អ្នកជំនាញអារ្យធម៌ខ្មែរ អំពាវនាវឱ្យទៅទស្សនា ការសម្តែងក្បាច់គុនល្បុក្កតោ និងសៅលីង នៅខេត្តសៀមរាប នៅថ្ងៃស្អែក

Posted By: RoogRog Robot | 23-Apr-2024 12:20:22

2024-04-23 11:17am

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវប្រជាពលរដ្ឋ ឱ្យទៅទស្សនា ការសម្តែងក្បាច់គុនល្បុក្កតោ របស់កម្ពុជា និងសៅលីង របស់ចិន នៅខេត្តសៀមរាប ដោយលោកចាត់ទុកថា នេះជាផ្នែកមួយដ៏ធំ ក្នុងការផ្សព្វផ្សាយពីវប្បធម៌របស់ប្រទេសទាំងពីរ លើឆាកអន្តរជាតិ។

<<ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor>> នឹងរៀបចំទ្បើងនៅបរិវេណខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧៖៣០នាទីព្រឹក ជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នានៃខេត្តហឺណាន និងខេត្តសៀមរាប ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ <<ទស្សនាសៀមរាប ឆ្នាំ២០២៤>> និង <<ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤>>។

អ្នកជំនាញអារ្យធម៌ខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះថា <<ខ្ញុំគិតថា នេះជាព្រឹត្តិការណ៍ថ្មី យើងពីមុនធ្លាប់តែផ្លាស់ប្តូរសិល្បៈរវាងគ្នានឹងគ្នា ឥលូវយើងផ្លាស់ប្តូរសិល្បៈក្បាច់គុន ដែលជាក្បាច់គុន វ័យចំណាស់ទាំងពីរ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋប្រទេសទាំងពីរបានស្គាល់ នេះល្អមែនទែន ដែលយើងក្បាច់គុនសៅលីង ឬកុងហ្វូនេះ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដូចជាប្រទេសនានា លើពិភពលោកបានស្គាល់>>។

លោក រ័ត្ន សណ្តាប់ បន្តថា <<ខ្មែរមានល្បុក្កតោ ជាក្បាច់គុនចំណាស់ ហើយចិនមានកុងហ្វូ ជាក្បាច់គុនចំណាស់ ដូចគ្នា នេះបង្ហាញពីគុណតម្លៃជាសាកលដែរ។ សូមបងប្អូនយើង ទៅចូលរួមដើម្បីបានឃើញពីគុណតម្លៃនៃក្បាច់គុន ដែលមានលក្ខណៈពិសេសរៀងៗខ្លួន ព្រោះក្បាច់គុនឥលូវ បម្រើឱ្យវិស័យទេសចរណ៍ សិល្បៈ និងកាយសម្បទា>>។

ក្បាច់គុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ជាច្រើនសតវត្សរ៍មកហើយ និងបន្តរស់រានក្នុងសង្គមខ្មែរ រហូតដល់បច្ចុប្បន្ននេះ។ ចម្លាក់ លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។

ចំណែកឯ សៅលិញ គឺជាក្បាច់ដ៏ចំណាស់បំផុត និងល្បីបំផុត ដែលជាផ្នែកមួយនៃក្បាច់គុនកុងហ្វូរបស់ចិន។ បើតាមឯកសារចិន សៅលិញ មានប្រភពដើម និងត្រូវបានបង្កើតឡើងនៅក្នុងប្រាសាទសៅលីង ក្នុងខេត្ត Henan នៃប្រទេសចិន ក្នុងអំឡុងប្រមាណ ១៥០០ឆ្នាំមុន។

សូមជម្រាបថា ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន អាចចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ <<ទស្សនាសៀមរាប ឆ្នាំ២០២៤>> និង <<ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤>>៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...