ក្រសួងការងារ ប្រមូលធាតុចូលពី អង្គការអន្តរជាតិ ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានស្តង់ដារអន្តរជាតិ

Posted By: RoogRog Robot | 19-Apr-2024 13:07:00

2024-04-19 12:02pm

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំប្រមូលធាតុចូលពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធានាគារពិភពលោក (World Bank) ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានលក្ខណៈស្តង់ដារអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការ ក្រសួងការងារ អ្នកជំនាញមកពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធានាគារពិភពលោក (World Bank) បានធ្វើបង្ហាញអំពីនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករ ការស្ទង់មតិកម្មករនិយោជិតនិងកិច្ចសហការ និងការពិភាក្សាជាមួយនិយោជក ដើម្បីសាងសង់ទារកដ្ឋានសហគមន៍ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ។

ក្រោយទស្សនាបទបង្ហាញ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះការចែករំលែកបទបង្ហាញនៃការរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករ កម្មការិនីរោងចក្រកាត់ដេរ ដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធានាគារពិភពលោក ដែលជាធាតុចូលយ៉ាងសំខាន់លើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នាពេលខាងមុខ។

ចំពោះកិច្ចការងារនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងពាក់ព័ន្ធបានដាក់ចេញនៅនិតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ក្នុងការបង្កើតទារកដ្ឋានសហគមន៍ ក្នុងនោះក្រសួងការងារបានជជែកពិភាក្សាជាមួយនិយោជកនៃរោងចក្រ សហគ្រាសមួយចំនួនរួចមកហើយទាក់ទងនឹងការជួយ ជ្រោមជ្រែងលើកិច្ចការងារបង្កើតទារកដ្ឋានសហគមន៍នេះ។

គូសបញ្ជាក់ផងដែរថា ការរៀបចំឱ្យមានទារកដ្ឋានសហគមន៍សម្រាប់កម្មករនេះ គឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ទាំងដប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...