នាយករដ្ឋមន្រ្តីហុងគ្រី ជឿថាសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន អាចបញ្ចប់នៅចុងឆ្នាំ២០២៥

Posted By: RoogRog Robot | 23-Apr-2024 17:20:18

2024-04-23 04:14pm

(ប៊ុយដាប៉ែស)៖ នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បាននិយាយថាសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន អាចនឹងដោះស្រាយបាន នៅចុងឆ្នាំ ២០២៥ ប្រសិនបើបុគ្គលប្រកាន់និន្នាការគាំទ្រសន្តិភាព មិនមែនសង្រ្គាម ទទួលជ័យជម្នះក្នុងការបោះឆ្នោតសភាអឺរ៉ុប នៅខែមិថុនា និងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកា ដោយលោកបានកត់សម្គាល់ថា វាគឺជារឿងចាំបាច់ ក្នុងការទប់ស្កាត់បុគ្គល ដែលមាននិន្នាការគាំទ្រឱ្យ បន្តមានអរិភាពនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ ២០២៤។

លោក Orban បានបញ្ជាក់ថា <<ប្រសិនបើអ្នកគាំទ្រសន្តិភាព ជាអ្នកឈ្នះការបោះឆ្នោតក្នុងសភាអឺរ៉ុប នោះការសម្រេចចិត្តផ្នែកយោធា របស់អឺរ៉ុបនឹងថមថយ បញ្ឈប់ ឬលុបចោលតែម្តង>>។ ដោយសំដៅទៅលើ លោក ចូ បៃដិន និងលោក ដូ ណាល់ត្រាំ លោកនាយករដ្ឋមន្រ្តីហុងគ្រីរូបនេះ បានបន្ថែមថា <<ចំណែកការបោះឆ្នោតមួយទៀត នៅឯសហរដ្ឋអាមេរិក គឺមានបេក្ខជនចូលចិត្តសង្រ្គាម រីឯម្នាក់ទៀតចូលចិត្តសន្តិភាព ប្រសិនបើបេក្ខជនគាំទ្រសន្តិភាពជាអ្នកឈ្នះ ហើយអ្វីៗដំណើរការទៅយ៉ាងល្អ នោះបណ្តាមេដឹកនាំនយោបាយ ដែលតស៊ូមតិដើម្បីសន្តិភាព នឹងអាចបោះជំហានឈានទៅមុខ ទាំងនៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក។ បន្ទាប់មកយើងអាចបញ្ចប់សង្រ្គាមនៅចុងឆ្នាំ ២០២៥>>។

គួរបញ្ជាក់ថា ជារឿយៗ លោក Orban តែងតែរិះគន់ទៅលើជំនួយយោធាសម្រាប់ជួយអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ នៅក្នុងសហភាពអឺរ៉ុប លោកក៏ត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធម្នាក់របស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ហើយមានទំនាក់ទំនងនឹងគ្នាជាញឹកញាប់៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...