អាជ្ញាធរស្រុមមេមត់ បើកកិច្ចប្រជុំពិភាក្សាចងក្រងប្រវត្តិកកើត រមណីយដ្ឋានទឹកធ្លាក់ហោង ដើម្បីរៀបចំឱ្យក្លាយទៅជាតំបន់ទេសចរណ៍ស្តង់ដារសម្រាប់ខេត្តត្បូងឃ្មុំ

Posted By: RoogRog Robot | 20-Apr-2024 13:23:53

2024-04-20 12:20pm

(ត្បូងឃ្មុំ)៖ អាជ្ញាធរស្រុកមេមត់ បានកិច្ចប្រជុំពិភាក្សាចងក្រងប្រវត្តិកកើត នៃរមណីយដ្ឋានទឹកធ្លាក់ហោង ដើម្បីរៀបចំតំបន់ទឹកធ្លាក់ធម្មជាតិនេះ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ស្តង់ដាសម្រាប់ខេត្តត្បូងឃ្មុំ ដែលស្ថិតក្នុងភូមិសាស្រ្ត ឃុំកពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុកមេមត់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្តមានអភិបាលស្រុកមេមត់ ប្រធានក្រុមប្រឹក្សាស្រុក ប្រធាន-អនុប្រធានមន្ទីរជំនាញចំនួន០៣ រួមមាន៖ មន្ទីរវប្បធម៌ មន្ទីរព័ត៌មាន និងមន្ទីរទេសចរណ៍ ព្រមទាំង អភិបាលរងស្រុក មន្រ្តីសាលាស្រុក លោកមេឃុំកំពាន់ ចាស់ព្រឹទ្ធាចារ្យ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ស្រេង លី អភិបាលស្រុកមេមត់ បានជម្រាបជូនដល់មន្ទីរជំនាញទាំង៣ និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមរៀបចំចងក្រង ធ្វើប្លង់មេ ឬផែនការមេ (Master Plan) និងសិក្សាស្រាវជ្រាវតាមរយៈឯកសារនានា តាមរយៈការដំណាលតៗគ្នា ពីសំណាក់ចាស់ព្រឹទ្ធាចារ្យ ដែលរស់នៅតំបន់នោះ ឱ្យបានច្បាស់លាស់ តាមលក្ខណៈបច្ចេកទេស ដើម្បីជូនលោកបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកមេមត់ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យក្នុងការស្ថាបនាផ្លូវចូលទៅកាន់តំបន់នេះ និងលទ្ធភាពធ្វើឱ្យតំបន់នេះ ក្លាយជាតំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិ ស្តង់ដារសម្រាប់ខេត្តត្បូងឃ្មុំ។

លោក ស្រេង លី ក៏បានបន្តលើកឡើងថា ចំពោះការរៀបចំតំបន់ធម្មជាតិទឹកធ្លាក់ហោងនេះ ទាមទាឱ្យមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្រុក បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់នេះ និងមានការគាំទ្រ ពីគ្រប់ស្ថាប័ន មន្ទីរជំនាញ ក្រសួង ពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល។

សូមជម្រាបជូនថា រមណីយដ្ឋានទឹកធ្លាក់ហោង គឺជារមណីដ្ឋានធម្មជាតិ ស្ថិតភូមិលោក ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានទឹកធ្លាក់ជាដំណាក់ៗ ជាតំបន់ភ្នំក្រំថ្ម មានរូងថ្មរាប់សិបម៉ែត្រការេ ហើយមានទេសភាពស្រស់បំព្រង និងខ្យល់អាកាសល្អបរិសុទ្ធ។

ប្រសិនធ្វើដំណើរ តាមភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ មានចម្ងាយប្រមាណ ៥៧គ.ម ពីទីរួមខេត្តត្បូងឃ្មុំ កាត់តាមផ្លូវជាតិលេខ៧ ផ្លូវបត់ចូលត្រង់ឃុំក្រែក ស្រុកពញាក្រែក និងពីទីរួមស្រុកមេមត់ ចូលតាមភូមិបុរីតេជោផ្លាកសំរោង មានចម្ងាយចំនួន ៣៥គ.ម និងមានចម្ងាយប្រមាណ ១៩០ គ.ម ពីរាជធានីភ្នំពេញ។

ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិត‌ៗ និងហែលទឹកកម្សាន្ដលេងជាមួយល្បឿនទឹកហូរ។ ភ្ញៀវជាញឹកញាប់បានទៅទីនោះ ដើម្បីអធិដ្ឋានដល់ព្រះពុទ្ធបដិមា និងដើម្បីស្វែងរកពរជ័យពីព្រះសង្ឃដែលគង់នៅទីនោះ។

បើយោងតាមអាជ្ញាធរមូលដ្ឋាននៅទឹកធ្លាក់ហោងមានដីប្រមាណ ១,៨០០ហិតា ដែលសុទ្ធសឹងតែជាព្រៃក្រាស់ មានដើមឈើតូចធំ វល្លិ រំយោល និងមានឫសរុក្ខជាតិរយីងរយោងបែបធម្មជាតិគួរជាទីគយគន់ សក្ដិសមសម្រាប់អ្នកស្រឡាញ់ធម្មជាតិបៃតង ចូលចិត្តភាពស្ងប់ស្ងាត់ និងត្រូវការលំហែអារម្មណ៍ឱ្យស្រស់ស្រាយ ងូតទឹកលេង ជាមួយទឹកធ្លាក់ពីធម្មជាតិ នឹងធ្វើឱ្យអ្នកទេសចរទាំងឡាយបង្កើតអនុស្សាវរីយ៍ច្រើនរាប់មិនអស់ ពេលបានមកលេងទីនេះ៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...