អគ្គលេខាធិការអាស៊ាន ជួបបាយការងារជាមួយទូតជប៉ុនប្រចាំអាស៊ាន និងទទួលសារតាំងពីទូតថៃថ្មីប្រចាំអាស៊ាន

Posted By: RoogRog Robot | 17-Apr-2024 20:04:36

2024-04-17 06:58pm

(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញពិសាបាយការងារថ្ងៃត្រង់រៀបចំដោយ ឯកឧត្តម Kiya Masahiko ឯកអគ្គរាជទូតជប៉ុន ប្រចាំអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-ជប៉ុន ជាពិសេស តាមដានលទ្ធផលនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ អាស៊ាន-ជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣។

ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការត្រៀមសម្រាប់ការចូលរួមរបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (OECD) នៅដើមខែឧសភា នៅប្រទេសបារាំង តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន និងអគ្គលេខាធិការ OECD ព្រមទាំង ការត្រៀមសម្រាប់ទស្សនកិច្ចការងាររបស់លោកបណ្ឌិត កៅ គឹមហួន ទៅប្រទេសជប៉ុន នៅខែឧសភា ខាងមុខ។

នៅរសៀលថ្ងៃដដែលលោកស្រី Phantipha Iamsudha Ekarohit តំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រថៃ ប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងជំនួបសំដែងការគួរសម ដែលបានប្រព្រឹត្តទៅក្រោយពិធីជូនសារតាំងលោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរលោកស្រីឯកអគ្គរាជទូត និងបានបញ្ជាក់សាជាថ្មី ពីការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវឯកអគ្គរាជទូត និងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសថៃប្រចាំអាស៊ាន ដើម្បីជួយគាំទ្រដល់កិច្ចការរបស់អាស៊ាន ឆ្ពោះទៅសំរេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥។

លោកអគ្គលេខាធិការអាស៊ាន បានសំដែងនូវអំណរគុណចំពោះប្រទេសថៃ សម្រាប់ការចូលរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ជាពិសេសក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន។

លោកក៏បានទទួលស្គាល់ពីតួនាទីរបស់ប្រទេសថៃ ដែលជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលឧត្តមភាពអាស៊ានមួយចំនួន ហើយសង្ឃឹមថា មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) នឹងដំណើរការក្នុងពេលឆាប់ៗខាងមុខ។

លោកបណ្ឌិត កៅ គឹមហួន ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃ គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) នៅក្នុងការងាររបស់អាស៊ាន និងបានថ្លែងអំណរគុណប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសថៃ សម្រាប់ការបន្តគាំទ្រដល់ការពង្រឹងលេខាធិការដ្ឋានអាស៊ាន។

លោកស្រី Phantipha Iamsudha Ekarohit គឺជាតំណាងអចិន្ត្រៃយ៍ទី៧ របស់ប្រទេសថៃ ប្រចាំអាស៊ាន ចាប់តាំងពី CPR ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...