Micron ទទួលជំនួយពីរដ្ឋាភិបាលអាមេរិក ៦.១ពាន់លានដុល្លារ ដើម្បីជំរុញផលិតកម្មបន្ទះឈីបក្នុងស្រុក

Posted By: RoogRog Robot | 19-Apr-2024 17:11:25

2024-04-19 03:56pm

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Micron ត្រូវបានរាយការណ៍មកថា នឹងទទួលបានជំនួយជាទឹកប្រាក់ចំនួន ៦.១ពាន់លានដុល្លារ ពីក្រសួងពាណិជ្ជកម្មអាមេរិក ដែលទឹកប្រាក់ទាំងនេះ នឹងយកទៅជំរុញការផលិតបន្ទះឈីបក្នុងស្រុក ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកបន្ទះឈីបដែលផលិតនៅបរទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

សមាជិកព្រឹទ្ធសភានៅញូវយ៉ក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកប្រាក់ជំនួយនេះ មិនទាន់ឈានដល់ដំណាក់កាលបញ្ចប់នៅឡើយទេ ហើយមូលនិធិនេះទៀតសោត នឹងយកទៅជំរុញការផលិតបន្ទះឈីបនៅក្នុងទីក្រុង New York និង Idaho ក្រោមច្បាប់ CHIPS & Science។ កញ្ចប់ជំនួយដ៏ធំសម្បើមប្រចាំប្រវត្តិសាស្ត្រនេះ នឹងធ្វើឲ្យក្រុមហ៊ុនបន្ទះឈីប Micron កាន់តែមានឥទ្ធិពល និងជំរុញឲ្យក្រុមហ៊ុននេះ មានសមត្ថភាពកាន់តែខ្លាំងទ្វេដងក្នុងផលិតកម្មបន្ទះឈីប ហើយអាចបង្កើតការងារខ្ទង់ ៥០,០០០កន្លែងផងដែរ។ តាមប្រភព Micron មានគម្រោងសាងសង់រោងចក្រផលិតបន្ទះសៀគ្វីដ៏ស្មុគស្មាញមួយ នៅទីក្រុងញូវយ៉កក្នុងរយៈពេល២០ឆ្នាំខាងមុខ។

ការចាយប្រាក់រាប់ពាន់លានដុល្លារនៅពេលនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យអាមេរិកកាត់បន្ថយការពឹងផ្អែកបន្ទះឈីប ដែលផលិតនៅបរទេស។សមាជិកសភាបានព្រមានថា ការពឹងផ្អែករបស់សហរដ្ឋអាមេរិកលើបន្ទះឈីបដែលផលិតនៅតៃវ៉ាន់ ដោយក្រុមហ៊ុន TSMC គឺមានគ្រោះថ្នាក់ ដោយសារតែបញ្ហាភូមិសាស្ត្រនយោបាយ និងបញ្ហាជាមួយចិន។

គួរជម្រាបថា នេះមិនមែនជារឿងចម្លែកទេ ដែលរដ្ឋាភិបាលអាមេរិកផ្តល់ប្រាក់ជំនួយដល់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ដើម្បីបង្កើនសមត្ថភាពផលិត ដោយក្រុមហ៊ុន Intel ទើបទទួលបានទឹកប្រាក់ចំនួន ៨.៥ ពាន់លានដុល្លារកាលពីខែមុន ខណៈដែលក្រុមហ៊ុន TSMC របស់តៃវ៉ាន់ទទួលបាន ៦.៦ ពាន់លានដុល្លារក្នុងខែមេសា ដើម្បីបង្កើតផលិតកម្មនៅអាមេរិក។ បន្ថែមពីនេះ ក្រុមហ៊ុន Samsung ទើបទទួលបាន ៦.៤ ពាន់លានដុល្លារ ដើម្បីបង្កើនផលិតកម្មនៅក្នុងរដ្ឋតិចសាស់៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...