អ៉ីរ៉ង់ ឱ្យសញ្ញាថាគ្មានផែនការសងសឹក ប្រឆាំងនឹងអ៉ីស្រាអែលឡើយ

Posted By: RoogRog Robot | 20-Apr-2024 11:00:09

2024-04-20 09:49am

(ហ្ស៊េរុយសាឡិម)៖ អ៉ីរ៉ង់បានបង្ហាញថាសញ្ញាថាមិនមានផែនការសងសឹក ចំពោះការវាយប្រហារនៅក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃសុក្រ ទី១៩ ខែមេសា ដែលត្រូវបាន ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថាជាស្នាដៃរបស់អ៉ីស្រាអែលនោះទេ ដែលនេះទំនងជាការបញ្ជាក់ពីបំណងចង់បញ្ចៀសង្គ្រាមទ្រង់ទ្រាយធំ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian បាននិយាយថាដ្រូនដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្សាយថាបាញ់ចេញពីអ៉ីស្រាអែល វាយប្រហារលើទីក្រុង Isfahan គឺជាប្រភេទដ្រូនខ្នាតតូច ហើយក៏មិនមានការខូចខាត ឬជនរងគ្រោះនៅក្នុងការវាយប្រហារនេះនោះដែរ។ ការវាយប្រហារទ្រង់ទ្រាយតូចបែបនេះ និងការស្ងប់ស្ងាត់របស់អ៉ីរ៉ង់ គឺជាសញ្ញាមួយបញ្ជាក់ពីជោគជ័យនៃកិច្ចប្រឹងប្រែងរបស់ក្រុមមន្ត្រីការទូត ដែលបានព្យាយាមបញ្ចៀសកុំឱ្យសង្រ្គាមរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ផ្ទុះឡើង បន្ទាប់ពីការសងសឹកដាក់គ្នាទៅវិញទៅមករវាងប្រទេសជាគូសត្រូវទាំង២។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ និងក្រុមមន្ត្រីអ៉ីរ៉ង់ បានចាត់ទុកថាការវាយប្រហារកាលពីថ្ងៃសុក្រ គ្រាន់តែជាស្នូរផ្ទុះតូចៗ ដែលកើតចេញពីការបាញ់ទម្លាក់ដ្រូន ៣គ្រឿងដោយប្រព័ន្ធការពារដែនអាកាសអ៉ីរ៉ង់ នៅលើទីក្រុង Isfahan ស្ថិតនៅភាគកណ្ដាលនៃប្រទេសអ៉ីរ៉ង់។ លើសពីនេះទៅទៀត ក្រុមមន្ត្រីអ៉ីរ៉ង់ក៏បានអះអាងដែរថា តេហេរ៉ង់គ្មានផែនការសងសឹកប្រឆាំងអ៉ីស្រាអែលនោះទេក្នុងពេលនេះ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...