សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្ថានភាពបែកបាក់ និងសង្គ្រាមពីអតីតកាល នាំឱ្យកម្ពុជាមាននាយទាហានច្រើន (Video inside)

Posted By: RoogRog Robot | 19-Apr-2024 12:15:37

2024-04-19 11:12am

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ស្ថានភាពបែកបាក់ និងសង្គ្រាមពីអតីតកាល ក្លាយជាហេតុនាំឱ្យកម្ពុជាមាននាយទាហានច្រើន ព្រោះដើម្បីបញ្ចប់សង្គ្រាម ក៏មានការចូលសមាហរណកម្ម រៀបចំបង្កើត និងការថែរក្សាកម្លាំង។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ក៏បានលើកឡើងពីបំណងធ្វើឱ្យមានតុល្យភាពរវាងនាយទាហាន និងពលទាហាន នាពេលអនាគត។ បើតាមការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបញ្ចូលពលទាហាន ទៅថ្ងៃក្រោយ ប្រហែលមួយភាគធំ សម្រាប់ពលទាហាន ត្រូវចូលតាមច្រកកាតព្វកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា <<នៅយើងគេសួរថា ហេតុអីបានជានាយទាហានច្រើន? ខ្ញុំថា បើមើលប្រវត្តិកម្ពុជា ប្រហែលជាអស់លោកបានយល់ នាយទាហានកម្ពុជាបច្ចុប្បន្នភាគច្រើន សុទ្ធតែអ្នកដែលចូលរួមនៅក្នុងកាលៈទេសៈ ដែលយើងមានសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម យើងមានការចូលសមាហរណកម្ម យើងបានរៀបចំបង្កើត ការថែរក្សាកម្លាំង ប៉ុន្តែវាមិនបានធ្វើឱ្យកម្ពុជា បាត់បង់នូវសមត្ថភាពកម្ពុជា ជាការដោះស្រាយ ដែលយើងធ្វើបាន ប៉ុន្តែទៅថ្ងៃមុខ ការដឹកនាំបញ្ជា យើងត្រូវធ្វើឱ្យមានតុល្យភាព (នាយទាហាន និងពលទាហាន) ដើម្បីធ្វើយ៉ាងណាងាយស្រួលក្នុងការរៀបចំ>>។

សម្តេចធិបតី បានបន្តថា <<អ្នកកាន់យោធភូមិភាគ កងពល អាចយល់ហើយ ថាហេតុអ្វីនៅកន្លែងខ្លះថ្នាក់ <<ក>> យើងអត់សូវមាន តែនៅទីបញ្ជាការខាងលើមានច្រើន? ដោយសារស័ក្តិ យើងរៀបអត់ត្រូវ។ យើងមានច្រើន តែបើយើងរុញនាយទាហាន ទៅជាយុទ្ធជន វាអត់ត្រូវ អីចឹងត្រូវបង្កើនយុទ្ធជនឱ្យបានច្រើន។ បង្កើតសមមាត្រ នាយទាហានរង ពលទាហាន និងពលទាហាន ដើម្បីទៅអនាគត ជាពិសេសអង្គភាពប្រយុទ្ធនៅខាងមុខ ត្រូវធ្វើយ៉ាងណាបំពេញឱ្យពលទាហាន ឱ្យច្រើនជាងគេ តម្លើងឋានន្តរស័ក្តិ ដើម្បីធ្វើយ៉ាងណា តាមក្រឹត្យក្រមទៅ>>។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា កិច្ចការការពារជាតិ ជាកិច្ចការត្រូវធ្វើជាប់ជាប្រចាំ ហើយកងកម្លាំងជាកម្លាំងស្នូលលើកិច្ចការការពារជាតិ។ ជាមួយគ្នានេះ ការជ្រើសរើសតែងតាំងដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តត្រឹមត្រូវតាមគោលការណ៍ <<គុណាធិបតេយ្យ>> ដោយផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានថ្លែងថា ការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទត្រូវអនុវត្ត និង ប្រកាន់ខ្ជាប់នូវអភិក្រម <<ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់>>។ មេបញ្ជាការគ្រប់ថ្នាក់ ត្រូវមានវិធានការចាត់តាំងផ្សព្វផ្សាយ គ្រប់គ្រង ស្តាប់ឲ្យជាប់នូវសតិអារម្មណ៍យោធិន ដើម្បីធ្វើការកែតម្រូវទាន់ពេលវេលា៕










































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...