លោក Prabowo​​ សន្យាតស៊ូដើម្បីប្រជាជនឥណ្ឌូនេស៊ីទាំងអស់ និងអំពាវនាវឱ្យមានការរួបរួមក្នុងចំណោមឥស្សនជននយោបាយ

Posted By: RoogRog Robot | 24-Apr-2024 19:50:24

2024-04-24 06:45pm

(ហ្សាការតា)៖ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី លោក Prabowo Subianto នៅថ្ងៃពុធនេះបានសន្យាថា នឹងប្រឹងប្រែងតស៊ូដើម្បីប្រជាជនឥណ្ឌូនេស៊ីទាំងអស់ និងបានអំពាវនាវឱ្យមានឯកភាពគ្នាក្នុងចំណោមឥស្សរជននយោបាយ ដើម្បីជំរុញប្រទេសឆ្ពោះទៅមុខ ខណៈដែលលោកកំពុងស្វែងរកការពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងសភា មុនពេលចូលកាន់តំណែងក្នុងខែតុលាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុង​អំឡុង​ពិធី​បញ្ជាក់​ពី​ជ័យ​ជម្នះ ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ លោក Prabowo ដែលបានទទួលជ័យជម្នះយ៉ាងទូលំទូលាយ បាននិយាយថា លោកកំពុងនិយាយទៅកាន់ឥស្សរជននយោបាយរបស់ប្រទេស ហើយវាចាំបាច់សម្រាប់គណបក្សទាំងអស់ ធ្វើការរួមគ្នាដើម្បីផលប្រយោជន៍រួម។

លោក Prabowo ដែលទទួលបានការគាំទ្រស្ងាត់ៗ ពីប្រធានាធិបតីបច្ចុប្បន្ន Joko Widodo កំពុងស្វែងរកការពង្រីកសម្ព័ន្ធភាពរបស់ខ្លួន នៅក្នុងសភានាពេលខាងមុខ។ លោកកំពុងចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាជាមួយភាគី ដែលធ្លាប់គាំទ្រគូប្រជែងរបស់គាត់ ក្នុងអំឡុងពេលបោះឆ្នោត។

លោកបាននិយាយយ៉ាងដូច្នេះថា <<ខ្ញុំនឹងបង្ហាញថា ខ្ញុំនឹងតស៊ូដើម្បីប្រជាជនឥណ្ឌូនេស៊ីទាំងអស់គ្នា រួមទាំងអ្នកដែលមិនបោះឆ្នោតឱ្យខ្ញុំផងដែរ>>។

ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ីរូបនេះ បានសង្កត់ធ្ងន់ថា <<ប្រសិនបើប្រទេសឥណ្ឌូនេស៊ីចង់រស់រានមានជីវិត ហើយក្លាយជាប្រទេសរីកចម្រើន ឥស្សរជនទាំងអស់ត្រូវតែធ្វើការជាមួយគ្នា...>>។

នៅក្នុងសុន្ទរកថា លោក Prabowo បានសន្យាថា នឹងលុបបំបាត់ភាពក្រីក្រ និងអំពើពុករលួយ ដោយបន្ថែមថាគាត់មានបំណងនាំមកនូវភាពល្អប្រសើរឡើង សម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់។ លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា សារព័ត៌មាន​សេរី​មាន​សារៈ​សំខាន់​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ហៅ​វា​ថា​ជា <<លក្ខខណ្ឌ​ដាច់ខាត​នៃ​លទ្ធិប្រជាធិបតេយ្យ>>។

គួរជម្រាបថា គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសឥណ្ឌូណេស៉ី នាថ្ងៃពុធនេះ បានប្រកាសជាផ្លូវការថា លោក Prabowo Subianto នឹងជាប្រធានាធិតីថ្មី នៃប្រទេសប្រជាធិបតេយ្យធំជាងគេលំដាប់ទី៣មួយនេះ បន្ទាប់ពីតុលាការធម្មនុញ្ញឥណ្ឌូណេស៉ី ក្នុងសប្តាហ៍នេះ បានច្រានចោលការតវ៉ាចំពោះជ័យជម្នះរបស់លោក នៅក្នុងការបោះឆ្នោតកាលពីខែកុម្ភៈ។

រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី លោក Prabowo ដែលមានវ័យ៧២ឆ្នាំ នឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅខែតុលា ឆ្នាំនេះ បន្តពីប្រធានាធីបតីចាំផ្ទះ លោក Joko Widodo ហៅ Jokowi។ លោក Prabowo បានសម្រេចជោគជ័យនេះ គឺនៅលើកទី៣ ក្នុងការឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...