ធនធានមនុស្សនៅតែជាបញ្ហាប្រឈម សម្រាប់វិស័យទេសចរណ៍វៀតណាម

Posted By: RoogRog Robot | 19-Apr-2024 17:35:33

2024-04-19 04:32pm

(ហាណូយ)៖ ធនធានមនុស្ស សម្រាប់វិស័យទេសចរណ៍របស់វៀតណាម នៅតែមិនគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព ដែលបង្កបញ្ហាប្រឈមយ៉ាងខ្លាំង សម្រាប់ឧស្សាហកម្មនេះ ក្នុងបរិបទនៃការប្រកួតប្រជែងដ៏ស្វិតស្វាញ និងសមាហរណកម្មអន្តរជាតិ កាន់តែស៊ីជម្រៅ។ នេបើយោងតាមកាសែត Vietnam News។

យោងតាមកាសែត Vietnam News អាជ្ញាធរជាតិទេសចរណ៍វៀតណាម (VNAT) បានឱ្យដឹងថា ប្រទេសវៀតណាមមានគ្រឹះស្ថានបណ្តុះបណ្តាលទេសចរណ៍ចំនួន ១៩៥ ទីតាំងដែលក្នុងនោះ មានសាកលវិទ្យាល័យចំនួន៦៥ មហាវិទ្យាល័យចំនួន៥៥ សាលាវិជ្ជាជីវៈចំនួន៧១ មជ្ឈមណ្ឌលបណ្តុះបណ្តាលការងារចំនួន៤ និងគ្រឹះស្ថានចំនួន២ ដែលដំណើរការដោយសហគ្រាស។ គ្រឹះស្ថានទាំងអស់អាចផ្តល់បុគ្គលទេសចរណ៍ប្រហែល ២ម៉ឺននាក់ក្នុងមួយឆ្នាំ ខណៈដែលវិស័យទេសចរណ៍វៀតណាមត្រូវការ ៤ម៉ឺននាក់។

ក្នុងចំណោមកម្លាំងពលកម្មទេសចរណ៍ មានតែ ៤៣ភាគរយប៉ុណ្ណោះ ដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងវិស័យទេសចរណ៍ ហើយមានតែ ៩,៧ភាគរយប៉ុណ្ណោះ ដែលមានសញ្ញាបត្រពីសាកលវិទ្យាល័យ និងសញ្ញាបត្រក្រោយឧត្តមសិក្សា។

របាយការណ៍ដែលចេញផ្សាយ ដោយវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ទេសចរណ៍វៀតណាម បានបង្ហាញថា គុណភាពនិងផលិតភាពការងារ ក្នុងឧស្សាហកម្មទេសចរណ៍វៀតណាម នៅមានកម្រិតទាបនៅឡើយ។ ឧទាហរណ៍ ផលិតភាពការងារនៅសណ្ឋាគារក្នុងប្រទេសវៀតណាម មានត្រឹមតែ ១ភាគ១៥ ធៀបនឹងសិង្ហបុរី ១ភាគ១០ ធៀបនឹងប្រទេសជប៉ុន និង ១ភាគ៥ ធៀបនឹងម៉ាឡេស៊ី។ ដូចនេះ បុគ្គលិកទេសចរណ៍វៀតណាម ត្រូវប្រឈមការប្រកួតប្រជែងដ៏ស្វិតស្វាញ នៅលើទឹកដីកំណើតរបស់ខ្លួន។

លោក Dao Mạnh Hung ប្រធានសមាគមអប់រំទេសចរណ៍វៀតណាម ត្រូវបានដកស្រង់សម្ដីដោយកាសែត Vietnam News ខណៈថ្លែងក្នុងសិក្ខាសាលាស្តីពី <<បណ្តុះបណ្តាល និងប្រើប្រាស់ធនធានមនុស្សទេសចរណ៍ ស្តង់ដារអន្តរជាតិក្នុងសម័យកាលបច្ចុប្បន្ន>> ដែលរៀបចំឡើងនៅទីក្រុងហាណូយនាពេលថ្មីៗនេះថា ខណៈដែលកិច្ចព្រមព្រៀង ស្តីពីការរៀបចំទទួលស្គាល់គ្នាទៅវិញទៅមក របស់អាស៊ានលើអ្នកជំនាញទេសចរណ៍ (MRA-TP) អនុញ្ញាតឱ្យមានចលនាបុគ្គលិកទេសចរណ៍ ជំនាញក្នុងប្លុកនេះ បុគ្គលិកទេសចរណ៍បរទេសអាចធ្វើដំណើរមក ធ្វើការនៅប្រទេសវៀតណាម ដែលបង្កការគំរាមកំហែងការងារ ដល់បុគ្គលិកក្នុងស្រុក។

បុគ្គលិកទេសចរណ៍ជាច្រើន មកពីប្រទេសនានាដូចជាហ្វីលីពីន ថៃ ឥណ្ឌូណេស៊ី និងសិង្ហបុរីបានមកធ្វើការនៅវៀតណាម ហើយសណ្ឋាគារលំដាប់ផ្កាយ៤ និង៥ ភាគច្រើននៅវៀតណាមកំពុងជួលបុគ្គលិកបរទេស។

ជាមួយនឹងការស្ទុះងើបឡើងវិញយ៉ាងខ្លាំង នៃវិស័យទេសចរណ៍ក្រោយជំងឺរាតត្បាតកូវីដ-១៩ អាជីវកម្មទេសចរណ៍ជាច្រើនបានដំណើរការឡើងវិញ ហើយគ្រឹះស្ថានស្នាក់នៅទំនើបៗកាន់តែច្រើនកំពុងបើកដំណើរការ ដែលធ្វើឱ្យកង្វះខាតធនធានមនុស្សផ្នែកទេសចរណ៍ ដែលមានជំនាញកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមកាសែត Vietnam News៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...