រដ្ឋមន្ដ្រី នេត្រ ភក្ត្រា សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរស័ព្ទ (APP NO DRUGS) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

Posted By: RoogRog Robot | 23-Apr-2024 17:49:40

2024-04-23 04:45pm

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ តំណាងលោកសន្តិបណ្ឌិត នេត្រ សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរស័ព្ទ (APP NO DRUGS) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅសាលាអន្តរជាតិប៊ែលធី ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ Link App No Drugs (https://apps.apple.com/kh/app/nodrug/id6478189618)។

នាយឧត្តមសេនីយ៍ មាស វិរីទ្ធ អគ្គលេខាធិការនៃអាជ្ញាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ក្នុងន័យរក្សាការពារសមិទ្ធផលដែលសម្រេចក្នុងពេលកន្លងមក ក៏ដូចជាដើម្បីទប់ទល់ទៅនឹងនិន្នាការ និងល្បិចកលថ្មីៗរបស់ក្រុមឧក្រិដ្ឋជន ពិសេសឈានទៅអនុវត្តឲ្យបានសម្រេចនូវគោលការណ៍ណែនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់គ្រឿងញៀនឲ្យអស់ពីកម្ពុជា លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ បានយកចិត្តទុកដាក់ និងចាត់ចែង អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។

ម្យ៉ាងវិញទៀត ដោយផ្អែកលើបទពិសោធន៍ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក លោកសន្តិបណ្ឌិត នេត សាវឿន បានចាត់ទុកការ យល់ដឹងច្បាស់លាស់ និងការចូលរួមសកម្មពីមហាជន គឺជាកត្តាមិនអាចខ្វះបាន និងកំណត់ ពីប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហេតុនេះហើយ ទើបបានជាលោកបានដាក់ចេញនូវគំនិតផ្តួចផ្តើម និងវិធានការថ្មីៗ ប្រកបដោយការឆ្នៃប្រឌិត ក្នុងនោះក៏មាន កម្មវិធីទូរស័ព្ទដៃ ដែលកំពុងដំណើរការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ។

លោក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើបទបង្ហាញពីការរៀបចំកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនៅក្នុង APP មានជា វីដេអូកម្សាន្ត អប់រំ ព័ត៌មាន មេរៀន និងការដាក់បញ្ជូលនូវព័ត៌មានរបស់មជ្ឈមណ្ឌលអប់រំកែប្រែទូទាំងប្រទេស រដ្ឋ និងឯកជន។ ប្រជាពលរដ្ឋអាចរាយការណ៍ នូវរាល់ករណីគ្រឿងញៀនមកកាន់អាជ្ញាធរជាសម្ងាត់ និងឆាប់រហ័ស។

អ្នកចូលមើល ក៏អាចទទួលបាននូវចំណេះដឹងទូទៅពាក់ព័ន្ធនឹងគ្រឿងញៀន និងចំណេះដឹងពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពបំណិនជីវិត ដែលជាមូលដ្ឋានក្នុងការបង្ការ និងការពារខ្លួន ការពារគ្រួសារ ក៏ដូចជាមិត្តភក្តិ កុំឱ្យពាក់ព័ន្ធ ឬចាញ់ការបោកបញ្ឆោទឲ្យទៅប្រើប្រាស់គ្រឿងញៀន។ រីឯ និស្សិត និងសិស្សានុសិស្ស គឺអាចប្រមូលបានព័ត៌មានជាច្រើន ដែលទៅថ្ងៃខាងមុខនេះ ការយល់ដឹងអំពីគ្រឿងញៀន នឹងក្លាយទៅជាវិញ្ញាសារមួយ ដែលត្រូវប្រលងយកពិន្ទុរដែរផងដែរ ព្រោះរាល់ឯកសារពាក់ព័ន្ធនឹងគ្រឿងញៀន ពិសេសឯកសារដែលបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក គឺបានត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីទូរស័ព្ទដៃនោះ។

លោក នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ បានគូសបញ្ជាក់ថា ការដាក់ឲ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពង្រឹងនិងពង្រីកវិសាលភាព នៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ឲ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងកម្ពុជា ធ្វើយ៉ាងណាឲ្យសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពកាន់តែរឹងមាំក្នុងការបង្ការការពារខ្លួន ការពារក្រុមគ្រួសារ និងមិត្តភក្តិ។

ជាងនេះទៅទៀត គឺដើម្បីឲ្យពួកគាត់បានយល់ដឹង និងអាចចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច អនុវត្តច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។ លោកក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមប្រើប្រាស់ APP NoDrug ទាំងអស់គ្នាព្រមទាំងជួយផ្សព្វផ្សាយដល់សមាជិកគ្រួសារ មិត្តភ័ក្តិឲ្យប្រើប្រាស់ទាំងអស់គ្នា។

លោករដ្ឋមន្ដ្រី បានថ្លែងទៀតថា គ្រប់ភាគីទាំងអស់ត្រូវចូលរួមកិច្ចការងារអប់រំ បំផុសចលនា លើកទឹកចិត្តឲ្យមានការចូលរួមច្រើនកុះករពីគ្រប់សមាសភាពនៃសង្គម សំដៅបង្កើតបានជាកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជាពិសេស ស្រទាប់យុវជនក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក <<៣កុំ ១រាយការណ៍>>។ ទន្ទឹមគ្នានេះ ត្រូវជំរុញចលនាផ្សព្វផ្សាយគោលនយោបាយ <<ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព>> ឲ្យបានសកម្ម ផុលផុសតាមគ្រប់រូបភាព គ្រប់ទីកន្លែង ចំគោលដៅ និងចំមុខសញ្ញា ជាពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីបានជ្រួតជ្រាប យល់ដឹងអំពី គ្រោះថ្នាក់ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្លើយបដិសេធចំពោះគ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀន។

លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកម្មវិធីទូរស័ព្ទដៃនេះថា ជាមធ្យោបាយដ៏ចាំបាច់ស្របនឹងការវិវត្តបច្ចុប្បន្ននៃសង្គមឌីជីថល និងវាអាចផ្តល់ប្រសិទ្ធភាពក្នុងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ ដោយនាំនូវព័ត៌មានសំខាន់ៗ និងចំណេះដឹងពាក់ព័ន្ធឲ្យកាន់តែខិតជិតប្រជាពលរដ្ឋណៅគ្រប់ទិសទី និងគ្រប់ស្រទាប់វណ្ណៈទាំងអស់ក្នុងសង្គម។ កម្មវិធីទូរស័ព្ទដៃនេះ អាចពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំ ឲ្យបានទៅដល់ប្រជាពលរដ្ឋស្ទើរគ្រាប់អ្នកដែលមានទូរស័ព្ទដៃប្រើ មិនថា ចាស់ឬក្មេង នៅទីប្រជុំជន នៅជនបទ ឬនៅក្រៅប្រទេសឡើយ គឺអាចទទួលបានព័ត៌មាន ទទួលបានការអប់រំ ទទួលបានការកម្សាន្ដសប្បាយ។

ជាមួយគ្នានោះ ក៏អាចចូលរួមជាយោបល់ លើកជាសំណូមពរ ផ្តល់ជាព័ត៌មាន ឬរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីទទួលបានការឆ្លើយតប ឬកិច្ចអន្តរាគមន៍តាមបញ្ហាដែលពួកគាត់បានជួបប្រទះ ក្នុងនោះរួមទាំងការឆ្លើយតបចំពោះបងប្អូនដែលមានកូនចៅ ឬញាត្តមិត្តញៀនគ្រឿងញៀន ក៏អាចស្វែងរកព័ត៌មាន និងស្នើសុំកិច្ចអន្តរាគមន៍ តាមរយៈកម្មវិធីទូរស័ព្ទដៃនេះផងដែរ៕







































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...