ករណីលោក ជួន គន្ធា ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធរឿងចែកដីរដ្ឋជូនពលរដ្ឋនៅស្រុកឱរ៉ាល់ សារភាពថា មានជាប់ពាក់ព័ន្ធជាមួយបុគ្គលច្រើននាក់ ហើយរៀបជាប្រព័ន្ធ

Posted By: RoogRog Robot | 24-Apr-2024 02:39:07

2024-04-24 12:33pm

(កំពង់ស្ពឺ)៖ លោក ជួន គន្ធា ត្រូវបានកម្លាំងនគរបាលនៅឃាត់ខ្លួន នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមដីការបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចោទប្រកាន់លោក ជួន គន្ធា ពីបទ <<ប៉ុនប៉ងឆបោក និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍>> កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យោងតាមចម្លើយប្រាប់សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ លោក ជួន គន្ធា បានឆ្លើយថា ខ្លួនពិតជាបានទិញដីនៅចំណុចហ្នឹងតាមរយៈពីឈ្មោះ យី សារ៉ាត់ ហើយដីនេះ ឈ្មោះ យី សារ៉ាត់ បានទិញបន្តពីក្រុមគួកជេដែលមានឈ្មោះ តូច ពៅ, ជា សំអឿន, ប្រាក់ មូល, ហេង សើរ ដូច្នេះក្រុមគួកជេទាំងអស់ ជាអ្នករៀបចំធ្វើឯកសារកាន់កាប់ដីធ្លី នៅចំណុចខាងលើ ហើយបានក្លែងឯកសារឲ្យដីស្របច្បាប់លក់ឲ្យលោក ជួន គន្ធា។

លោកបានសារភាពទៀតថា ចំពោះលិខិតទិញ-លក់ នោះធ្វើឡើងការសម្របសម្រួលពីសំណាក់មេធាវី ឈ្មោះ អ៊ែល វណ្ណៈ ជាក្រុមខាងអ្នកលក់ដី (គំនិតមេធាវីបានប្រាប់អ្នកពាក់ព័ន្ធថា មិនបាច់ធ្វើកិច្ចសន្យាលក់អីទេ ធ្វើកិច្ចសន្យារួមតែម្តងទៅ ក្នុងការទូទាត់ប្រាក់ និងក្នុងការបំពេញលក្ខខណ្ឌនានា) ដោយលោក ជួន គន្ធា មិនបានសាកសួររកលិខិតលក់ផ្តាច់ពីអ្នកលក់ឲ្យឡើយ។

សមត្ថកិច្ចបានអះអាងថា ក្រុមនេះជាក្រុមឆបោកក្រុមហ៊ុនលក់ដីឡូត៍ ហើយក្រុមមួយនេះបានរៀបចំផែនការរៀបចំទិញដី និងលក់ដី រួចឲ្យឈ្មោះ ជួន គន្ធា នេះ Live តាម Facebook លក់ និងចែកដីឡូត៍ ឲ្យប្រជាពលរដ្ឋតែប៉ុណ្ណោះ ដែលក្នុង១ឡូត៍ចំណាយ ៤៥០ដុល្លារ។ សមត្ថកិច្ចថា ក្រុមនេះជាអ្នករៀបចំឯកសារក្លែង យកដីរដ្ឋមកធ្វើលក់ដូរឲ្យគ្នា បង្កើតបានជាករណីបោកពលរដ្ឋ។

គួរជម្រាបថា កន្លងទៅរដ្ឋបាលស្រុកឱរ៉ាល់ ក៏បានចេញលិខិតបដិសេធ ចំពោះព័ត៌មានថា មានបុគ្គលឈ្មោះ ជួន គន្ធា ធ្វើការចែកដីជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។ ការបដិសេធនេះ បន្ទាប់ពីមានសេចក្ដីជូនដំណឹងមួយរបស់បុគ្គលឈ្មោះ ជួន គន្ធា បានចេញសេចក្ដីជូនដំណឹង ដោយបានអះអាងថា នឹងកាត់ដីឡូត៍ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្ដកំពង់ស្ពឺ ដើម្បីសាងសង់លំនៅដ្ឋាន ឬអាស្រ័យផល ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់។ ការប្រកាសនៅលើបណ្តាញសង្គម លោក ជួន គន្ធា បានប្រកាសចែកជូនដីជូនប្រជាពលរដ្ឋក្រីក្រក្នុងទំហំ១០ គុណ ៣០ម៉ែត្រ តែត្រូវចេញលុយម្នាក់ៗ ៤៥០ដុល្លារ ជាថ្លៃរដ្ឋបាល និងការឈូសឆាយដី៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...