អភិបាលស្រុកស្ទោង ណែនាំរដ្ឋបាលឃុំ ត្រូវធ្វើផែនការវិនិយោគឲ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងជាអាទិភាពរបស់ប្រជាពលរដ្ឋ

Posted By: RoogRog Robot | 19-Apr-2024 16:26:19

2024-04-19 03:20pm

(កំពង់ធំ)៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងពិធីដេញថ្លៃធ្វើផ្លូវក្រាលគ្រួសក្រហម ប្រវែង ៤,៥០០ម៉ែត្រ ស្ថិតនៅក្នុងសាលាឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាថវិកាមូលនិធិឃុំឆ្នាំ២០២៤។

លោកបានណែនាំដល់រដ្ឋបាលឃុំ ត្រូវធ្វើផែនការវិនិយោគរបស់ឃុំឲ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនិងជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសារផងដែរ។

លោកបានណែនាំដល់រដ្ឋបាលឃុំប្រឡាយ ត្រូវធ្វើការស្ដារប្រព័ន្ធរំដោះទឹក ស្តារប្រព័ន្ធប្រឡាយចាស់នានា ដើម្បីរំដោះការកក់ផ្ទះទឹកដែលបង្កឲ្យមានទឹកជំនន់ពិសេសដើម្បីយកមកប្រើប្រាស់ជាប្រព័ន្ធធារាសាស្ត្រ ក្នុងការស្រោចស្រពសម្រាប់កសិដ្ឋាន។

លោកបានណែនាំដល់ប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមថែរក្សាសមិទ្ធិផលសាធារណ: និងកុំរំលោភដីចំណីផ្លូវ ដែលនាំឲ្យផ្លូវឆាប់ខូច ក៏ដូចជាមានការកកស្ទះប្រព័ន្ធបង្ហូរទឹកផងដែរ។

លោកបានណែនាំដល់ម្ចាស់ក្រុមហ៊ុន ដែលជាអ្នកទទួលការ ត្រូវខិតខំធ្វើផ្លូវនេះប្រកបដោយគុណភាព តាមបទដ្ឋានបច្ចេកទេសហើយធានានូវការប្រើប្រាស់បានយូរអង្វែង គោរពនូវកិច្ចសន្យានិងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់ជាក់ស្ដែង ព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបានណែនាំដល់គណៈកម្មការលទ្ធកម្មឃុំក៏ដូចជា មន្ត្រីជំនាញពាក់ព័ន្ធត្រូវធ្វើការតាមដានត្រួតពិនិត្យជាប្រចាំរាល់សកម្មភាពសាងសង់របស់ក្រុមហ៊ុន និងអ្នកម៉ៅការដើម្បីធានាបាននូវការគោរពតាមកិច្ចសន្យា និងធានានូវគុណភាពផងដែរ។

គួរបញ្ជាក់ថា​ ផ្លូវដែលដាក់ឲ្យដេញថ្លៃនៅក្នុងឱកាសនេះមានប្រវែង ៤,៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ លូពីរកន្លែង និងតម្លៃដាក់ឲ្យដេញថ្លៃគឺ៥០០,៨១៤,៧០៩ រៀល ហើយ ក្រុមហ៊ុន ម៉េង ឆេងគ្រុប ដែលជាអ្នកដេញថ្លៃឈ្នះគឺតម្លៃ១៥០,០០០,០០០រៀល៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...