ក្រុមហ៊ុន Apple ពិចារណាសាងសង់រោងចក្រនៅប្រទេសឥណ្ឌូណេស៊ី

Posted By: RoogRog Robot | 17-Apr-2024 21:42:08

2024-04-17 08:36pm

(ហ្សាការតា)៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple បានឱ្យដឹងនៅថ្ងៃពុធថា ក្រុមហ៊ុននឹងពិនិត្យមើលលទ្ធភាពសាងសង់រោងចក្រនៅក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីជួបជាមួយលោកប្រធានាធិបតី Joko Widodo (Jokowi) ដែលសង្ឃឹមថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះនឹងបង្កើនការប្រើប្រាស់គ្រឿងបង្គុំក្នុងស្រុករបស់ខ្លួនតាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានមកដល់ទីក្រុងហ្សាការតាកាលពីថ្ងៃអង្គារបន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ គាត់បានជួបជាមួយលោក Jokowi ហើយអ្នកទាំងពីរនឹងសម្ពោធសាលាបណ្តុះបណ្តាលអ្នកអភិវឌ្ឍន៍កម្មវិធីទីបួនរបស់ខ្លួននៅលើកោះបាលី។លោក Cook ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានខណៈថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា៖ <<យើងបាននិយាយអំពីបំណងប្រាថ្នារបស់លោកប្រធានាធិបតីដែលចង់ឱ្យមានរោងចក្រផលិតនៅក្នុងប្រទេស ហើយវាគឺជាអ្វីដែលយើងនឹងពិនិត្យមើល>>។

ក្រុមហ៊ុន Apple មិនមានរោងចក្រផលិតកម្មនៅក្នុងប្រទេសឥណ្ឌូណេស៊ីទេ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុនបាននិងកំពុងបង្កើតកម្មវិធីសិក្សាអ្នកអភិវឌ្ឍន៍កម្មវិធី ដែលរួមទាំងសាលាថ្មីតម្លៃសរុប ១,៦ពាន់ពាន់លានរូពៀ (៩៩លានដុល្លារអាមេរិក) ដែលនឹងត្រូវសម្ពោធនេះផងដែរ។

រដ្ឋមន្ត្រីឧស្សាហកម្មរបស់ប្រទេសឥណ្ឌូនេស៊ីលោក Agus Gumiwang Kartassmita ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរបានប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើក្រុមហ៊ុន Apple សម្រេចចិត្តសាងសង់រោងចក្រផលិតកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី រោងចក្រនេះនឹងមានសមត្ថភាពផលិតសម្រាប់ការនាំចេញ។

លោកបានមានប្រសាសន៍ថា៖ <<យើងនឹងពិភាក្សាអំពីរបៀបដែលរោងចក្ររបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌូណេស៊ីអាចក្លាយជាខ្សែច្រវាក់ផ្គត់ផ្គង់សកល>>។ លោករដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលបាននិយាយថា ទោះបីជាក្រុមហ៊ុន Apple មិនសាងសង់រោងចក្រក៏ដោយ ក៏ក្រុមហ៊ុននេះអាចចាប់ដៃគូជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ី ដើម្បីទទួលបានគ្រឿងបង្គុំផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...