញ

Posted By: RoogRog Robot | 24-Apr-2024 10:32:33

2024-04-24 08:27pm

(ភ្នំពេញ)៖ ក្រុមអ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញមកពីបណ្ឌិត្យសភាវិទ្យាសាស្រ្តខេត្តក្វាងស៊ី របស់ប្រទេសចិន បានជួបពិភាក្សាផ្ដោះប្ដូរយោបល់គ្នាជុំវិញបញ្ហានៃការកើនកម្ដៅផែនដី និងរបៀបក្នុងការគ្រប់គ្រងសំរាម ដើម្បីធានាឱ្យមានតុល្យភាពបរិស្ថាននៅក្នុងសង្គម។

ការពិភាក្សាគ្នានេះ ធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានៃការកសាងអរិយធម៌អេកូឡូស៊ីកម្ពុជា-ក្វាងស៊ី នៅរាជ្យបណ្ឌិតសភាកម្ពុជា នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាននៃរាជបណ្ឌិត្យសភាកម្ពុជា លោកសាស្រ្តាចារ្យ យាន ឆាងអាន ប្រធានបណ្ឌិតសភាវិទ្យាសាស្រ្តខេត្តក្វាងស៊ី ព្រមទាំងអ្នកជំនាញមកពីក្រសួង ស្ថាប័នរបស់កម្ពុជា និងចិនមួយចំនួនទៀត។

ការរៀបចំសិក្ខាសាលានេះបានធ្វើឡើងស្របពេលពិភពលោកជួបប្រទះនឹងបញ្ហាប្រែប្រួលអាកាសធាតុជាសកល ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងនធ្ងរដល់មនុស្សជាតិ សត្វ រុក្ខជាតិ នៅលើផែនដី។

នាកាសនោះដែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា ការប្រែប្រួលនអាកាសធាតុ ការឡើងកម្ដៅផែនដី គ្រោះមហន្តរាយនៃធម្មជាតិដទៃទៀត គឺជាការឆ្លើយតបរបស់ធម្មជាតិ ការណ៍នេះទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្រប់ពីតួអង្គពាក់ព័ន្ធ និងដាក់ចេញនូវដំណោះស្រាយ គោលនយោបាយវិទ្យាសាស្ត្រ និងយុទ្ធសាស្ត្រសមស្របនានា ដើម្បីធានាតុល្យភាពបរិស្ថាន និងធនធានធម្មជាតិសំដៅរក្សាបាននូវកំណើនបៃតង។

បើតាមលោកសាស្រ្តាចារ្យ យាន ឆានអាន ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រខេត្តក្វាងស៉ី របស់ចិន បានថ្លែងថា ក្នុងនាមជាស្ថាប័នស្រាវជ្រាវធម្មជាតិចម្រុះដែលគាំទ្រផ្នែកវិទ្យាសាស្ត្រ បណ្ឌិត្យសភាវិទ្យាសាស្ត្រខេត្តក្វាងស៉ី បានស្រាវជ្រាវលើបរិស្ថានសមុទ្រ ការប្រើប្រាស់ធនធានធម្មជាតិ រុក្ខជាតិ កិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យា កិច្ចការពារបរិស្ថាន អេកូឡូស៉ី ព័ត៌មានវិទ្យាសាស្ត្រសម័យថ្មី ដែលមានក្រុមអ្នកជំនាញជាង៨០០នាក់ លើវិស័យនានាពិសេសពាក់ព័ន្ធបរិស្ថាន។

លោកបានបន្តថា វិបត្តិនៃការបម្រែបម្រួលអាកាសធាតុជាសកល ការអភិវឌ្ឍបៃតង គឺជាម៉ូដែលនៃការអភិវឌ្ឍថ្មី ដើម្បីសម្រេចនូវកំណើនសេដ្ឋកិច្ច និងការការពារបរិស្ថាន ការជួញដូរកាបូន និងអព្យាក្រឹត្យភាពកាបូន មានសារៈសំខាន់ណាស់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការបែងចែកធនធានឱ្យប្រសើរឡើងវិញ ការការពារបរិស្ថាន និងលើកកម្ពស់ចំណេះដឹងផ្នែកបរិស្ថានជាដើម ដែលជាមធ្យោបាយយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍបៃតងកាបូនទាប។

លោកសាស្រ្តាចារ្យ សង្ឃឹមថា សិក្ខាសាលានេះនឹងជំរុញឱ្យភាគីទាំងពីរ ផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសគ្នាទៅវិញទៅមក ម៉្យាងទៀតបណ្ឌិតសភាវិទ្យាសាស្រ្តខេត្តក្វាងស៊ី មានក្រុមវិទ្យាសាស្រ្តជំនាញៗ ពោរពេញទៅដោយបទពិសោធន៍ល្អៗលើវិស័យដូចជាបច្ចេកវិទ្យាព័ត៌មានវិទ្យាសម័យថ្មី គ្រឿងបន្លាស់ដែលមានសមត្ថភាពខ្ពស់។ បន្ថែមពីនោះ លោកសង្ឃឺមថា ភាគីទាងពីរនឹងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីសម្រេចបាននូវការអភិវឌ្ឍកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិនក្នុងយុគសម័យថ្មី។

ដោយឡែកលោក យ៉ាង ពីន អគ្គនាយកក្រុមហ៊ុន ជិនសាន ហាយធិច គ្រុបខូអិលធីឌី បានថ្លែងថា ក្រុមហ៊ុនរបស់លោកបានរកឃើញនូវយន្តការដោះស្រាយសំរាមប្រចាំថ្ងៃ ដែលមិនកប់ មិនដុតឬការបំពុល ហើយអាចប្រើប្រាស់វាទាំងស្រុងដោយជោគជ័យ ជាពិសេសបច្ចេកវិទ្យាដែលក្រុមហ៊ុននេះបង្កើតឡើងថ្មីនេះ អាចញែកសំរាមផ្លាស្ទិកចេញពីសំរាមផ្សេងៗ ហើយអាចកែច្នៃទៅជាឥន្ធនៈ ឧស្ម័ន ហ្គាស ម្សៅធ្យូង ដើម្បីប្រើប្រាស់ឡើងវិញ ដែលអាចដោះស្រាយបញ្ហាទាំងស្រុងអំពីបញ្ហាការបំពុលដោយសំរាម។

លោកមានជំនឿយ៉ាងមុតមាំថា ការនាំចូលបច្ចេកវិទ្យាថ្មីមួយនេះនឹងអាចជួយដោះស្រាយបញ្ហាសំរាម ដើម្បីរួមចំណែកក្នុងការរួមចំណែកធ្វើឱ្យបរិស្ថានប្រទេសកម្ពុជា មានភាពស្រស់ស្អាត អាចទាក់ទាញភ្ញៀវទេសចរបានច្រើនជាងពីមុន។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នាអាណត្តិទី៧នេះ ដែលមានក្រសួងបរិស្ថាន ជាសេនាធិការបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសដោយអនុលោមតាម <<យុទ្ធសាស្ត្របញ្ចកោណ>> ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្ត្រជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណគឺ <<ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០>>៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...