អភិបាលខេត្តកំពត អញ្ជើញចូលរួមបញ្ចុះបឋមសិលាសាងសង់ប្រាសាទលោកយាយម៉ៅ នៅលើកំពូលភ្នំទ្វារ ក្នុងស្រុកដងទង់ ខេត្តកំពត

Posted By: RoogRog Robot | 18-Apr-2024 18:47:59

2024-04-18 05:42pm

(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានចូលរួមបញ្ចុះបឋមសិលាសាងសង់ប្រាសាទលោកយាយម៉ៅ នៅលើកំពូលភ្នំទ្វារ ទល់មុខខ្ទមអាស្រមលោកយាយម៉ៅចាស់ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

នៅក្នុងពិធីនោះ លោក ម៉ៅ ធនិន បានលើកឡើងថា កន្លងមក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលធ្វើដំណើរមកលេងខេត្តកំពត តែងតែឈប់ និងចុះដើរចូលទៅអាស្រមបារមីលោកយាយម៉ៅ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងសុវត្ថិភាពតាមផ្លូវ។ ដោយសារតែទីតាំងអាស្រមនៅខាងឆ្វេងដៃ តម្រូវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវនាំគ្នាដើរឆ្លងផ្លូវ ដែលអាចបង្កឲ្យមានការកក់ស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍កើកឡើងជាយថាហេតុ។ ដើម្បីបញ្ចៀសបញ្ហាទាំងនេះ ទើបរដ្ឋបាលខេត្តមានគំនិតផ្តួចផ្តើមសាងសង់ប្រាសាទថ្មីជូនលោកយាយម៉ៅ នៅលើកំពូលភ្នំទ្វារនេះវិញ។

លោកអភិបាល បានបន្តថា នៅក្នុងគម្រោងមានស្ថាបនាផ្លូវឡើងសម្រាប់រថយន្តផង និងផ្លូវជណ្តើរកាច់ចំពីមុខភ្នំ ដោយរៀបជាថ្នាក់ៗ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋលក់គ្រឿងសក្ការបូជា រៀបចំណតរថយន្តទាំងផ្នែកខាងក្រោម និងខាងលើភ្នំ រៀបចំសាងសង់បន្ទប់ទឹក និងបំពាក់ភ្លើងបំភ្លឺផ្លូវ និងភ្លើងលម្អប្រសាទលោកយាយម៉ៅផងដែរ។ ការសាងសង់នេះ គឺដើម្បីលើកកម្ពស់ដល់ជំនឿសាសនាផង ដើម្បីទាក់ទាញទេសចរណ៍ផង ព្រោះពីទីតាំងប្រាសាទលោកយាយម៉ៅ គេអាចមើលឃើញវាលស្រែចំការ ភូមិឋានពលរដ្ឋ និងជួរភ្នំនានានៅក្នុងខេត្តកំពត។ ដូច្នេះប្រាសាទលោកយ៉ាងម៉ៅ មិនត្រឹមតែជាទីសម្រាប់គោរពបូរជា និងបួងសួងសុំសេចក្តីសុខប៉ុណ្ណោះទេ ថែមទាំងអាចក្លាយទៅជាតំបន់ទេសចរណ៍សាសនាមួយរបស់ខេត្តផងដែរ។ ដោយឡែកចំពោះថវិកាសាងសង់ប្រាសាទលោកយាយម៉ៅ គឺលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ជាអ្នកជួយឧបត្ថម្ភ៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...