កម្ពុជាកំពុងខិតខំចរចា កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសជាដៃគូចំនួន ៧ទៀត

Posted By: RoogRog Robot | 18-Apr-2024 16:06:25

2024-04-18 03:02pm

(ភ្នំពេញ)៖ កិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) មិនគ្រាន់តែបង្កើតឡើង ដើម្បីចៀសវាងការយកពន្ធត្រួតគ្នាប៉ុណ្ណោះទេ តែកិច្ចព្រមព្រៀងនេះ បាននិងកំពុងដើរតួនាទីដ៏សំខាន់ ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិ។

ក្នុងន័យនេះ DTA បានផ្តល់ទំនុកចិត្ត និងភាពប្រាកដប្រជាដល់វិនិយោគិនបរទេស តាមរយៈអត្ថប្រយោជន៍ជាច្រើន ដែលមានជាអាទិ៍ ផ្តល់វិធានការច្បាស់លាស់ ក្នុងការកំណត់សិទ្ធិយកពន្ធ រវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង បន្ធូរបន្ថយលើការអនុវត្ត ចំពោះប្រភេទពន្ធមួយចំនួន ទប់ស្កាត់ ឬលុបបំបាត់ការរើសអើងពន្ធ រវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ផ្តល់យន្តការដោះស្រាយវិវាទសារពើពន្ធ និងយន្តការផ្លាស់ប្តូរព័ត៌មាន រវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង ដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធជាដើម។

បើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ កំពុងខិតខំប្រឹងប្រែងចរចាកិច្ចព្រមព្រៀង DTA ជាមួយរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសជាដៃគូចំនួន ៧ទៀតរួមមាន ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា អេមីរ៉ាតអារ៉ាប់រួម ជប៉ុន ម៉ារ៉ុក និងបារាំង។

គួរបញ្ចាក់ផងដែរថា បច្ចុប្បន្នកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា ​(DTA) រវាងកម្ពុជាជាមួយប្រទេស ដែលជាយុត្តាធិការដៃគូចំនួន ១១ ដែលមានប្រសិទ្ធភាពអនុវត្តរួមមាន សិង្ហបុរី ចិន ថៃ ព្រុយណេ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។

ចំពោះនិវាសនជននៃប្រទេស ដែលបានចុះកិច្ចព្រមព្រៀង ត្រូវដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណសម្បត្តិជាមុន មកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានអត្ថប្រយោជន៍ពី DTA៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...