ចំណេះដឹងទូទៅ៖ នាយករដ្ឋមន្ត្រីថៃទាំង៣៨រូប (ភាគ១)

Posted By: RoogRog Robot | 17-Apr-2024 19:07:59

2024-04-17 06:00pm

(បាងកក)៖ ចាប់ពីបដិវត្តសៀមឆ្នាំ១៩៣២ រាជាណាចក្រស្យាម ឬប្រទេសសៀមបានប្ដូររបបពីរាជានិយមផ្ដាច់ការមកប្រកាន់របបរាជានិយមអាស្រ័យសភាវិញ។ ចាប់ពីឆ្នាំ១៩៣២រហូតដល់ឆ្នាំ២០២៤នេះ ប្រទេសសៀម ឬប្រទេសថៃបច្ចុប្បន្នមាននាយរដ្ឋមន្ត្រីដឹកនាំប្រទេសចំនួន រូបហើយ ដោយខ្លះកើតចេញពីការបោះឆ្នោត និងខ្លះទៀតកើតចេញពីការធ្វើរដ្ឋប្រហារ ហើយខ្លះទៀតជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន និងនាយករដ្ឋមន្ត្រីស្ដីទីចុងអាណត្តិ។ ប្រទេសនេះក៏ល្បីឈ្មោះខាងធ្វើរដ្ឋប្រហារញឹកញាប់ជាងគេដែរ។


ខាងក្រោមនេះជាឈ្មោះនាយករដ្ឋមន្ត្រីថៃទី១-១០៖


* នាយករដ្ឋមន្ត្រីទី១ គឺព្រះពញាមនោបករណ៍និតិធាតា (Phraya Manopakorn Nitithada) កាន់តំណែងចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៣២ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៣៣ (រយៈពេល៣៥៨ថ្ងៃ)។ ព្រះពញាមនោបករណ៍និតិធាតា ជាបក្ខជនមកពីគណបក្សឯករាជ្យ ដែលបានឡើងកាន់អំណាចបន្ទាប់ពីបដិវត្តសៀមឆ្នាំ១៩៣២។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅប្រជាធិបុក (Prajadhipok) ឬព្រះចៅរាមាទី៧។


* នាយករដ្ឋមន្ត្រីទី២ គឺព្រះពញាពហលពលពយុហសេនា (Phahonphonphayuhasena) កាន់តំណែងចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៣២ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៣៨ (រយៈពេល៥ឆ្នាំ និង១៧៨ថ្ងៃ)។ ព្រះពញាពហលពលពយុហសេនា គឺជាមេបញ្ជាការកងទ័ពភូមិន្ទសៀម មានគោរមងារជា <<មហាសេនាបតី>> ក្រោយបដិវត្តសៀមឆ្នាំ១៩៣២ កងទ័ពភូមិន្ទសៀមក៏បានបង្កើតឱ្យមានគណបក្សនយោបាយមួយដើម្បីចូលរួមក្នុងការបោះឆ្នោត ដែលមានឈ្មោះថា គណបក្សរាស្ត្រសាទរ ឬគណៈរាស្ត្រសាទរ (Khana Ratsadon ឬ People's Party)។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅប្រជាធិបុក (Prajadhipok) ឬព្រះចៅរាមាទី៧ និងបន្តដល់រជ្ជកាលព្រះចៅអនន្ទមហិធរ (Anada Mahidol) ឬព្រះចៅរាមាទី៨។


* នាយករដ្ឋមន្ត្រីទី៣ គឺសេនាប្រមុខ ប្លែក វិបុលសង្គ្រាម (Plaek Phibunsongkhram) កាន់តំណែងចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៣៨ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៤៤ (រយៈពេល៥ឆ្នាំ និង២២៩ថ្ងៃ)។ គណបក្សនយោបាយរបស់លោក គឺគណបក្សរាស្ត្រសាទរ (People's Party)។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅអនន្ទមហិធរ (Anada Mahidol) ឬព្រះចៅរាមាទី៨។


* នាយករដ្ឋមន្ត្រីទី៤ គឺលោក ខួង អភ័យវង្ស (Khuang Aphaiwong) កាន់តំណែងចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ១៩៤៤ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៤៥ (រយៈពេល១ឆ្នាំនិង៣០ថ្ងៃ)។ ដូនតារបស់ អភ័យវង្ស គឺមានឈរជ័រជាជនជាតិខ្មែរ ដោយកាលពីសម័យឧដុង្គ ដូនតារបស់លោកជាឧត្តមមន្ត្រីមួយរូបដែលមានឈ្មោះថា ឧកញ៉ាចក្រី បែន មានទំនោរខាងសៀម។ មន្ត្រីខ្មែរក្បត់រូបនេះបានជួយមេទ័ពសៀម ចក្រីដួង (អនាគតជាស្ដេចរាមាទី១) វាយកាន់កាប់រាជធានីឧដុង្គរបស់ខ្មែរបានសម្រេច ហើយឧកញ៉ាចក្រី ប៉ែន ក៏ត្រូវបានរាជវាំងក្រុងរតនកោសិន្ទ្រប្រទានគោរមងារថ្មីថា ចៅពញាអភ័យវង្ស និងទទួលបានការតែងតាំងជាចៅហ្វាយខេត្តបាត់ដំបង (សៀមហៅ ព្រះដំបង) គ្រប់គ្រងលើមណ្ឌលបូព៌ារបស់សៀមតាំងពីឆ្នាំ១៧៩៥មក។ ប៉ុន្តែក្រោយពេលបារាំងទាមទារខេត្តធំៗទាំង៤ពីសៀមមកឱ្យខ្មែរវិញ (បាត់ដំបង សៀមរាប សិរីសោភ័ណ និងចុងកាល់) ជាថ្នូរនឹងការដោះដូរជាមួយខេត្តត្រាច (ជាប់សមុទ្រ) និងតំបន់ប៉ាក់សេ (ជាប់ឡាវ) នាឆ្នាំ១៩០៧នោះមក គ្រួសារត្រកូលអភ័យវង្សដែលណោះដល់ជំនាន់ ឈុំ អភ័យវង្ស ឬកថាថន ឈុំ ក៏បានផ្លាស់ប្ដូរទីលំនៅទៅកាន់ខេត្តចន្ទបុរី ប្រទេសថៃវិញ ហើយរស់នៅទីនោះរហូតរៀងមក។


* នាយករដ្ឋមន្ត្រីទី៥ គឺលោក ទវី បុណ្យកេតុ (Thawi Bunyaket) កាន់តំណែងចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៤៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៤៥ (រយៈពេល១៧ថ្ងៃ)។ គណបក្សនយោបាយរបស់លោក គឺគណបក្សរាស្ត្រសាទរ (People's Party)។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅអនន្ទមហិធរ (Anada Mahidol) ឬព្រះចៅរាមាទី៨។


* នាយករដ្ឋមន្ត្រីទី៦ គឺហ្មមរាជវង្ស​ សេនីយ៍ ប្រមោជ (Seni Pramoj) កាន់តំណែងចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៤៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៤៦ (រយៈពេល១៣៦ថ្ងៃ)។ នាយករដ្ឋមន្ត្រីរូបនេះមកពីក្រុមចលនាថៃសេរី (Free Thai Movement)។ អំឡុងពេលកាន់តំណែងរបស់លោក គឺក្នុងរជ្ជកាលព្រះចៅអនន្ទមហិធរ (Anada Mahidol) ឬព្រះចៅរាមាទី៨។


* នាយករដ្ឋមន្ត្រីទី៧ គឺលោក ខួង អភ័យវង្ស (Khuang Aphaiwong) កាន់តំណែងលើកទី២ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៤៦ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៤៦ (រយៈពេល៥២ថ្ងៃ)។ គណបក្សនយោបាយរបស់លោក គឺគណបក្សឯករាជ្យ ដែលជាគណបក្សដើមរបស់គណបក្សប្រជាធិបតេយ្យនៅប្រទេសថៃបច្ចុប្បន្ន។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅអនន្ទមហិធរ (Anada Mahidol) ឬព្រះចៅរាមាទី៨។


* នាយករដ្ឋមន្ត្រីទី៨ គឺលោក ព្រឹទ្ធិ ភ្នំយង្គ (Pridi Banomyong) កាន់តំណែងចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៤៦ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៤៦ (រយៈពេល៥២ថ្ងៃ)។ លោកក៏មកពីក្រុមចលនាថៃសេរីដូច សេនីយ៍ ប្រមោជ ដែរ។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅអនន្ទមហិធរ (Anada Mahidol) ឬព្រះចៅរាមាទី៨។


* នាយករដ្ឋមន្ត្រីទី៩ គឺលោក ថ្វ័ល្យ ទម្រង់នាវាស្វស្ដី (Thawan Thamrongnawasawat) កាន់តំណែងចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៤៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៧ (រយៈពេល១ឆ្នាំនិង៧៩ថ្ងៃ)។ គណបក្សនយោបាយរបស់លោក គឺគណបក្សរាស្ត្រសាទរ (People's Party) របស់ពួកយោធា។ អំឡុងពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺក្នុងរជ្ជកាលព្រះចៅអនន្ទមហិធរ (Anada Mahidol) ឬព្រះចៅរាមាទី៨។


* នាយករដ្ឋមន្ត្រីទី១០ គឺលោក ភិន ជល្ហវ័ន (Phin Choonhavan) លោកគឺជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន កាន់តំណែងចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៧ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៤៧ ពោលបានរយៈពេល២ថ្ងៃប៉ុណ្ណោះ។

សូមរង់ចាំអានបន្តនៅភាគ២!


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...