UN ព្រមានថា មនុស្ស ៨០០,០០០នាក់នៅទីក្រុងមួយរបស់ស៊ូដង់ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង

Posted By: RoogRog Robot | 20-Apr-2024 22:54:22

2024-04-20 09:49pm

(ខាទុំ)៖ ក្រុមមន្រ្តីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ (UN) បានព្រមានក្រុមប្រឹក្សាសន្តិសុខថា មនុស្សប្រហែល ៨០០,០០០នាក់ នៅទីក្រុងមួយនៃប្រទេសស៊ូដង់ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង ខណៈដែលអំពើហិង្សាកាន់តែអាក្រក់ទៅៗ ហើយបង្កការគំរាមកំហែងដល់ជម្លោះយ៉ាងបង្ហូរឈាមនៅទូទាំងទីក្រុង Darfur។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព៍ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ ២០២៤។

ប្រធានផ្នែកកិច្ចការនយោបាយ UN លោកស្រី Rosemary DiCarlo បានប្រាប់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥រូបថា ការប្រយុទ្ធគ្នារវាងសមាជិកនៃកងកម្លាំងទាហានប៉ារ៉ា (RSF) និងកងទ័ពជាតិស៊ូដង់ (SAF) បានខិតជិតដល់ទីក្រុង El Fasher រដ្ឋធានីនៃតំបន់ North Darfur។ ចំណែក លោកស្រី Edem Wosornu នាយកប្រតិបត្តិនៃការផ្តល់ជំនួយរបស់ UN បាននិយាយថា អំពើហិង្សាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ និងភ្លាមៗដល់ជនស៉ីវិល ៨០០,០០០នាក់ដែលកំពុងរស់នៅក្នុងទីក្រុង El Fasher ហើយវាប្រថុយនឹងបង្កជាអំពើហិង្សាថែមទៀតនៅផ្នែកផ្សេងនៃទីក្រុង Darfur ជាកន្លែងដែលមនុស្សជាង ៩លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង។

គួរបញ្ជាក់ថា ជម្លោះដណ្តើមអំណាចនៅស៊ូដង់ បានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៣ នាំឱ្យមនុស្សជិត ២៥លាននាក់ស្មើនឹងពាក់កណ្តាលនៃចំនួនប្រជាជនសរុបត្រូវការជំនួយ ហើយប្រហែល ៨លាននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...