លោក ហ្សេលេនស្គី ថា​NATO ត្រូវតែសម្រេចចិត្តថាតើខ្លួនគឺជាសម្ព័ន្ធមិត្ត របស់អ៊ុយក្រែន ឬក៏អត់?

Posted By: RoogRog Robot | 20-Apr-2024 11:16:58

2024-04-20 10:13am

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា NATO ត្រូវតែធ្វើការជ្រើសរើសថាតើខ្លួនគឺជាសម្ព័ន្ធមិត្តពិតប្រាកដរបស់អ៊ុយក្រែនដែរ ឬក៏យ៉ាងណា ខណៈទទូចថាអ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយសហរដ្ឋអាមេរិកយ៉ាងតិច ៧គ្រឿងបន្ថែមទៀត ដើម្បីទប់ទល់នឹង ការវាយប្រហារតាមផ្លូវអកាសពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសជាសមាជិក NATO កាលពីថ្ងៃសុក្រ ទី១៩ ខែមេសា។ តាមលោក ហ្សេលេនស្គី អ៊ុយក្រែនមិនអាចការពារខ្លួនឯងបានឡើយ ប្រសិនបើគ្មានជំនួយយោធាពីលោកខាងលិចទេនោះ ហើយបច្ចុប្បន្នគឺជាពេលដែល NATO ត្រូវតែធ្វើការជ្រើសរើសថាតើខ្លួនគឺជាសម្ព័ន្ធមិត្តពិតប្រាកដរបស់អ៊ុយក្រែនដែរ ឬអត់? ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា <<ដែនអាកាសរបស់យើង ត្រូវតែមានសុវត្ថិភាពម្ដងទៀត។ វាអាស្រ័យទាំងស្រុងលើជម្រើសរបស់អ្នក នោះគឺជម្រើសថាតើជីវិតទាំងអស់មានតម្លៃស្មើៗគ្នាដែរទេ? ជម្រើសថាតើអ្នកមានជំហរយុត្តិធម៌ ចំពោះដៃគូទាំងអស់របស់ខ្លួនដែរឬទេ? ជម្រើសថាតើយើងគឺជាសម្ព័ន្ធមិត្តនឹងគ្នាដែរឬទេ?>>។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) រដ្ឋសភាអាមេរិកគ្រោងនឹងធ្វើការបោះឆ្នោតមួយលើកញ្ចប់ជំនួយយោធាថ្មីទំហំ ៦១ពាន់លានដុល្លារសម្រាប់ អ៊ុយក្រែន ដែលត្រូវបានពន្យារពេលជាច្រើនខែមកហើយ ដោយសារតែការជំទាស់ពីសមាជិករដ្ឋសភាអាមេរិកមួយចំនួនមកពីគណបក្សសាធារណរដ្ឋដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយលោក ដូណាល់ ត្រាំ៕




News Source: freshnewsasia.com
LATEST NEWS
​«កម្ពុជា​សប្តាហ៍​នេះ»
MORE NEWS CLICK HERE...