អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ទទួលបានការពិនិត្យសុខភាពបឋម

Posted By: RoogRog Robot | 24-Apr-2024 12:52:58

2024-04-24 11:45am

(ស្ទឹងត្រែង)៖ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងមន្ទីរពេទ្យ ខេវី ត្បូងឃ្មុំ រៀបចំវេទិកាពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសរុបចំនួន២០០នាក់ នៅមណ្ឌលសុខភាពព្រះរំកិល នៅឃុំព្រះរំកិល ស្រុកបុរីអូរសា្វយសែនជ័យ ដែលប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា។

វេទិកាពិនិត្យសុខភាពបឋមនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ការពិនិត្យសុខភាពបឋម ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅទីដាច់ស្រយាល និងកំពុងប្រឈមបញ្ហាសុខភាព និងផ្ដល់ការណែនាំអំពីការថែទាំសុខភាព។

លោកស្រី សម្បត្តិ រចនា អភិបាលរងស្រុកបុរីអូរស្វាយសែនជ័យ បញ្ជាក់អំពីសារសំខាន់នៃការដឹងអំពីស្ថានភាពសុខភាព និងរបៀបថែទាំសុខភាពរបស់ពលរដ្ឋ ដែលសុទ្ធតែជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលរស់នៅឆ្លងកាត់ទុក្ខលំបាកនៃសង្រ្គាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោកស្រីអភិបាលរងស្រុក បានបន្តថា ការមកពិនិត្យសុខភាពនាពេលនេះ គឺពិតជាមានសារសំខាន់សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលកំពុងតែឈានចូលវ័យចាស់ជរា។

លោក ស៊ាង ចិន្ដា ប្រធានក្រុមការងារមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា បានរំឭកអំពីការចូលរួមរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅឃុំព្រះរំកិល ដែលបាននិយាយចែករំលែកសាច់រឿងរបស់ខ្លួនក្នុងរបបខ្មែរក្រហមទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា។ លោក ស៊ាង ចិន្ដា បន្តថា ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ អ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅស្រុកបុរីអូរស្វាយសែនជ័យ បានចុះទៅសម្ភាសន៍ និងសរសេររឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីខ្មែរក្រហម ដែលការចុះទៅជួបផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមផ្ទះ គឺមិនត្រឹមតែផ្ដល់ពេលវេលាឲ្យអ្នកស្ម័គ្រចិត្តរបស់យើងអាចសួរសុខទុក្ខអំពីស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន ក៏ប៉ុន្តែថែមទាំងអាចស្តាប់អំពីបទពិសោធន៍ដែលមិនអាចបំភ្លេចបានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

លោកអ៊ំ សល់ ទឹល អាយុ៦២ឆ្នាំ គឺជាជនជាតិភាគតិចចារាយ រស់នៅក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលបានទទួលបានការពិនិត្យសុខភាពបឋមនៅថ្ងៃនេះ។ នៅក្នុងរបប ប៉ុល ពត លោកអ៊ំត្រូវបានដាក់ឲ្យធ្វើការនៅកងកុមារ។ កាលពីជំនាន់នោះ លោកអ៊ំដើរប្រមូលអាចម៍គោសម្រាប់ទុកធ្វើជី។ លោកអ៊ំមិនបានរស់នៅជួបជុំជាមួយឪពុកម្តាយ និងបងប្អូនទេ។ អ្វីដែលលោកអ៊ំចងចាំមិនភ្លេចនៅក្នុងជំនាន់ខ្មែរក្រហមនោះ គឺការបាត់បង់សមាជិកក្រុមគ្រួសារជាច្រើននៅក្នុងរបបនោះ។ នៅរបបខែ្មរក្រហម លោកអ៊ំមិនអាចបដិបត្តិប្រពៃណីរបស់លោកអ៊ំបាន ហើយសូម្បីតែភាសាចារាយ ក៏លោកអ៊ំមិនអាចនិយាយបានដែរ។

លោកអ៊ំ វង្ស លឹម អាយុ៧៨ឆ្នាំ កើតនៅឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី គឺជាអតីតទាហានភូមិភាគ។ លោកអ៊ំបានផ្លាស់មកនៅខាងប្រពន្ធនៅភូមិក្រឡាពាស ឃុំព្រះរំកិល នៅក្នុងឆ្នាំ១៩៨៦។ លោកអ៊ំគឺជាជនជាតិដើមភាគតិចព្រៅ។ លោកអ៊ំពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះក្រុមគ្រូពេទ្យបានចុះមកពិនិត្យសុខភាព ពីព្រោះរាល់ថ្ងៃនេះលោកអ៊ំក៏មានបញ្ហាជំងឺលើសឈាមដែរ។ លោកអ៊ំ និងជនជាតិភាគតិចព្រៅផ្សេងទៀត ត្រូវបានសម្តេចព្រះ នរោត្តម សីហនុ ជ្រើសរើសឲ្យទៅរៀនបន្តនៅលំផាត់បានត្រឹមថ្នាក់ទី៩។ នៅអំឡុងឆ្នាំ១៩៧០ លោកអ៊ំធ្វើជាគ្រូបង្រៀននៅក្នុងស្រុកតាវែង ស្រាប់តែមានការទម្លាក់គ្រាប់បែកធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ រងរបួស និងបាត់បង់ជីវិតប្រជាជនជាច្រើន។ នៅក្នុងរបប ប៉ុល ពត លោកអ៊ំត្រូវបានចាត់តាំងឲ្យធ្វើស្រែនិងចម្ការ។ នៅអំឡុងឆ្នាំ១៩៧៧ លោកអ៊ំ និងយុវជនជនជាតិភាគតិចផ្សេងទៀតនៅក្នុងភូមិ ត្រូវបានបញ្ជូនទៅលើកទំនប់នៅអូរពួក។ នៅការដ្ឋានទំនប់អូរពួកនេះ មានជនជាតិដើមភាគតិចជាច្រើនត្រូវបានបង្ខំឲ្យធ្វើការ និងលើកទំនប់។ ពេលនោះ លោកអ៊ំនិងយុវជនជនជាតិដើមផ្សេងទៀត ត្រូវបានបង្ខំឲ្យធ្វើការចាប់តាំងពីម៉ោង៦ព្រឹកដល់ម៉ោង១១ រួចសម្រាកថ្ងៃត្រង់បានបន្តិច ក៏ចូលទៅធ្វើការបន្ត ហើយពេលខ្លះរហូតដល់ម៉ោង៧យប់។ រឿងរ៉ាវដែលខ្ញុំចងចាំមិនភ្លេចនៅក្នុងរបបខ្មែរក្រហម គឺនៅពេលខ្មែរក្រហមស្រែកបង្ខំឲ្យធ្វើការដោយពាក្យគំរាមថា <<បើមិនធ្វើការ ប្រយ័ត្នត្រូវមួយត្បូងចប>>។

លោកអ៊ំទាំង២ និងប្រជាពលរដ្ឋផ្សេងទៀត សុទ្ធតែមិនចង់ឲ្យរបបខ្មែរក្រហមកើតឡើងជាថ្មីម្តងទៀតនោះទេ ដោយសារតែរបបនេះធ្វើបាបប្រជាជនយ៉ាងខ្លាំង៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...