ទេសរដ្ឋមន្ត្រី គន់ គីម ប្រគល់ភារកិច្ច ៣ចំណុច ជូនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ

Posted By: RoogRog Robot | 17-Apr-2024 21:24:18

2024-04-17 08:17pm

(កំពង់ធំ)៖ ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនលោក ងួន រតនៈ អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ទជន និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

លោក ងួន រតនៈ បានរាយការណ៍អំពីកិច្ចការងារមួយចំនួនដែលពាក់ព័ន្ធនឹងការគ្រប់គ្រង និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ ក្នុងនោះមានការដោះស្រាយដីធ្លី ការរៀបចំសាងសង់ផ្ទះ ជូនបងប្អូនអតីតយុទ្ធជន និងបានចលនាតាមបណ្ដាមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុក ក្នុងការដោះស្រាយគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងពេលកន្លងមកថ្មីៗនេះផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណចំពោះលោក ងួន រតនៈអភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលកន្លងមកបានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការជួយដោះស្រាយបញ្ហាដីធ្លី សម្រាប់ត្រៀមផ្ដល់ជូនបងប្អូនអតីតយុទ្ធជននៅពេលខាងមុខទៀត ព្រមទាំងបានចលនា មន្ទីរ អង្គភាពរដ្ឋបាលក្រុង ស្រុក ជួយដោះស្រាយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនបងប្អូនអតីតយុទ្ធជនយើង ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយា ស្រុកសន្ទុក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។

ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណចំពោះអភិបាលខេត្ត និងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានរួមគ្នាសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន បានល្អប្រសើរ ។

ទេសរដ្ឋមន្ត្រី គន់ គីម បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនមានជាអាទិ៍ ៖

១៖ ត្រូវយកចិត្តទុកដាក់រៀបចំដីធ្លីសម្រាប់សាងសង់ផ្ទះ និងផ្ដល់ជូនបងប្អូនអតីតយុទ្ធជនបន្តទៀត ។

២៖ ត្រូវខិតខំដោះ ស្រាយរកដី ដើម្បីសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ងាយស្រួលក្នុងការបម្រើនិរន្តរភាពការងារ ។

៣៖ បន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ឱ្យបានល្អប្រសើរបន្ថែមទៀត៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...