គ.ជ.ប៖ ពាក្យបណ្ដឹងអនាមិកពុំត្រូវបានចាត់ទុកជាពាក្យបណ្តឹងស្របច្បាប់ និងមិនត្រូវលើកយកមកដោះស្រាយនោះទេ

Posted By: RoogRog Robot | 19-Apr-2024 13:18:32

2024-04-19 12:14pm

(ភ្នំពេញ)៖ លោក ហេង ស៊ីឡេង សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ពាក្យបណ្ដឹងអនាមិកពុំត្រូវបានចាត់ទុកជាពាក្យបណ្តឹងស្របច្បាប់ និងមិនត្រូវលើកយកមកដោះស្រាយនោះទេ។ សេចក្ដីសម្រេចរបស់ គ.ជ.ប ជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា។

ការបញ្ជាក់បែបនេះរបស់ លោក ហេង ស៊ីឡេង បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការរៀបចំបញ្ជីបោះឆ្នោតដំបូង, ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង, ការប្តឹងតវ៉ា ឬប្ដឹងជំទាស់ និងការដោះស្រាយពាក្យបណ្តឹង លើបញ្ជីបោះឆ្នោតដំបូង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានឱ្យដឹងថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺដើម្បីបម្រើគោលដៅនៃការពិនិត្យកែតម្រូវតាមរយៈការប្ដឹងតវ៉ា ឬការប្តឹងជំទាស់ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូង ដោយត្រូវអនុវត្តនីតិវិធី និងដំណាក់កាលនៃបណ្តឹងដូចខាងក្រោម៖

*ការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់

-ការប្ដឹងតវ៉ា៖ ពាក្យបណ្ដឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ឬមិនត្រឹមត្រូវ ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃក្រុង ស្រុក ខណ្ឌផ្សេង

-ការប្ដឹងជំទាស់៖ ពាក្យបណ្ដឹងជំទាស់អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ដែលមា នឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ជាជនដែលពុំមានសិទ្ធិបោះឆ្នោតដោយមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងមុខតំ ណែងនៅក្នុងក្របខណ្ឌនៃ ក្រុ ង ស្រុកខណ្ឌនីមួយៗ និងករណីដែលអ្នកបោះឆ្នោតមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែងជាដើម។

ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្ដឹងជំទាស់ជាលាយលក្ខណ៍អក្ស រ តាមពាក្យបណ្ដឹង (ទ.១២០២) ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូងតាមឋានានុក្រមទៅ គធ.ខ ប និង គ.ជ.ប តាមដំណាក់កាល នីតិវិធី និងពេលវេលានៃការដាក់ និងការទទួលពា ក្យបណ្ដឹង។ ពាក្យបណ្ដឹងត្រូវមានបញ្ជាក់នូវព័ត៌មានចាំបាច់មួយចំនួន ដូចខាងក្រោម៖

-ទី១៖ ឈ្មោះ និងអាសយដ្ឋានរបស់អ្នកប្ដឹង ឬតំណាង-ទី២៖ កម្មវត្ថុនៃពាក្យបណ្ដឹង និងការគោរពរយៈពេលកំណត់នៃការដាក់ពាក្យបណ្តឹង ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។

លោក ហេង ស៉ីឡេង បានបន្ថែមថា ការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូងត្រូវធ្វើនៅ គធ.ខប ក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ ថ្ងៃចុងក្រោយនៃការទទួលពាក្យបណ្តឹង គឺនៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៤។ បន្ទាប់ពីបានទទួលពាក្យបណ្ដឹង គធ.ខប ត្រូវចាត់ចែងដោះស្រាយលើពាក្យបណ្ដឹងនោះ ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ។

ទន្ទឹមនឹងនេះដែរ លោកបានបន្តថា ករណីអ្នកប្ដឹង ឬតំណាង មិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់គធ.ខប សាមីខ្លួន ឬ តំណាងអាចប្ដឹងបន្តទៅកាន់ គ.ជ.ប ក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹ ង ឬសម្រង់សេចក្ដីសម្រេច (ទ.១២០៣) របស់ គធ.ខប។ បន្ទាប់ពីបានទទួលពាក្យបណ្ដឹង គ.ជ.ប ត្រូវចាត់ចែងដោះស្រាយលើពាក្យបណ្ដឹងនោះក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ។ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងត្រូវអនុវត្តតាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...