តម្លៃគ្រាប់ស្វាយចន្ទី​សើមកើន​ដល់ ៥០០០រៀលក្នុង១គីឡូក្រាម ជាតម្លៃមិនធ្លាប់មានពីមុនមក ខណៈ៣ខែនាំចេញជាង ៤០ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៥០០លានដុល្លារ

Posted By: RoogRog Robot | 19-Apr-2024 16:37:52

2024-04-19 03:32pm

(ភ្នំពេញ)៖ ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីសើម ក្នុងខែមេសា​នេះ បានកើនឡើងដល់ ៥០០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃខ្ពស់ជាងគេ ក្នុងរយៈពេល ១៥ឆ្នាំមកនេះ ខណៈកាលពីដើមឆ្នាំមុន គ្រាប់ចន្ទីសើមមានតម្លៃចន្លោះពី ៤០០០រៀលទៅ ៤៦០០រៀលប៉ុណ្ណោះ។​

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមេសានេះថា ការឡើងថ្លៃនេះដោយសារសមាជិក សមាគមស្វាយចន្ទីកម្ពុជា បាននាំគ្នាហាលទុក តាមការអំពាវនាវរបស់សមាគម​ ស្របពេលដែលតម្លៃគ្រាប់ចន្ទីបានធ្លាក់ចុះខ្លាំង ក្នុងខែកុម្ភៈ និងដើមខែមីនា ដល់៤០០០រៀលក្នុងមួយគីឡូក្រាម ដែលធ្វើឲ្យលំហូរគ្រាប់ឆៅស្រស់ថយចុះយ៉ាងខ្លាំងលើទីផ្សារ។ ជាមួយគ្នានេះ ការនាំចេញទៅវៀតណាម នាខែកុម្ភៈធ្លាក់បានធ្លាក់ចុះរហូត ៣២% និងបន្តធ្លាក់ចុះនៅខែមីនាទៀត ដែលធ្វើឲ្យតម្លៃគ្រាប់ឆៅងើបឡើងវិញ នៅពាក់កណ្តាលខែមីនា ហើយឈានដល់ ៥០០០រៀល ក្នុងមួយគីឡូក្រាមក្នុងខែមេសានេះ។ សម្រាប់តម្លៃគ្រាប់ស្ងួតវិញជាមធ្យម ​១២០០ដុល្លារ​ក្នុង១តោន។

លោកបានបញ្ជាក់បន្ថែមថា <<ខែមេសា ឆ្នាំ២០២៤ យើងបានឃើញថាតម្លៃគ្រាប់ស្វាយចន្ទីឡើងខ្ពស់ជាងខែមេសានៃឆ្នាំទៅ ក្នុងរយៈពេល ១៥ឆ្នាំនេះ។ ជាធម្មតាស្វាយចន្ទី តែកាលណាធ្លាក់ថ្លៃហើយ គឺមិនដែលកើនឡើងវិញទេ ដោយសារសមាជិក សមាគមស្វាយចន្ទីកម្ពុជា បានស្តាប់តាមការអំពាវនាវរបស់សមាគម ​បាននាំគ្នាហាលទុក​ ហេតុនេះហើយទើបធ្វើឱ្យលំហូរគ្រាប់ឆៅ នៅលើទីផ្សារធ្លាក់ចុះយ៉ាងខ្លាំង ហើយការនាំចេញទៅវៀតណាម នាខែកុម្ភៈធ្លាក់បានធ្លាក់ចុះរហូត ៣២% និងបន្តធ្លាក់ចុះនៅខែមីនាទៀត អ៊ីចឹងហើយបានតម្លៃចាប់ផ្តើមងើបឡើងវិញ មកដល់ពេលនេះ។ យើងសង្ឃឹមថា គ្រាប់ចន្ទីស្ងួតនឹងអាចឡើងថ្លៃជាងបណ្តាឆ្នាំកន្លងទៅ ពីព្រោះបាតុភូតអែលនីណូ បានធ្វើឱ្យបណ្តាប្រទេសនៅអាស៊ី មិនអាចផលិតស្វាយចន្ទីបានទេ រួមទាំងវៀតណាម>>។

បើតាម​​ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ ៣ខែដើមឆ្នាំនេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបាន ៤៧៤ ០០០ តោន (៤សែន ៧ម៉ឺន ៤ពាន់តោន) ថយចុះ ១៧%។ ៣ខែនេះគ្រាប់ស្វាយចន្ទីនាំចេញទៅវៀតណាម មានចំនួន ៤២៤ ០០០ តោន (៤សែន ២ម៉ឺន៤ពាន់ តោន) ​ទទួលបានទឹកប្រាក់ ៥៤៣ លានដុល្លា៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...